កីឡាជាតិ
ជាតិ
ថៃ និង ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ាន ឈ្នះមេដាយមាសកីឡាអាស៊ី នៅចិន មុនគេ
26, Sep 2023 , 4:47 pm        
រូបភាព
កីឡាករ PUTRA Muhammad Sejahtera Dwi ម្ចាស់មេដាយមាសឥណ្ឌូណេស៊ី នៅចំកណ្ដាល រូបពី CGTN
កីឡាករ PUTRA Muhammad Sejahtera Dwi ម្ចាស់មេដាយមាសឥណ្ឌូណេស៊ី នៅចំកណ្ដាល រូបពី CGTN
ថៃ និង ឥណ្ឌូណេស៊ី រកបានមេដាយមាសមុនគេ ក្នុងចំណោមប្រទេសទាំង ១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន។ គិតត្រឹមរសៀល ថ្ងៃទី២៦ ខែកញ្ញា មានប្រទេស៦ក្នុងតំបន់អាស៊ានឈ្នះមេដាយ ស្របពេល កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត មិនទាន់រកបានមេដាយនៅឡើយ។



ត្រឹមថ្ងៃទី២៦ ខែកញ្ញា ឥណ្ឌូណេស៊ី រកបានមេដាយសរុបចំនួន៩ មាស៣ ប្រាក់១ និងសំរិទ្ធ៥។ ចំនួនមេដាយមាស ២ នេះ គឺជាមេដាយ ដែលរកបានមុនគេ បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ានដូចគ្នា ដែលបានចូលរួមព្រឹត្តិការណ៍នេះ។ ឥណ្ឌូណេស៊ី រកបានមេដាយមាសនេះ លើប្រភេទកីឡាបាញ់កាំភ្លើង (Shooting) ដោយកីឡាករ PUTRA Muhammad Sejahtera Dwi ទាំង ២ គ្រឿង។
 
ថៃ រកបានមេដាយសរុប ៤ ក្នុងនោះ មាស១ និងសំរិទ្ធ៣។ មេដាយមាសនោះ រកបានដោយកីឡាការិនី WONGPATTANAKIT Panipak លើប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសា ទម្ងន់៤៩ គីឡូក្រាម។
 
ក្រៅពីនេះ វៀតណាម រកបានមេដាយ ៦ក្នុងនោះ ប្រាក់១ និងសំរិទ្ធ ៥ ចំណែកព្រុយណេ រកបានមេដាយប្រាក់១, សិង្ហបុរី សំរិទ្ធ១ និង ហ្វីលីពីន សំរិទ្ធ២។ 
 
ដោយឡែក កម្ពុជា ឡាវ មីយ៉ាន់ម៉ា ទីម័រខាងកើត និងម៉ាឡេស៊ី ជាប្រទេសក្នុងតំបន់អាស៊ាន ពុំទាន់ដណ្ដើមបានមេដាយណាមួយឡើយ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។ 
 
ម្ចាស់ផ្ទះ ចិន ឈរនៅចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) ដោយដណ្ដើមបានមេដាយសរុប ៧០ ក្នុងនោះមាស៤០ ប្រាក់២១ និងសំរិទ្ធ៩ តាមពីក្រោយដោយ កូរ៉េខាងត្បូង មេដាយសរុប៣៦ មាស១១ ប្រាក់១០ និងសំរិទ្ធ១៥។ ចំណែកលេខ៣ ជប៉ុន ដណ្ដើមបានមេដាយមាស៥ ប្រាក់១៤ និងសំរិទ្ធ១២។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា បានបញ្ជូនអត្ដពលិកចំនួន ១១៤នាក់ ដោយប្រកួតលើ ១៧ប្រភេទកីឡា មានដូចជា៖  ហែលទឹក អត្ដពលកម្ម វាយសី គ្រីកឃីត ទូកនាគ គុនដាវ យូដូ ជឺជិតស៊ូ ការ៉ាតេ អុកចិន ទូកក្ដោង តេក្វាន់ដូ WT សូហ្វតិន្នីស ទ្រីយ៉ាត្លុង បាល់ទះក្នុងសាល និង ចំបាប់។  ចំណោម ១៧កីឡានោះ អត្តពលិកបាល់ទះ (បុរស) បានចប់ភារៈកិច្ច ដោយធ្លាក់ត្រឹមវគ្គចែកពូល៕
 

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com