ជាតិ
ADB ផ្តល់កម្ចី១៤០លានដុល្លារឱ្យកម្ពុជាបង្កើនសមត្ថភាពកម្លាំងពលកម្ម និង​ពង្រឹង​​​សេវា​សាធារណៈ
26, Sep 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​​ចុះ​ហត្ថ​លេខា​​លើ​កិច្ចព្រមព្រៀងកម្ចី​​សម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១៤០លានដុល្លារ ដើម្បី​​បង្កើន​​សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា និងលើកកម្ពស់ការផ្តល់សេវាសា​ធារណៈ​។

 
​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា​ បានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​នេះ​ នៅថ្ងៃទី២៦កញ្ញានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយនៅថ្ងៃទី២៦ កញ្ញា​​កម្មវិធី​កែទម្រង់វិមជ្ឈការសេវា​សាធារណៈ និងហិរញ្ញាវត្ថុ ជំហានទី២-អនុវត្តវិធីទី២ មាន​គោល​បំណងរួមចំណែកគាំទ្រកម្ពុជា ក្នុងការលើកកមញបស់ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ថ្នា​ក់​ក្រោម​ជាតិ សំដៅធ្វើឱ្ប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបាន​សេវាសធារណៈ ដោយផ្តោត​លើការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ ការពង្រឹងការ​គ្រប់គ្រងចំណូល និងចំណាយ ការពង្រឹងសមត្ថភាពរដ្ឋបាល​ថ្នាក់ក្រោមជាតិ។ កម្មវិធីនេះ គ្រោងចំណាយ​ថវិកា​៤០លានដុល្លារ ដែលជាឥណទានសម្បទាន​ទាំងស្រុងរបស់ ADB ។
 
កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាអនាគត-អនុវត្តវិធីទី១ មានគោលបំណងធ្វើឱ្យ​ប្រសើរ​ឡើង​នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងតៅអនាគត តាមរយៈការធ្វើកំណែទម្រង់​គោលនយោបាយ និងការវិនិោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹង​ពង្រឹងការបណ្តុះបណ្តាល​ក្នុងវិស័យឧស្សាហកម្ម​ ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើន​​ធន​ធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបនឹងតម្រូវការការងារ។ កម្មវិធីគ្រោង ចំណាយថវិកា ១៣១.៣០លានដុល្លារ ក្នុងនោះមានឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លានដុល្លារ (កម្ចីផ្អែកលើគោលនយោបាយ ២0 លានដុល្លារ និងគម្រោង​វិនិយោគ ៨0 លានដុល្លារ)។
 
​ក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងឱ្យឃើញ​កាន់តែ​ច្បាស់​ពីការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជឿទុកចិត្តខ្ពស់របស់ ADB មកលើរាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ កម្ចីសម្រាប់ការអនុវត្តកម្មវិធីទាំងពីរ នឹងចូលរួមឆ្លើយតបប្រកដោយប្រសិទ្ធភាព​ ទៅនឹងគោល​នយោបាយរបស់រាជរដ្ឋាភិបាលអាណត្តទី៧នេះ។ 
 
ជុំវិញការផ្តល់កម្ចីនេះ លោកស្រី Jyotsana Varma មាន​ប្រសាសន៍​ថា​ ​ADB ​​រីករាយ​ក្នុង​ការ​ធ្វើ​​ជា​​ដៃគូជាមួយប្រទេសកម្ពុជា ក្នុងការជំរុញ​ការអភិវឌ្ឍ​ជំនាញដែល នាំមុខដោយ​ឧស្សា​ហកម្ម ដើម្បី​ត្រៀម​កម្លាំង​ពលកម្មរបស់ប្រទេស ជាពិសេសស្ត្រី សម្រាប់បញ្ហាប្រឈម និង​ឱកាសនៃបដិវត្តន៍​ឧស្សាហកម្ម​ទីបួន និង​ក្នុងការបន្ស៊ីផែនការរបស់រដ្ឋបាលមូលដ្ឋាន​ជាមួយ​ថវិកាជាតិនិងខេត្ត ឈានទៅសម្រេចបាន ការផ្តល់សេវាសាធារណៈកាន់តែមា​នប្រសិទ្ធភាព និងសមធម៌។ 
 
លោកស្រី Jyotsana Varma បញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយនៅថ្ងៃនេះទៀតថា ៖« កម្មវិធីទាំងពីរដែលគាំទ្រដោយកម្ចីទាំងនេះ នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញកំណើន​ ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព នៅទូទាំងប្រទេស។»។
 
សូមរំឭកថា មកទល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប​៤.៩​ប៊ី​លានដុល្លារ ក្នុងនោះឥណទានសម្បទានមានចំនួន ៤.៤ប៊ីលានដុល្លារ សម្រាប់អនុវត្ត​គម្រោង​​/កម្មវិធីចំនួន ១៤៧ និងហិរញ្ញប្បទានឥតសំណងប្រមាណ ៥៨លានដុល្លារ សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច៕
 

Tag:
 ADB
  កម្ចី
  សេវាសាធារណៈ
  រដ្ឋបាល​ថ្នាក់​ក្រោមជាតិ
  ជំនាញ
  កម្លាំងពលកម្ម
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com