កីឡាអន្តរជាតិ
អន្តរជាតិ
៣០ប្រទេស ឈ្នះមេដាយកីឡាអាស៊ី ខណៈម្ចាស់ផ្ទះចិននាំមុខដាច់
27, Sep 2023 , 10:39 am        
រូបភាព
មានប្រទេសចំនួន៣០ហើយ បានប្រជែងឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន ក្នុងចំណោម៤៥ប្រទេសចូលរួម។ ចំណោម៣០ប្រទេសដែលទទួលបានមេដាយ មាន៧ប្រទេសនៅអាស៊ីអាគ្នេយ៍ ស្របពេល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត មិនទាន់រកបានមេដាយនៅឡើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ។ ម្ចាស់ផ្ទះចិន នាំមុខដាច់ក្នុងតារាងមេដាយបណ្តោះអាសន្ន ដោយលើសមេដាយមាសជិត៤ដង ធៀបនឹងក្រុមលេខ២កូរ៉េខាងត្បូង។


ឆ្លងកាត់ការប្រកួតកីឡាលំដាប់កំពូលទ្វីបអាស៊ីក្រុងហាងចុវ ផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា គេបានរកឃើញអត្តពលិកតំណាងប្រទេសចំនួន៣០ ដណ្តើមបានមេដាយរៀងខ្លួន ដោយក្នុងនោះម្ចាស់ផ្ទះចិនដណ្តើមបានមេដាយច្រើនដាច់គេ តាមពីក្រោយដោយកូរ៉េខាងត្បូង និងជប៉ុន។
 
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្នុងចំណោម៤៥ប្រទេសចូលរួម មាន៣០ប្រទេស ដណ្តើមបានមេដាយ ក្នុងនោះរួមមាន ចិន កូរ៉េខាងត្បូង ជប៉ុន អ៊ូសបេគីស្ថាន ហុងកុង​ ឥណ្ឌូណេស៊ី ឥណ្ឌា ឆាយន្នីសតាយប៉ិ ថៃ ម៉ាកាវ តាហ្ស៊ីគីស្ថាន អ៊ីរ៉ង់ កូរ៉េខាងជើង កាហ្សាស្ថាន វៀតណាម ម៉ុងហ្គោលី អេមីរ៉ាតអារ៉ាប់រួម ព្រុយណេ ស្រីលង្កា ហ្វីលីពីន អាហ្វហ្កានីស្ថាន បង់ក្លាដែស កូវ៉ែត សិង្ហបុរី ម៉ាឡេស៊ី លីបង់ អូម៉ង់ កៀហ្ស៊ីស៊ីស្ថាន ហ្សកដានី និងតួកម៉េនីស្ថាន។
   
ប្រទេសតំបន់អាស៊ីអាគ្នេយ៍ចំនួន៧ ដែលរកបានមេដាយ ក្នុងនោះថៃ រកបានមេដាយបណ្តោះអាសន្នច្រើនជាងគេ សរុបចំនួន១១ មាស៥ ប្រាក់១ និងសំរឹទ្ធ៥ តាមពីក្រោយដោយឥណ្ឌូណេស៊ី ឈ្នះមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៥ សរុប៩។ ម៉ាឡេស៊ី ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ៤ សរុប៦ សិង្ហបុរី ឈ្នះមេដាយប្រាក់២ សំរឹទ្ធ៣ សរុប៥ វៀតណាម បានមេដាយប្រាក់១​ និងសំរឹទ្ធ៥ សរុប៦ ព្រុយណេ ឈ្នះមេដាយប្រាក់១ និងហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ២។ ដោយឡែក កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត មិនទាន់រកបានមេដាយនៅឡើយ។
 
ចំណោមប្រភេទកីឡាទាំង១៧ ដែលកម្ពុជាបានបញ្ជូនទៅប្រជែងមេដាយនៅចិន មានតែកីឡាបាល់ទះក្នុងសាលបុរសប៉ុណ្ណោះ អស់ភារកិច្ចមុនគេ ក្រោយឆ្លងមិនផុតវគ្គចែកពូល។ កីឡាបាល់ទះ ចាប់ផ្តើមប្រកួតមុន ពីថ្ងៃទី១៩ ខែកញ្ញា ពោលគឺមុនពិធីបើក៤ថ្ងៃ។
 
តារាងមេដាយបណ្តោះអាសន្ន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ម្ចាស់ផ្ទះចិន ឈរកំពូលតារាង ដោយដណ្តើមបានមេដាយលើសលប់ចំនួន៩៩ មាស៥៦ ប្រាក់៣០ និងសំរឹទ្ធ១៣ តាមពីក្រោយដោយ កូរ៉េខាងត្បូងដែលរកបានមេដាយសរុប៥១ ក្នុងនោះមាស ១៥ ប្រាក់១៦ និងសំរឹទ្ធ២០។ លេខរៀងទី៣ ជប៉ុន រកបានមេដាយសរុប៥០ ក្នុងនោះ មាស៩ ប្រាក់២១ និងសំរឹទ្ធ២០។ ថៃ និងឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេសទាំង១០ Top 10 ដែលឈ្នះមេដាយច្រើនជាងគេបណ្តោះអាសន្ន៕
 


Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com