កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីកីឡាបារាំង ជំរុញ PSG ចាត់វិធានការលើអ្នកគាំទ្រដែលស្រែកប្រមាថអ្នកស្រលាញ់ភេទដូចគ្នា
26, Sep 2023 , 5:59 pm        
រូបភាព
ក្លិប Paris Saint Germain គួរតែចាត់វិធានការផ្លូវច្បាប់ជាផ្លូវការប្រឆាំងទៅនឹងអ្នកគាំទ្រខ្លួន សម្រាប់ការទទួលខុសត្រូវរបស់ពួកគេចំពោះការស្រែងជេរប្រមាថលើអ្នកស្រលាញ់ភេទដូចគ្នា អំឡុងការប្រកួតក្របខណ្ឌ Ligue 1 ទល់នឹងក្រុមភ្ញៀវ Olympique de Marseille កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងកីឡាបារាំងលោកស្រី Amelie Oudea Castera នាថ្ងៃទី២៥ ខែកញ្ញា។



អំឡុងការប្រកួតដែលក្រុម PSG យកឈ្នះ Marseille លទ្ធផល ៤-០ ក្នុងកីឡដ្ឋាន Parc des Princes អ្នកគាំទ្រក្រុម PSG បានស្រែកច្រៀងអបអរជ័យជម្នះ ជាមួយនឹងការស្រែកហ៊ោកញ្ជ្រៀវសំដៅទៅកាន់ហ្វូងអ្នកគាំទ្រក្រុម​ Marseille។ ការស្រែកដោយមានលាយឡំជាមួយនឹងការទះដៃ មានអមដោយពាក្យជេប្រមាថសំដៅទៅអ្នកស្រលាញ់ភេទដូចគ្នាផង។
 
«វាជារឿងនឹកស្មានមិនដល់សម្រាប់ការប្រើប្រាស់ពាក្យដែលគួរឱ្យស្អប់ ហើយក៏ស្អប់ខ្ពើមខ្លាំងចំពោះពាក្យប្រមាថចំពោះមនុស្សដែលស្រលាញ់ភេទដូចគ្នា។ ការស្រែកដោយការជេប្រមាថនេះត្រូវបានឮនៅកន្លែងឈររបស់អ្នកគាំទ្រ PSG ក្នុងកីឡដ្ឋាន Parc des Princes។ ខ្ញុំបានអញ្ជើញខាងក្លិប ​PSG ដើម្បីមកពន្យល់អំពីបញ្ហានេះ និងផ្តល់យុត្តិធម៍ដល់មនុស្សរងគ្រោះ ហើយអ្នកបន្តត្រូវបានបណ្តេញចេញពីកីឡដ្ឋាន។»។ លោកស្រី Castera បាននិយាយបែបនេះ។
 
លោកស្រី Oudea Castera បានអះអាងបន្ថែមថា បញ្ហាទាំងអស់នេះនឹងស្ថិតនៅក្នុងដៃ របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់បារាំង LFP ដើម្បីដោះស្រាយ។
 
ក្រោយពេលមានការអំពាវនាវពីសំណាក់រដ្ឋមន្ត្រីកីឡាបារាំង ក្លិប Paris Saint Germain ចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដោយបាននិយាយដូច្នេះថា ៖ «ក្លិបមានបំណងបង្កើតការងារបង្ការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រមាថលើមនុស្សស្រលាញ់ភេទដូចគ្នា ហើយនឹងជួបដៃគូទាំងអស់អំពីបញ្ហាសំខាន់ៗនេះ នៅប៉ុន្មានថ្ងៃខាងមុខ។»៕
 

Tag:
 Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com