កីឡាអន្តរជាតិ
អន្តរជាតិ
Messi អង្គុយមើល Inter Miami ប្រកួតចាញ់ Houston វគ្គផ្តាច់ព្រ័ត្រ US Open Cup
28, Sep 2023 , 3:46 pm        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi អង្គុយមើលក្រុម Inter Miami ពីចម្ងាយ ខណៈក្រុមរងបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open Cup ក្រោមថ្វីជើងក្រុម Houston Dynamo ក្នុងលទ្ធផល ២-១។ Messi គ្មានឈ្មោះនៅក្នុងក្រុមសម្រាប់ការប្រកួតឡើយ ព្រោះតែបញ្ហារបួសក្រោយពីចូលរួមក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក។



លោក Gerardo Martino អ្នកចាត់ការក្រុម Miami នាថ្ងៃទី២៧ ខែកញ្ញា បាននិយាយថាលោកនឹងនៅរង់ចាំតារាបាល់ទាត់កំពូលរបស់ក្រុមរហូតដល់ពេលវេលាចុងក្រោយនៃការសម្រេចចិត្តបញ្ជាក់ពីការរបួស ឬក៏អាចចូលលេងវិញបាន ប៉ុន្តែការបង្ហាញបញ្ជីឈ្មោះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡដ្ឋាន DRV PNK ប្រធានក្រុម Messi គ្មានឈ្មោះឡើយ។
 
«វានឹងមិនមែនជាការប្រុងប្រយ័ត្នសម្រាប់គាត់ក្នុងការលេងឡើយ សូម្បីតែប៉ុន្មាននាទីក៏ដោយ យើងមិនប្រថុយបានឡើយ។ តែគេគឺនឹងត្រូវតែប្រាកដថានឹងអាចចូលលេងវិញ មុនពេលដែលបញ្ចប់រដូវកាល។ ការចូលរួមរបស់ Messi នឹងបានកំណត់តាមរយៈការប្រកួត ដោយផ្អែកលើការអះអាងរបស់ក្រុមគ្រូពេទ្យផងដែរ។»។ លោក Martino បានបញ្ជាក់ទៅកាន់អ្នកសែតបែបនេះ។
  


Messi និង Jordi Alba អតីតមិត្តរួមក្រុមនៅ Barcelona បានអង្គុយទស្សនាការប្រកួតជាមួយគ្នា ព្រោះតែបញ្ហារបួសរៀងៗខ្លួន។ កីឡាករទាំងពីរត្រូវបានគេមើលឃើញអង្គុយនៅត្រង់ទីតាំងរបស់ភ្ញៀវកំពូលៗរបស់ក្លិប។ 
 
គ្មានវត្តមានកីឡាករសំខាន់ទាំងពីរ ក្រុម Houston Dynamo ហាក់មានប្រៀបដើម្បីយកឈ្នះលើក្រុម Miami ដោយការរកបាន ២គ្រាប់នៅវគ្គទីមួយគឺសមល្មមរក្សាជ័យជម្នះរបស់ពួកគេ បើទោះជាក្រុមរបស់ Messi រកបានគ្រាប់បាល់ ១គ្រាប់មកវិញក៏ដោយក្តី។
 
US Open Cup ជាពានរង្វាន់ទីពីរសម្រាប់ ​Inter Miami ដែលត្រូវប្រជែង ប៉ុន្តែរបូតបាត់ទៅហើយក្នុងរដូវកាលដែលនៅសល់នេះ។  League Cup ជាពានរង្វាន់ទីមួយរបស់ Miami ចាប់តាំងពីពួកគេមានវត្តមាន Messi ក្នុងក្រុម និជាពានលើកដំបូងប្រចាំប្រវត្តិសាស្ត្រក្លិប។
 
Messi បានជួបបញ្ហារបួសក្រោយបានបង្ហាញខ្លួនលេងឱ្យ Inter Miami ទល់នឹងក្រុម Toronto FC កាលពីសប្តាហ៍មុន​ដោយលេងបាន ៣៦នាទីរូបគេត្រូវបានប្តូរចេញ ហើយប៉ុន្មាននាទីក្រោយមក Alba ក៏បានផ្លាស់ប្តូរចេញថែមទៀត។ 
 
បើទោះជាកីឡាករសំខាន់ៗស្ថិតក្នុងបញ្ហារបួសក៏ដោយក្តី លោក Martino ជាអ្នកចាត់ការក្រុមក៏បានរំពឹងថាកីឡាករទាំងពីរនឹងអាចវិលត្រលប់ក្នុងពេលដ៏ខ្លីសម្រាប់បន្តប្រជែងកៅអីវគ្គ Playoffs នៃពានរង្វាន់ MLS ដែលក្រុមកំពុងតែប្រម៉ាញ់ដើម្បីជៀសផុតពីការកាត់ចោល៕
 

Tag:
 Lionel Messi
  Inter Miami
  US Open Cup
© រក្សាសិទ្ធិដោយ thmeythmey.com