កីឡាជាតិ
ជាតិ
ម្ចាស់មេដាយមាស សាលី អ៊ូម៉ើត ស្ដាយ មិនបានបង្ហាញខ្លួនចុងក្រោយក្នុងកីឡាអាស៊ី នៅហាងចូវ
27, Sep 2023 , 5:29 pm        
រូបភាព
កីឡាករ សាលី អ៊ូមើត ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កីឡាករ សាលី អ៊ូមើត ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ម្ចាស់មេដាយមាសកីឡាម៉ូតូទឹក ឆ្នាំ២០១៨ សាលី អ៊ូមើត សោកស្ដាយចំពោះការខកខាន ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ Asian Games នៅទីក្រុងហាងចូវ ប្រទេសចិន ដែលជាព្រឹត្តិការណ៍ចុងក្រោយរបស់ខ្លួន។ មិនបានចូលរួមការពារមេដាយមាសរបស់ខ្លួន ដោយសារម្ចាស់ផ្ទះចិន មិនបានដាក់ប្រភេទកីឡាម៉ូតូទឹកនេះ។



អ៊ូម៉ើត អត្តពលិកកម្ពុជាដំបូងគេ ដែលដណ្តើមបានមេដាយមេដាយមាស និងសំរឹទ្ធពីកីឡាអាស៊ីឆ្នាំ២០១៨ នឹងមិនចូលរួមប្រកួតទៀតទេនៅកីឡាអាស៊ីឆ្នាំ២០២៦ នៅជប៉ុន ដ្បិតរូបគេមានគម្រោងចូលនិវត្តពីអាជីពកីឡាករម៉ូតូទឹក ដោយធ្វើជាគ្រូបង្វឹកវិញម្ដង។
 
ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ម្ចាស់ផ្ទះ ចិន បានដាក់កីឡា ៤០ប្រភេទ ដើម្បីប្រកួត ប៉ុន្តែមិនមានកីឡាម៉ូតូទឹកឡើយ។ នាការប្រកួតនាឆ្នាំ២០១៨ នៅប្រទេសប្រទេសឥណ្ឌូណេស៊ី អត្ដពលិកចិន ធ្វើមិនបានល្អទេ លើវិញ្ញាកីឡាម៉ូតូទឹក ដោយមិនមានឈ្នះមេដាយអ្វីសោះ។ នេះ អាចជាហេតុផល ដែលចិន មិនបានដាក់កីឡា ខ្លួនមិនមានសក្ដានុពល នឹងដណ្ដើមបានមេដាយ ពេលធ្វើជាម្ចាស់ផ្ទះ។
 
សម្រាប់សាលី អ៊ូមើត នេះជារឿងសោកស្ដាយបំផុត ព្រោះជាម៉ូតូទឹកជាកីឡា ដែលកម្ពុជា រំពឹងថាអាចដណ្ដើមបានមេដាយមាស ហើយក៏ជាពេលវេលាចុងក្រោយ ក្នុងអាជីពជាកីឡាករជម្រើសជាតិម៉ូតូទឹកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ីនេះ ផងដែរ។ 

សាលី អ៊ូមើត ទទួលមេដាយមាស ស៊ីហ្គេម

អ៊ូមើត បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា៖ «វាពិតជាគួរឲ្យសោកស្ដាយ ដែលមិនមានវិញ្ញាសា ម៉ូតូទឹក នៅក្នុងការប្រកួត Asian Games នៅប្រទេសចិន។ ប្រសិនជាមាន យើង មានសង្ឃឹមខ្ពស់ ដោយសារក្នុងទ្វីបអាស៊ីនេះ គឺយើង មិនមានបញ្ហាក្រោមប្រទេសណាទេ។ ចិន មិនមានកីឡាករខ្លាំង។ ពីឆ្នាំ២០១៨ កីឡាករគេ បានចូលរួមដែរ ប៉ុន្ដែមិនបានជាប់លេខ។ អ៊ីចឹង គេអាចថាមិនដាក់ ព្រោះហេតុផលបែបនេះ។»។
 
ម្ចាស់មេដាយមាសកម្រិតពិភពលោករូបនេះ បន្ថែមទៀតថា នេះ អាចជាឱកាសប្រកួតចុងក្រោយរបស់ខ្លួន ប៉ុន្ដែបែរជាខកខាន មិនបានប្រកួត ហើយឆ្នាំ២០២៦ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន សាលី អ៊ូមើត នឹងមិនបានប្រកួតទេ ព្រោះត្រូវចូលនិវត្តន៍ពីកីឡាករ ហើយនឹងដឹកនាំកូនសិស្សឲ្យចូលប្រកួតជំនួស។
 
«ប្រសិនជាប្រកួតនៅជប៉ុន មានមែន ខ្ញុំ ទៅចូលរួមប៉ុន្ដែមិនមែនជាអ្នកប្រកួត ប៉ុន្ដែ គឺទៅជាគ្រូបង្វឹក ដឹកនាំកីឡាករទៅ។ នេះ គឺដូចអ្វីដែលខ្ញុំ ប្រាប់សារព័ត៌មានជាច្រើនលើក ថាខ្ញុំ នឹងឈប់។ ខ្ញុំ ចង់ឲ្យកូនសិស្សខ្ញុំ បានបណ្ដុះបណ្ដាល ឲ្យគាត់បញ្ចេញថ្វីដៃ។»។ សាលី អ៊ូមើត បាននិយាយប្រាប់ដូច្នេះ។
 
ដោយឡែក កីឡាកររូបនេះ មិនបានប្រាប់ពីអត្ដសញ្ញាណសិស្ស ដែលត្រូវស្នងដំណែងខ្លួនឡើយ។
 
គួរបញ្ជាក់ផងដែរថា​ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេស ឥណ្ឌូណេស៊ី កម្ពុជា រកបានមេដាយមាស តែ២ទេ គឺកីឡាការិនី ខាន់ ចេសា មេដាយមាសកីឡាជឺជិតស៊ូ និង សាលី អ៊ូមើត មេដាយមាសកីឡាម៉ូតូទឹក។ គួរឲ្យសោកស្ដាយ ម្ចាស់មេដាយមាស ទាំង២នេះ គឺត្រូវអវត្តមានទាំង ២នាក់។ ខាន់ ចេសា អវត្តមានព្រោះបញ្ហាផ្ទាល់ខ្លួន ចំណែក សាលី អ៊ូមើត អវត្តមានព្រោះមិនមានប្រភេទកីឡាម៉ូតូទឹក៕
 

Tag:
 សាលី អ៊ូមើត
  ម៉ូតូទឹក
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com