ជាតិ
សេដ្ឋកិច្ច
អាស៊ាន
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​​ នឹងរៀបចំឡើង​នៅចុងខែកញ្ញា
26, Sep 2023 , 11:19 am        
រូបភាព
រាប់ពីឆ្វេងមកស្តាំ៖ លោក Matthew Pocock អ្នកសម្របសម្រួលផ្នែកសេវាធុរកិច្ច EuroCham
រាប់ពីឆ្វេងមកស្តាំ៖ លោក Matthew Pocock អ្នកសម្របសម្រួលផ្នែកសេវាធុរកិច្ច EuroCham
តើកម្ពុជាមានតួនាទីដូចម៉េ្តចក្នុងបរិបទអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ក្រោយពីកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះអាស៊ានលើកទី៤៣ និងទទួលបានជោគជ័យក្នុងការរៀបចំ​កីឡាអាស៊ី​អាគ្នេយ៍​លើក​ទី​៣២? ចម្លើយ នឹងមាននៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារ​សូហ្វី​តែល រាជធានីភ្នំពេញ នាថ្ងៃទី២៨-២៩កញ្ញា ឆ្នាំ២០២៣។​

 
សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា (Eurocham Cambodia) នឹងរៀបចំកិច្ចប្រជុំកំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា​​ឡើង ដើម្បីស្វែងយល់ពីឱកាស និងបញ្ហាប្រឈមនៃសមាហរណកម្ម​សេដ្ឋកិច្ច​បន្ថែមទៀត។ ​ក្នុងកិច្ចប្រជុំនេះ ក៏មានការចេញផ្សាយពីសៀវភៅ«ស»ឆ្នាំ២០២៤ ដែល​ជាបញ្ជី​នៃគោលនយោបាយរបស់រដ្ឋាភិបាល ​គ្របដណ្តប់លើវិស័យចំនួន១២​ ដែរ​។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅម្ពុជា កិច្ចប្រជុំកំពូលនេះ  គឺ​ជា​ការបូកសរុបនៃការងារជាច្រើនខែកន្លងមក នៃការជំរុញការធ្វើសមាហរណកម្មក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ពីព្រោះ កិច្ចប្រជុំកំពូលនេះ នឹងមានការស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ដែល​ចូល​រួម​ពីថ្នាក់នាំកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរកម្មសេដ្ឋកិច្ច​នៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោក។ 
 
លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ​បានបញ្ជាក់ថា កិច្ច​ប្រជុំកំពូលនេះ នឹងមានការពិភាក្សាគ្នាក្នុងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ បន្ទាប់ពីការចូល​កាន់​តំណែង​របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទើបបង្កើតឡើងបានជាង២ខែមកនេះ។ លោក Martin សង្ឃឹមយ៉ាងខ្លាំងថា ជំនួបកំពូលនេះនឹងក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏សំខាន់​សម្រាប់​​​កម្ពុជា​ក្នុងវិស័យធុរកិច្ច។ 
 
ក្នុងថ្ងៃទី២៨កញ្ញា នៃកិច្ចប្រជុំកំពូលនេះ  លោក Tassilo Brinzer ដែលជា​ប្រធាន​នាយក​ប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងធ្វើបទបង្ហាញអំពីសៀវភៅ«ស» ជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយពីស្វែង​យល់​​អំពីសៀវភៅ«ស»រួច ​នឹងមានថ្លែងសុន្ទរកថាគន្លឹះ អំពីគោលដៅវិនិយោគ និង​យុទ្ធសាស្រ្ត​​របស់កម្ពុជា និងការធ្វើបច្ចុប្បន្នភាពរបស់សហភាពអឺរ៉ុប​ ស្តីពីគោលនយោបាយ​ពាណិជ្ជកម្ម និងការធ្វើវិនិយោគជាមួយកម្ពុជា។ ​
 
លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ​នឹងបើកសម័យប្រជុំនៅពេលរៀលថ្ងៃទី២៨កញ្ញា មុន​ធ្វើបទបង្ហាញស្តីពី វឌ្ឍនភាពសេដ្ឋកិច្ច​និងសង្គមរបស់អាស៊ាន, យុទ្ធសាស្ត្រច្រកទ្វារ​សកល​របស់សហភាពអឺរ៉ុបនៅកម្ពុជា និងមាគ៌ាអភិវឌ្ឍភាពជាដៃយុទ្ធសាស្រ្ត​ រវាងអាស៊ាន និង​អឺរ៉ុប។  ដោយឡែក នៅព្រឹកថ្ងៃទី២៩កញ្ញា  សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងចុះ​អនុស្សារណៈនៃការយោគយល់គ្នា ជាមួយ AHK Vietnam  មុនធ្វើបទបង្ហាញស្តីពី ឌីជីថល​នីយកម្ម និងសិក្ខាសាលាជាបន្តបន្ទាប់តាមវិស័យ ដែលដឹកនាំដោយថ្នាក់ដឹកនាំ​មកពី​ឧស្សាហកម្មផ្សេងៗ។​
 
ប្រធានកិច្ចសហប្រតិបត្តិការនៅគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Bryan Fornari ដែលជា​វាគ្មិនមួយរូបក្នុងកិច្ចប្រជុំកំពូលខាងលើ បានបង្ហាញនូវកិច្ចរីករាយ​ដែល​បាន​​​ចូលរួម​ក្នុងគំនិតផ្តួចផ្តើមព្រឹត្តិការណ៍នេះ។ បើតាម​លោក Bryan Fornari កិច្ច​ប្រជុំកំពូលនេះ នឹងរួមចំណែកក្នុងការកំណត់​ឱកាសវិនិយោគពាក់ព័ន្ធវិស័យថ្មីៗ​ជាមួយនឹង​គុណភាព​បន្ថែមក្នុងស្រុក សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា  ស្របពេលដែលកម្ពុជា​កំពុងព្យាយាមអភិវឌ្ឍខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួត(LDC) នៅឆ្នាំ២០២៧។
 
«ភាពជាដៃគូ ជាមួយវិស័យឯកជននៅតែសារៈសំខាន់ ហើយយើងពិតជាចង់ស្វែងយល់​ពី​ការ​ចូលរួមនេះ ក្រោមក្របខណ្ឌនៃច្រកទ្វារសកលជំរុញការវិនិយោគលើហេដ្ឋារចនា​សម្ព័ន្ធ ប្រកបដោយភាពគុណភាព និងការតភ្ជាប់ទំនិញប្រជាជន និងសេវាកម្ម​ប្រកបដោយ​និរន្តរភាព​»។ នេះជាការលើកឡើងរបស់លោក Bryan Fornari នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។​
 
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​​ នៅថ្ងៃទី២៨-២៩កញ្ញា ត្រូវបានរៀបចំដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុបនៅកម្ពុជា  ដែលសហការជាមួយ ARISE+ Cambodia  និង​​ប្រតិភូ​សហភាពអឺរ៉ុបប្រចាំកម្ពុជា។​​ អ្នកជំនាញពីស្ថាប័នទាំងនេះ​ បាននាំមកនូវជំនាញ និង​ចំណេះ​​ដឹងអំពីគោលនយោបាយរបស់កម្ពុជា និងទំនាក់ទំនងជាមួយពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប៕ 
 
 
 
 

Tag:
 Eurocham Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com