កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុក​ ជំនួសហ្គីណេ ធ្វើម្ចាស់ផ្ទះ Africa Cup ឆ្នាំ២០២៥
28, Sep 2023 , 2:39 pm        
រូបភាព
ប្រទេសម៉ារ៉ុក ត្រូវបានជម្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ​Africa Cup of Nations ឆ្នាំ ២០២៥ ដោយជំនួសហ្គីណេដែលត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះកាលពីឆ្នាំមុន។ សម្រាប់ពានតំបន់អាហ្រ្វិក ឆ្នាំ ២០២៧ បានទៅលើដៃក្រុមប្រទេស កេនយ៉ា, តង់សានី និងអ៊ូហ្កង់ដា ធ្វើជាសហម្ចាស់ផ្ទះ។



ម៉ារ៉ុក ទទួលបានសិទ្ធិរៀបចំវើម្ចាស់ផ្ទះ Afcon ឆ្នាំ ២០២៥ ក្រោយពេលដែលអាល់ហ្សេរី, សាំប៊ី ដែលសហការជាមួយបេនីន និងនីហ្សេរីយ៉ា បានដកខ្លួនចេញពីការដេញថ្លៃមុនពេលមានការបោះឆ្នោតដោយគណៈកម្មាធិការសមាគមកីឡាបាល់ទាត់ប្រទេសទ្វីបអាហ្រ្វិក នៅក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប នាថ្ងៃទី២៧ ខែកញ្ញា។
 
ម៉ារ៉ុក ប្រទេសស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងជើងមួយនេះ ក៏កំពុងទន្ទឹងរង់ចាំមើលការបង្កើនក្តីសង្ឃឹមរបស់ពួកគេដើម្បីអាចចូលរួមដេញថ្លៃជាមួយនឹងប្រទេសព័រទុយហ្កាល់ និងអេស្ប៉ាញ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2030 ថែមទៀត។
  


បានសិទ្ធិរៀប Africa Cup of Nations ឆ្នាំ ២០២៥ មានន័យថា ម៉ារ៉ុកនឹងធ្វើជាម្ចាស់ផ្ទះលើកទីពីរសម្រាប់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងទ្វីបអាហ្រ្វិក ចាប់តាំងពីពួកគេបានរៀបចំការប្រកួតជាម្ចាស់ផ្ទះលើកដំបូងនៅឆ្នាំ ១៩៨៨។
 
ដោយឡែកប្រទេសដែលរួមសហការគ្នារួមមាន កេនយ៉ា, តង់សានី និងអ៊ូហ្កង់ដា បានឈ្នះការដេញថ្លៃធ្វើម្ចាស់ផ្ទះ Africa Cup of Nations ឆ្នាំ ២០២៧ និងជាលើកដំបូងដែលព្រឹត្តិការណ៍ជុំផ្តាច់ព្រ័ត្របានវិលត្រលប់ទៅកាន់តំបន់អាហ្រ្វិកខាងកើតចាប់តាំងពីឆ្នាំ ១៩៧៦។
 
គួរបញ្ជាក់ថា ប្រទេសសហម្ចាស់ផ្ទះទាំង​៣ បានយកឈ្នះការដេញថ្លៃលើប្រទេសដូចជា បុតស្វាណា, អេហ្ស៊ីប សហការជាមួយនឹងសេណេហ្កាល់ នៅក្នុងការបោះឆ្នោតពីសំណាក់គណៈកម្មាធិការសមាគមបាល់ទាត់ទ្វីបអាហ្រ្វិក។ ប្រទេសអាល់ហ្សេរីក៏បានដកខ្លួនចេញពីការដេញថ្លៃនេះដែរកាលពីថ្ងៃទី២៦ ខែកញ្ញា៕
 

Tag:
 ម៉ារ៉ុក
  Africa Cup of Nations
© រក្សាសិទ្ធិដោយ thmeythmey.com