ជាតិ
ប៉ាណូផ្សព្វផ្សាយពីសម្ដេច ហ៊ុន ម៉ាណែត នៅអាម៉េរិក៖ អ្នកនាំពាក្យបដិសេធថា រដ្ឋាភិបាលមិនពាក់ព័ន្ធករណីនេះទេ
26, Sep 2023 , 10:27 am        
រូបភាព
ផ្ទុះការចាប់អារម្មណ៍ពីករណីផ្សព្វផ្សាយរូបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូមួយ នៅតំបន់ Times Square នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ។ ប៉ាណូរូបសម្ដេច ហ៊ុន ម៉ាណែត បានលេចរូបរាងឡើង នាអំឡុងពេលដែលប្រមុខរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UNGA78) ចាប់ពីថ្ងៃទី២១ ដល់២៥ កញ្ញា។



រូបភាពសម្ដេច ហ៊ុន ម៉ាណែត នៅលើប៉ាណូនេះ បានក្លាយជាប្រធានបទថ្មីមួយទៀត សម្រាប់អ្នកមិនពេញចិត្តរដ្ឋាភិបាល រិះគន់ថា រដ្ឋចំណាយថវិកាខ្ជះខ្ជាយ និងអត់ប្រយោជន៍ សម្រាប់ការផ្សព្វផ្សាយនេះ។ ឆ្លើយតបការរិះគន់នេះ អ្នកនាំពាក្យរដ្ឋាភិបាល បានចេញមុខបកស្រាយវិញថា រដ្ឋាភិបាល មិនពាក់ព័ន្ធការផ្សព្វផ្សាយនេះឡើយ។
 
អ្នកនាំពាក្យរដ្ឋាភិបាល បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ កាលពីថ្ងៃទី២៥ កញ្ញាថា ការរៀបចំផ្សព្វផ្សាយពាណិជ្ជកម្មរូបសម្ដេច ហ៊ុន ម៉ាណែត លើផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរដ្ឋាភិបាលកម្ពុជា ហើយក៏មិនមានការចំណាយថវិការបស់រដ្ឋដែរ។
 
អ្នកនាំពាក្យ បកស្រាយទៀតថា ការផ្សព្វផ្សាយនេះ គឺជាមនោសញ្ចេតនា ទឹកចិត្តស្រលាញ់ និងគាំទ្ររបស់ពលរដ្ឋខ្មែរ រស់នៅអាម៉េរិក និងកាណាដា ចំពោះសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជាប៉ុណ្ណោះ។ «ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរយើងនៅសហរដ្ឋអាម៉េរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ ឬផ្សព្វផ្សាយតាមBillboard នោះដែរ»។ នេះជាការអះអាងរបស់អ្នកនាំពាក្យ ដែលចាត់ទុកការរិះគន់លើរដ្ឋាភិបាលជុំវិញករណីផ្ទាំងប៉ាណូនេះ ជាការចោទប្រកាន់ដោយគ្មានអំណះអំណាងច្បាស់លាស់ ដោយផ្ទុយពីការពិត ក្នុងគោលបំណងកេងចំណេញនយោបាយ និងបំភ័ន្តសាធារណៈមតិ។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ចេញមុខមាត់ពលរដ្ឋខ្មែរម្នាក់រស់នៅអាម៉េរិក ដែលមានឈ្មោះថា David Soth គឺជាអ្នកសម្របសម្រួលជាមួយនឹងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬ ផ្សាយពាណិជ្ជកម្មតាម billboard ) ដើម្បីផ្សព្វផ្សាយអំពីរូបភាពសម្ដេច ដែលជាការស្វាគមន៍ ដល់វត្តមានប្រមុខរដ្ឋាភិបាលនៅអាម៉េរិក។
 
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា រូបភាពនៅលើផ្ទាំងប៉ាណូពាណិជ្ជកម្ម តាមតំបន់សំខាន់ៗមួយចំនួននៅទីក្រុងញូយ៉ក ជាពិសេសនៅ Time Square គឺមិនចំណាយថវិកានោះទេ តាមរយៈការសម្របសម្រួលរបស់លោក David Soth ជាមួយក្រុមហ៊ុន។ 
 
«នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ប្អូន សម្រាប់រូបខ្ញុំផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬ ផ្សាយពាណិជ្ជកម្មតាម billboard) ដែលបានជួយផ្សាយដោយឥតគិតថ្លៃចំពោះសារស្វាគមន៍នេះ»។ នេះបើតាមសំណេររបស់ប្រមុខរដ្ឋាភិបាល លើហ្វេសប៊ុក កាលពីថ្ងៃទី២៤ កញ្ញា។
 
 ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូ នៅតំបន់ Times Square នេះ គឺមានតម្លៃចាប់ពី៥០០០ដុល្លារឡើងទៅក្នុងមួយថ្ងៃ អាស្រ័យតាមកម្មវិធីនីមួយៗ។ បើតាមវេបសាយរបស់ Times Square បានបញ្ជាក់ពីតម្លៃអប្បបរមា ក្នុងការផ្សព្វផ្សាយនេះ ចន្លោះពី៥០០០ដុល្លារ ទៅដល់២៥០០០ដុល្លារ ក្នុងរយៈពេលពី១ ទៅ៣ ថ្ងៃ៕
 

Tag:
 ហ៊ុន ម៉ាណែត
  ប្រព័ន្ធផ្សព្វផ្សាយ
© រក្សាសិទ្ធិដោយ thmeythmey.com