កីឡាអន្តរជាតិ
អន្តរជាតិ
អាល់ហ្សេរីដកខ្លួនពីការដេញថ្លៃធ្វើម្ចាស់ផ្ទះ ពានរង្វាន់អាហ្វ្រិក ​Africa Cup
28, Sep 2023 , 9:39 am        
រូបភាព
សមាគមបាល់ទាត់ប្រទេសអាល់ហ្សេរីបានដកខ្លួនចេញពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations មួយក្នុងចំណោមពីរសម្រាប់ពេលអនាគត មុនពេលការបោះឆ្នោតផ្តល់សិទ្ធិរៀបចំបានមកដល់។



ប្រទេសអាល់ហ្សេរីត្រូវបានគេស្គាល់ថាជាបេក្ខភាពមួយរូបដែលបានចូលរួមដេញថ្លៃដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍ពានរង្វាន់ Africa Cup of Nations នៅឆ្នាំ ២០២៥ និងនៅឆ្នាំ ២០២៧។ ការបោះឆ្នោតជ្រើសរើសប្រទេសស្ថិតក្នុងតំបន់អាហ្រ្វិកដែលសមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ នឹងធ្វើឡើងដោយគណៈកម្មាធិការសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិកនៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប ថ្ងៃទី២៧ ខែកញ្ញា។
 
បើតាមសមាគមបាល់ទាត់អាល់ហ្សេរី (FAF) ការសម្រេចចិត្តដកខ្លួនចេញពីការដេញថ្លៃនេះ គឺធ្វើស្របទៅតាមយុទ្ធសាស្ត្រថ្មីនៃការអភិវឌ្ឍន៍បាល់ទាត់នៅក្នុងប្រទេសក្នុងតំបន់អាហ្រ្វិកមួយនេះ។
 
«ឥឡូវនេះ FAF នឹងផ្តោតលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើករៀបចំឡើងវិញ និងការធ្វើឱ្យល្អឡើងវិញនូវបាល់ទាត់ក្នុងប្រទេសអាល់ហ្សេរី ដូចដែលធ្លាប់បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់ខ្លួនចំពោះការអភិវឌ្ឍន៍បាល់ទាត់អាហ្រ្វិកនោះឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានផ្សាយនៅលើគេហទំព័រផ្លូវកាលរបស់ FAF។
 
ការសម្រេចចិត្តដកខ្លួននេះ បានន័យថាអាល់ហ្សេរី បញ្ជៀសខ្លួនពីភាពអាម៉ាស់ដែលអាចកើតឡើង ពីសំណាក់ការចាញ់ការដេញថ្លៃ ដោយប្រទេសជិតខាងខ្លួនដែលមានប្រទេសម៉ារ៉ុក កំពុងតែនាំមុខការចាប់អារម្មណ៍សម្រាប់ការដេញថ្លៃរៀបចំការប្រកួត Africa Cup of Nations នៅក្នុងឆ្នាំ ២០២៥។ ប្រទេសទាំងពីរនេះមានទំនាក់ទំនងតានតឹង ទាំងនៅកម្រិតនយោបាយ និងកីឡា។
 
តាំងពីដើមឆ្នាំ ២០២៣ ប្រទេសអាល់ហ្សេរី បានកសាងកីឡដ្ឋានថ្មី ព្រមទាំងកែលម្អកីឡដ្ឋានដែលមានស្រាប់ ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Africa Cup of Nation។ ប៉ុន្តែបើតាមគេហទំព័រ Africa Football Insiders អាល់ហ្សេរីបានរងបរាជ័យក្នុងការដេញថ្លៃនេះរួចទៅហើយសម្រាប់ការបោះឆ្នោតរៀបចំធ្វើម្ចាស់ផ្ទះ ដោយមានប្រទេសចំនួន ២ រួមមានម៉ារ៉ុកត្រូវបានគេចាប់អារម្មណ៍ខ្លាំងសម្រាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០២៥ និងសេណេហ្កាល់សម្រាប់ឆ្នាំ ២០២៧។
 
ដំបូងប្រទេសដែលបានដេញថ្លៃធ្វើម្ចាស់ផ្ទះ ​Africa Cup of Nations ឆ្នាំ ២០២៥ មានដូចជា អាល់ហ្សេរី, ម៉ារ៉ុក, សាំម៊ី ដែលមានសហការជាមួយនឹងប្រទេសបេនីន និងនីហ្សេរីយ៉ា។ ចំណែកការធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៧ ក៏មានអាល់ហ្សេរីបានដាក់ដេញថ្លៃ ប្រជែងជាមួយនឹងប្រទេសដូចជា បុតស្វាណា, អេហ្ស៊ីប, សេណេហ្កាល់ ដែលមានការចូលរួមពីសំណាក់ប្រទេសគេនយ៉ា និងប្រទេសតង់សានី សហការជាមួយនឹងអ៊ូហ្កង់ដា៕

Tag:
 Africa Cup of Nations
  អាល់ហ្សេរី
© រក្សាសិទ្ធិដោយ thmeythmey.com