កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបដែលបានលុបចោលរវាង Ajax-Feyenoord នឹងប្រកួតឡើងវិញ ដោយគិតពីនាទី៥៥ទៅ
27, Sep 2023 , 7:59 am        
រូបភាព
ជំនួបដែលលុបចោលរវាងក្រុម Ajax Amsterdam និង Feyenoord នៃលីគកំពូលហូឡង់ Eredivisie នឹងត្រូវបន្តការប្រកួតឡើងវិញនៅថ្ងៃទី២៧ ខែកញ្ញា តែមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហូឡង់ (KNVB) នាថ្ងៃទី២៥ ខែកញ្ញា។


ការប្រកួតរវាងក្រុមទាំងពីរនៃលីគកំពូលហូឡង់ Eredivisie កាលពីថ្ងៃទី២៤ ខែកញ្ញា ត្រូវបានលុបចោល ក្រោយពេលអ្នកគាំទ្របានដុតកាំជ្រូចភ្លើងបោះចូលក្នុងទីលាន ហើយមន្ត្រីប៉ូលិសការពារសុវត្ថិភាពក្នុងកីឡដ្ឋានបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រឱ្យចាកចេញពីកីឡដ្ឋាន។
 
ការប្រកួតនោះម្ចាស់ផ្ទះ ​Ajax បានរកគ្រាប់បាល់ចំនួន ៣គ្រាប់ នៅត្រឹមដើមវគ្គទីពីរ តែការប្រកួតត្រូវបានផ្អាកបណ្តោះអាសន្ននៅក្នុងនាទី៥៦ មុនពេលការប្រកួតត្រូវបានលុបចោលទាំងស្រុង។ ការប្រកួតដែលធ្វើឡើងវិញ ត្រូវលេងសម្រាប់នាទីដែលនៅសល់ ដោយចាប់ផ្តើមពីលទ្ធផលចាស់។
 
ក្រុម Ajax បានសម្តែងការមិនយល់ស្របសម្រាប់ការសម្រេចចិត្តរបស់ KVNB ដោយលើកឡើងពីការព្រួយបារម្ភអំពីការកំណត់ពេល ហើយបាននិយាយថាពួកគេកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់។ ក្លិប Ajax បាននិយាយដូច្នេះថា ៖ «មិនត្រឹមតែក្លិបប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រទទួលរងនូវផលវិបាកនៃរឿងនេះដែរ។»។
 
ទោះយ៉ាងណាសហព័ន្ធ KVNB បានចេញសេចក្តីថ្លែងការណ៍ការពារការសម្រេចចិត្តរៀបចំការប្រកួតឡើងវិញ។
 
«គោលការណ៍ជាមូលដ្ឋានគឺថា ការប្រកួតត្រូវតែមានភាពយុត្តិធម៍តាមដែលអាចធ្វើទៅបាន ហើយការប្រកួតគួរតែសម្រេចចិត្តនៅលើទីលាន បន្ទាប់ពីមកការប្រកួតត្រូវតែបន្តឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ KVNB។
 
ការប្រកួតដែលនឹងត្រូវបន្តបង្គ្រប់ពេលវេលាបន្ថែមរវាងក្រុម Ajax និង Feyenoord នឹងធ្វើឡើងនៅវេលាម៉ោង ៧យប់ ថ្ងៃទី២៧ ខែកញ្ញា។
 
ការប្រកួត Eredivisie រវាងក្រុម Ajax និង FC Volendam ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកញ្ញា នឹងត្រូវពន្យាពេលទៅថ្ងៃក្រោយ។
 
ក្រុម ​Ajax ដែលចាប់ផ្តើមការប្រកួតរដូវកាលថ្មីមិនសូវល្អ បច្ចុប្បន្នពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ ចំណោមក្រុមទាំង ១៨ ដែលត្រូវប្រកួតប្រជែងសម្រាប់ពានរង្វាន់ ​Eredivisie។ កាលរដូវកាលមុនពួកគេបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នឹងខកខានឈានជើងឡើងដល់ការប្រកួត UEFA Champions League លើកដំបូងបន្ទាប់ពីបានបង្ហាញវត្តមានចំនួន ១៣ រដូវកាលរួចមក៕
 

Tag:
 Ajax Amsterdam
  Feyenoord
© រក្សាសិទ្ធិដោយ thmeythmey.com