កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍សេនាគុនខ្មែរយ័ន្ត៨ទិស៖ ប្រើវប្បធម៌ ផ្សាភ្ជាប់សិល្បៈក្បាច់គុន ដើម្បីផ្សព្វផ្សាយគុនខ្មែរ
27, Sep 2023 , 6:29 pm        
រូបភាព
ធឿន ធារ៉ា សម្ដែងក្នុងវីឌីអូ រូបពី វីឌីអូ Wurk
ធឿន ធារ៉ា សម្ដែងក្នុងវីឌីអូ រូបពី វីឌីអូ Wurk
លោក ជួប វុត្ថា ផលិតករ នៃព្រឹត្តិការណ៍ប្រកួតសេនាគុនខ្មែរ យ័ន្ដ ៨ ទិស បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតគុនខ្មែរអន្ដរជាតិនាថ្ងៃទី៣០ ខែកញ្ញា នៅសង្វៀនថោន ធ្វើក្នុងគោលបំណងផ្សព្វផ្សាយ វប្បធម៌កម្ពុជា ដោយផ្សាភ្ជាប់សិល្បៈក្បាច់គុនបុរាណខ្មែរ។ កីឡាករ ៨រូប ត្រូវបានជ្រើសរើសជាតំណាងទិសនីមួយៗ ដោយកីឡាករ ព្រំ សំណាង ​នៅ​ទិសឧត្តរ, ឈុត សេរី​វ៉ាន់​ថង ទិស​ពាយព្យ, ធឿន ធារ៉ា ទិសបស្ចិម, ពេជ្រ សម្បត្តិ ទិសនិរតី, រឿង សោ​ភ័​ណ្ឌ ទិសទក្សិណ, ឈឿង ល្វៃ ទិសអាគ្នេយ៍, ម៉ា​នូ សិល្បៈ ទិស​បូព៌ា និង ផល សោ​ភ័​ណ្ឌ ស្ថិតនៅ​ទិសឦសាន​។



ព្រឹត្តិការណ៍ប្រកួតសេនាគុនខ្មែរ យ័ន្ត ៨ទិស នឹងត្រូវធ្វើនៅថ្ងៃទី៣០ ខែកញ្ញា នៅសង្វៀនថោន។ កីឡាករព្រំ សំណាង និង ធឿន ធារ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក IPCC (International Professional Combat Council) ជាមួយកីឡាករអន្ដរជាតិ។ ចំពោះសមាសភាពគូប្រកួត របស់កីឡាករទាំង២ ទូរទស្សន៏ TOWN FULL HDTV នៅមិនទាន់បង្ហាញនៅឡើយទេ ដោយគ្រាន់តែដឹងថា ព្រំ សំណាង ត្រូវជួបកីឡាករ មកពីអាមេរិក ហើយ ធឿន ធារ៉ា ត្រូវប៉ះកីឡាករ មកពីទុយនីស៊ី។ រីឯ រឿង សោភ័ណ្ឌ និង ផល សោភ័ណ្ឌ ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ Wurkz World IPCC Kun Khmer ជាមួយកីឡាករជប៉ុន និងកីឡាករថៃ។ ចំណែក ម៉ា​នូ សិល្បៈ ត្រូវ​ប្រកួតជាមួយកីឡាករថៃ។ ក្នុងថ្ងៃជាមួយគ្នានោះ ឈឿង ល្វៃ ត្រូវ​ជួប ​ម្ចាស់​ខ្សែក្រវាត់​ មកពី​ប្រទេស​អ៊ីតាលី រីឯ ឈុត សេរី​វ៉ាន់​ថង ត្រូវ​ប្រកួត​ជាមួយ​ កីឡាករ​ជប៉ុន។ កីឡាករ ពេជ្រសម្បត្តិ ត្រូវស្វាគមន៍ កីឡាករមកពីប្រេស៊ីល។
 
ផលិតករ នៃព្រឹត្តិការណ៍ប្រកួតសេនាគុនខ្មែរ យ័ន្ដ ៨ ទិស បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការយកវប្បធម៌របស់កម្ពុជា មកផ្សារភ្ជាប់ជាមួយប្រដាល់គុនខ្មែរ គឺជាគោលដៅសំខាន់ នៃព្រឹត្តិការណ៍នេះ ដើម្បីទាក់ទាញអន្ដរជាតិឲ្យកាន់តែខ្លាំងឡើងៗ។
 
«គោលដៅរបស់យើង គឺផ្សព្វផ្សាយគុនខ្មែរ ឲ្យបានទូលំទូលាយ។  យើង ចង់ផ្សព្វផ្សាយ លើឆាកជាតិ និងឆាកអន្ដរជាតិ។ ទាក់ទង នឹងការរៀបចំគុនខ្មែរ យើង ចង់យកវប្បធម៌របស់យើង មកផ្សារភ្ជាប់ជាមួយក្បាច់គុនបុរាណខ្មែរ។ យើង មានវប្បធម៌របស់យើងច្រើនទៀត ដែលយើងត្រូវរៀបចំ។ អ៊ីចឹង យើងបានច្បិចយក យន្ដខ្មែរ ហើយយន្ដខ្មែររបស់យើង មានច្រើនទម្រង់ ច្រើនបែប និងច្រើន សណ្ឋាន ប៉ុន្ដែបច្ចុប្បន្ននេះ យន្ដ ៨ទិស មានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដូច្នេះ យើងច្បិចយកចំណុចនេះ មកបញ្ជ្រាប់ចូលគុនខ្មែររបស់យើង។ អ៊ីចឹង យើងក៏សម្រេច ធ្វើជាសង្វៀនប្រដាល់ យ័ន្ដ ៨ទិស។»។ លោក ជួប វុត្ថា បានបញ្ជាក់ប្រាប់ដូច្នេះ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ប្រដាល់
© រក្សាសិទ្ធិដោយ thmeythmey.com