ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
តើមានជំងឺអ្វីខ្លះ ដែលឆ្លងតាមរយៈសត្វមូស?
27, Sep 2023 , 3:29 pm        
រូបភាព
ជំងឺ ដែលឆ្លងតាមរយៈការខាំរបស់សត្វមូសភាគច្រើនតែងតែមានលក្ខណៈកាចសាហាវ ដែលអាចធ្វើឱ្យមានលេចឡើងនូវរោគសញ្ញាធ្ងន់ៗ ឯខ្លះទៀតអាចធ្វើឱ្យអ្នកជំងឺបាត់បង់អាយុជីវិតទៀតផង។ ជំងឺខាងក្រោមនេះជាជំងឺមួយចំនួន ដែលមានភ្នាក់ងារចម្លងជាសត្វមូស។



ជំងឺគ្រុនឈាម (Dengue Fever)៖ ជំងឺនេះមានភ្នាក់ងារចម្លងជាមូសខ្លាញី Aedes aegypti ដែលមានផ្ទុកវីរុសគ្រុនឈាម។ រោគសញ្ញានៃជំងឺនេះមានដូចជាក្ដៅខ្លួនខ្លាំង ឈឺក្បាល ចុករួយសាច់ដុំ អស់កម្លាំង ចុកពោះ ចង្អោរក្អួត ឈឺគ្រាប់ភ្នែក។ លក្ខណៈធ្ងន់ធ្ងរនៃជំងឺនេះអាចមានដូចជា ជាំស្បែក ហូរឈាមអញ្ចាញ និងអាចបណ្ដាលឱ្យស្លាប់បាន។ 
 
ជំងឺគ្រុនឈីក (Chikungunya)៖ ភ្នាក់ងារចម្លងរបស់ជំងឺនេះគឺជាមូសខ្លាញីប្រភេទ Aedes albopictus ដែលមានផ្ទុកនូវវីរុស ឈីគុនហ្គុនយ៉ា។ អ្នកដែលកើតជំងឺនេះមានរោគសញ្ញាដូចជា ក្ដៅខ្លួនខ្លាំង មុខឡើងក្រហម មានកន្ទួលលើស្បែកដូចចេញស្អូច និងជាពិសេសមានអាការឈឺចាប់តាមសន្លាក់ដៃជើង។ ជំងឺនេះមិនបណ្ដាលឱ្យអ្នកជំងឺស្លាប់នោះទេ ហើយភាគច្រើនកើតឡើងចំពោះអ្នកដែលមានប្រព័ន្ធការពារចុះខ្សោយប៉ុណ្ណោះ។ 
 
ជំងឺហ្ស៊ីកា (Zika)៖ ជំងឺនេះមានភ្នាក់ងារចម្លងជាមូសខ្លាញីដូចគ្នា ហើយជួនកាលមិនមានរោគសញ្ញា​ ជួនកាលមានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនឈាមដែរ។ ជម្ងឺនេះក៏អាចឆ្លងតាមរយៈការរួមភេទផងដែរ ដោយសារវីរុសនេះអាចរស់នៅក្នុងសរីរាង្គបន្ដពូជបានរយៈពេលយូរ។ ចំពោះស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺនេះគឺអាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់កូនក្នុងផ្ទៃ។ 
 
ជំងឺគ្រុនចាញ់ (Malaria)៖ ភ្នាក់ងារចម្លងជាមូសដែកគោលញី Anopheles​ ដែលមានផ្ទុកប៉ារ៉ាសិត    ប្លាស្មូដ្យូម (Plasmodium) ហើយមានរោគសញ្ញាដូចជា ឈឺក្បាល រងាញាក់ពី ១៥នាទី - ១ម៉ោង បន្ទាប់មកក្ដៅខ្លួន ស្រៀវស្រាញ ហើយក្រោយមកទៀតនឹងចាប់ផ្ដើមបែកញើសមកវិញ។ ជំងឺគ្រុនចាញ់អាចឱ្យមានគ្រុនក្ដៅរៀងរាល់ ២ - ៣ថ្ងៃម្ដង បន្ទាប់មកវានឹងកើតរាល់ថ្ងៃ។ 
 
ជំងឺគ្រុនលឿង (Yellow Fever)៖ មានភ្នាក់ងារចម្លងជាសត្វមូសខ្លាញីប្រភេទ Aedes និង Haemogogus ហើយអាចមានរោគសញ្ញាដូចជា ឈឺក្បាល ក្ដៅខ្លួន ឈឺសាច់ដុំ និងក្អួតចង្អោរ។ អ្នកជំងឺក៏អាចចេញនូវអាការៈកើតលឿងលើស្បែក និងផ្នែកសនៃភ្នែក ដោយសារតែមានការខូចខាតទៅលើថ្លើម។ 
 
ជំងឺបង្កដោយវីរុស West Nile៖ សត្វមូសប្រភេទ Culex ត្រូវបានគេស្គាល់ថាជាភ្នាក់ងារចម្លងជំងឺ បង្កដោយវីរុស West Nile។ អ្នកជំងឺមួយចំនួនអាចមានរោគសញ្ញាដូចជា ក្ដៅខ្លួន ឈឺក្បាល ចុករួយក មានការកន្ត្រាក់ញ័រ ប្រកាច់ ខ្សោយសាច់ដុំ ឯអ្នកជំងឺខ្លះទៀតមិនចេញរោគសញ្ញានោះទេ។ ជំងឺនេះអាចនឹងមានករណីធ្ងន់ធ្ងរទៅជារលាកស្រោមខួរ៕
ប្រភព៖
 
 


សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង​ ឱសថការី លីណ្ណា ជិញជិញ
 

Tag:
 ពាណិជ្ជកម្ម
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com