កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះចិន ឈ្នះមេដាយមាសកីឡាអេឡិចត្រូនិកមុនគេ ក្នុងព្រឹត្តិការណ៍ Asian Games
27, Sep 2023 , 10:29 pm        
រូបភាព
ម្ចាស់ផ្ទះចិន ឈ្នះមេដាយមាសកីឡាអេឡិចត្រូនិក (E-sports) លើកដំបូង និងមុនគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ​Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ តាមរយៈការយកឈ្នះម៉ាឡេស៊ី វិញ្ញាសា Arena of Valor ប្រកួតលើទូរសព្ទ នៅថ្ងៃទី២៦ ខែកញ្ញា។ ជ័យជម្នះ ក៏ជាការបង្ហាញអ្នកគាំទ្រចិនរបស់ខ្លួននៅក្នុងទីផ្សារកីឡាអេឡិចត្រូនិក ដ៏ធំបំផុតរបស់ពិភពលោក។



កីឡាអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាប្រចាំតំបន់អាស៊ីនេះលើកដំបូង ក្នុងក្រុងហាងចូវ ប្រទេសចិន ដោយមាន៧វិញ្ញាសា។ វិស័យ Esports កំពុងជំរុញការប្រកួតប្រជែងរបស់ខ្លួនឱ្យបានកាន់តែសុះសាយ ដើម្បីអាចត្រូវបានបញ្ចូលទៅក្នុងការប្រកួតកីឡាអូឡាំពិកថែមទៀត។ ក្រុមម្ចាស់ផ្ទះចិនហាក់បង្ហាញសមត្ថភាពខ្លាំងនៃការប្រកួតប្រជែងលើកីឡាអេឡិចត្រូនិកនេះ។
 
ជាពិសេសស្ថិតនៅខាងក្នុងកន្លែងប្រកួតកីឡា Esports ដែលទើបនឹងបង្ហាញការប្រកួតលើកដំបូងនៅក្នុង Asian Games ដោយការរៀបចំប្រកួតមានការប្រើប្រាស់ភ្លើងពណ៌ប្រដេញ មានអ្នកអត្ថាធិប្បាយផ្ទាល់ដើម្បីបង្កើតអ្វីមួយដែលស្រដៀងទៅនឹងឈុតឆាកដូចនឹងការប្រកួតហ្គេមក្នុងភាពយន្ត។ ការប្រកួតមានអ្នកគាំទ្រជាច្រើនរយនាក់ លាយឡំជាមួយការកាន់ដំបងភ្លើងពណ៍ចម្រុះពណ៍ និងបានស្រែងគាំទ្ររបស់ពួកគេ នៅពេលអ្នកអត្ថាធិប្បាយណែនាំក្រុមជនជាតិចិន។
  


វិញ្ញាសា Arena of Valor ដែលក្រុមចិនដណ្តើមបានមេដាយមាសលើកដំបូង គឺជាប្រភេទការប្រកួតស្រដៀងទៅនឹងហ្គេម Mobile Legends ដែលល្បីល្បាញខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកីឡាករចំនួន ៥នាក់ ត្រូវជ្រើសរើសតួអង្គដែលភាគច្រើនគេហៅថា «Heroes»។
 
ម៉ាឡេស៊ី ទទួលបានមេដាយប្រាក់ ពីវិញ្ញាសា Arena of Valor នេះ ខណៈថៃជាម្ចាស់មេដាយសំរិទ្ធិ លើកដំបូងផងដែរសម្រាប់ការប្រកួតប្រជែងលើកីឡាអេឡិចត្រូនិក នៅកីឡាអាស៊ី។
  


ប្រទេសចិនត្រូវបានគេដឹងថាជាទីកន្លែងដ៏ធំជាងគេបង្អស់លើពិភពលោក ជាទីផ្សារនៃកីឡាអេឡិចត្រូនិកដ៏ធំរួមតាំងកីឡាករដ៏ច្រើន ព្រមទាំងអ្នកគាំទ្រក្នុងវិស័យ Esports មួយនេះ។ ឆ្នាំ ២០២២ ទីផ្សារកីឡា Esports ក្នុងប្រទេសចិនរកបានប្រាក់ប្រមាណ ៤៤៥លានដុល្លារ ដែលតម្លៃនេះមានច្រើនជាង ៦៤,៨ភាគរយ នៃទីផ្សារក្នុងរបស់អាស៊ីអាគ្នេយ៍ ហើយចិនបានបង្កើនចំនួនការគាំទ្រដល់ទៅ ៤០០លាននាក់។
 
វិស័យ Esports នៅក្នុងប្រទេសចិនមកដល់បច្ចុប្បន្នកំពុងតែក្លាយទៅជាវិស័យដ៏មានសក្តានុពលដែលរដ្ឋាភិបាលចិនកំពុងចង់កែប្រែឱ្យក្លាយទៅជាឧស្សាហកម្មកីឡាអេឡិចត្រូនិក៕
 

Tag:
 Asian Games
  E-sports
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com