កីឡាអន្តរជាតិ
អន្តរជាតិ
Inter Miami សង្ឃឹម Messi ជារបួសទាន់ពេល វគ្គផ្តាច់ព្រ័ត្រ US Open Cup
27, Sep 2023 , 2:29 pm        
រូបភាព
ក្លិប Inter Miami នឹងរង់ចាំ Lionel Messi រហូតដល់វិនាទីចុងក្រោយ ដោយសង្ឃឹមថាកីឡាករឆ្នើមរូបនេះ អាចនឹងជាសះស្បើយទាន់ពេលការប្រកួតពានរង្វាន់ US Open Cup វគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម Houston Dynamo។ នេះបើតាមសម្តីលោក Gerardo Martino ដែលជាអ្នកចាត់ការក្រុម។



Inter Miami នឹងត្រូវប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ទល់នឹងក្រុម Houston Dynamo នាថ្ងៃទី២៨ ខែកញ្ញា វេលាម៉ោង ៧:៣០ព្រឹក(ម៉ោងនៅកម្ពុជា)។
 
មុនពេលដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Messi បានបង្ហាញខ្លួននៅក្នុងការប្រកួតលីគកំពូលអាម៉េរិកទល់នឹងក្រុម Toronto FC កាលពីសប្តាហ៍មុន ប៉ុន្តែត្រូវបានប្តូរចេញត្រឹមនាទី៣៦ ដោយសារតែបញ្ហារបួស។ បញ្ហារបួសបានក្លាយជាក្តីបារម្ភខ្លាំងដល់ក្លិប Inter Miami មុនការប្រកួតសំខាន់នេះ។
 
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិប Inter Miami បានជួបបញ្ហារបួស ហើយក៏កំពុងតែមិនច្បាស់ពីវត្តមានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open Cup ក្រោយពេលតារាបាល់ទាត់អាហ្សង់ទីនមានបំណងចង់ឈ្នះពានរង្វាន់លើកទីពីរសម្រាប់ក្លិបថ្មីរបស់ខ្លួនស្ថិតក្នុងក្របខណ្ឌ Major League Soccer។ Messi បានជួយក្លិប Inter Miami ឈ្នះពានរង្វាន់ League Cup ដែលជាពានរង្វាន់ប្រជែងរវាងក្រុមមកពីលីគកំពូលម៉ិកស៊ិក Liga MX ទល់នឹង MLS។
 
«យើងនឹងនៅតែបន្តរង់ចាំសម្រាប់ Leo រហូតដល់ថ្ងៃស្អែក នឹងវិនាទីចុងក្រោយ។ ខ្ញុំនឹងអង្គុយរង់ចាំជាមួយគាត់ ដើម្បីនឹងឃើញថាអារម្មណ៍គេយ៉ាងណា ហើយយើងក៏នឹងអាចឈានដល់ការធ្វើកិច្ចព្រមព្រៀងនៅថ្ងៃស្អែក។ មានបញ្ហាបីនៅទីនេះ មានកីឡាករប្រកួត បន្ទាប់មកត្រូវលេងវគ្គផ្តាច់ព្រ័ត្រ ហើយបន្ទាប់មកមានអ្វីកើតឡើងជាបន្តបន្ទាប់ យើងត្រូវតែព្យាយាមធ្វើការសម្រេចចិត្ត វាតែងតែមានហានិភ័យ ប៉ុន្តែយើងត្រូវកាត់បន្ថយពួកគេ។»។ លោក Martino បាននិយាយក្នុងសន្និសីទការសែតមុនការប្រកួតបែបនេះ។
 
ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ រកបាន ១១គ្រាប់នឹងបញ្ជូនបាល់ ៥គ្រាប់ ក្នុងការប្រកួតចំនួន ១២លើក សម្រាប់ក្លិប ​Inter Miami ចាប់តាំងពីរូបគេបានផ្លាស់មកដល់ក្លិបនេះ ក្រោយចាកចេញពីក្លិប Paris Saint Germain។
 
ស្ថិតក្រោមវត្តមានរបស់ប្រធានក្រុម Messi នៅលើទីលានសម្រាប់ក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Martino មិនដែលរងបរាជ័យឡើយ។ ក្រៅពី Messi ខ្សែការពារស្លាប Jordi Alba ដែលជាមិត្តរួមក្រុមក៏មានបញ្ហារបួសដូចគ្នាផងដែរ៕
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com