ជាតិ
​អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ការថតរូប ឬវីដេអូនៅតំបន់អង្គររបស់ទេសចរទេ
27, Sep 2023 , 11:29 am        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា មិនមានគោលការណ៍ហាមឃាត់ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន​ ឬលក្ខណៈទេសចរណ៍របស់អ្នកទេសចរ ​ដើម្បី​ផ្សព្វ​ផ្សាយសិល្បៈ និងវប្បធម៌តំបន់ឱ្យពិភពលោក​បានស្គាល់នោះទេ។

យ៉ាងណាក៏ដោយ តាមរយៈសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែកញ្ញា អាជ្ញាធរជាតិអប្សរា តម្រូវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ​ដាក់ពាក្យ​សុំ​ ព្រមទាំងបញ្ជាក់ពីខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ ចំពោះ​គោលបំណងមួយចំនួន ដើម្បីបញ្ចៀសកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់​គុណតម្លៃ​នៃប្រាសាទបុរាណ ដែលជាមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។
 
​បើតាមអាជ្ញាធរជាតិអប្សរា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ​ត្រូវដាក់ពាក្យស្នើ​សុំសម្រាប់ ៖ ១. ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិត​ផល ឬបង្កើតអាជីវកម្មនានា។ ២. ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៌ពិពាហ៌) ដើម្បីពិនិត្យភាពសមស្រប​នៃសម្លៀកបំពាក់​ប្រពៃណីបុរាណ។ ៣. ការថតបែបនេះ មិនមានការបង់ប្រាក់ទេ។ ៣. ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេស​ចរណ៍ ដែលមានអាជ្ញាបណ្ណពី​ក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានា តាមប្រព័ន្ធអនឡាញជូនអតិថិជនរបស់ខ្លួន។ ការផ្សព្វផ្សាយបែបនេះ មិនមានការបង់ប្រាក់ទេ។
 
រាល់ការស្នើសុំថតរូប ឬវីដេអូ​ផ្សព្វផ្សាយពាណិជញជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា ត្រូវធ្វើឡើងនៅ​មជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោង​ការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបសំណើក្នុងរយៈ៥ថ្ងៃ នៃថ្ងៃធ្វើការយ៉ាងយូរ។ នេះបើតាមអាជ្ញាធរជាតិអប្សរា៕
 

Tag:
 អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com