ជាតិ
លោក សេដ្ឋា ថាវីស៊ីន នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ
26, Sep 2023 , 8:32 pm        
រូបភាព
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីជួបប្រជាជនខ្លួននៅអាម៉េរិក។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ក្នុងពិធីជួបប្រជាជនខ្លួននៅអាម៉េរិក។ រូបភាព X_Srettha Thavisin
លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញានេះ តាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

 
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២៦កញ្ញា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងនេះ លោកសេដ្ឋា ថាវីស៊ីន នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរូប។
 
នាយករដ្ឋមន្រ្តីថៃ ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេច ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីកំណត់ទិសដៅសកម្មភាព ធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។  
 
ការប្រគល់ និងទទួល «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា សម្រាប់ជនរងគ្រោះដោយ អំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងនៅក្រុងប៉ោយប៉ែត និងដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏នឹងត្រូវធ្វើឡើងក្នុងជំនួបទ្វេភាគីនេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ 
 
ក្រៅពីនេះ លោក សេដ្ឋា ថាវីស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។
 
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកនាយករដ្ឋមន្ត្រីថៃ នៅកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com