កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ១៣ឆ្នាំ! Chenxi ក្លាយជាកីឡាការិនីក្មេងបំផុតរបស់ចិនឈ្នះមេដាយមាសកីឡាអាស៊ី​
28, Sep 2023 , 8:29 pm        
រូបភាព
កីឡាការិនី Cui Chenxi ដែលមានវ័យ១៣ឆ្នាំ បានក្លាយជាកីឡាការិនីចិនវ័យក្មេងបំផុតដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ។ Chenxi ឈ្នះលើប្រភេទកីឡាជិះស្គីក្តាកង់៤ វិញ្ញាសារជិះស្គីក្តារកង់៤ ក្បាច់តាមដងផ្លូវ (Street Skateboarding) នាថ្ងៃទី២៧ ខែកញ្ញា។




កីឡាការិនីវ័យក្មេងមានកម្ពស់ត្រឹមតែ ១,៥ម៉ែត្រ ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតវិញ្ញាសាររបស់នាង ដោយការលូតបង្ហាញអំពីបច្ចេកទេសនៃការប្រើស្នៀតជិះស្គីរបស់នាងចំនួន ២ដងលើកដំបូង នាងរកបានពិន្ទុដ៏ច្រើនដើម្បីនាំមុខការដណ្តើមមេដាយមាសជាមួយនឹងពិន្ទុ ២៤២,៦២ពិន្ទុរួចទៅហើយ។ 
 
ទោះជាការបង្ហាញនូវក្បាច់ស្នៀតចុងក្រោយនាងធ្វើមិនបានល្អ ប៉ុន្តែ Chenxi ធ្វើបានពិន្ទុដ៏ច្រើនរួចទៅហើយសម្រាប់ក្រសោបមេដាយមាស ដោយឈ្នះលើកីឡាការិនីចិនដូចគ្នា Zeng Wenhui ដែលទទួលបានមេដាយប្រាក់ ជាមួយពិន្ទុត្រឹម ២៣៦,៦១ពិន្ទុ និង Miyu Ito របស់ជប៉ុនមានត្រឹម ២២១,៥៩ពិន្ទុ បានមេដាយសំរឹទ្ធ។


 
ក្រោយឈ្នះការប្រកួតកីឡាការិនីវ័យក្មេងបាននិយាយដូច្នេះថា៖​ « យុទ្ធសាស្រ្តរបស់ខ្ញុំគឺរក្សាការលេងក្បាច់នៅពេលរត់លើកដំបូងដើម្បីដណ្តើមពិន្ទុឱ្យបានច្រើន បន្ទាប់មកប្រើរបៀបជំរុញឱ្យវានៅលើការរត់ជាលើកពីរ និងស្នៀតបន្តបន្ទាប់តាមក្រោយ។»។ Chenxi ម្ចាស់មេដាយមាសវ័យក្មេងរបស់ចិនបាននិយាយបែបនេះ។
 
អ្នកជិះស្គីវ័យក្មេងមុខស្រស់រូបនេះ ក៏កំពុងតែជ្រៀតខ្លួនចូលទៅនឹងភាពល្បីល្បាញនៃព្រឹត្តិការណ៍ ​Asian Games ក្នុងនាមជាកីឡាការិនីវ័យក្មេងដ៏មានសមត្ថភាព បន្ទាប់ពីកីឡាការិនី Mazel Paris Alegado របស់ហ្វីលីពីនដែលមានវ័យ ៩ឆ្នាំ ក៏បានប្រកួតប្រជែងនៅក្នុងប្រភេទកីឡាស្គីនេះផងដែរ។
 
ស្ថិតក្នុងវិញ្ញាសារជិះស្គីកង់៤ ក្បាច់តាមដងផ្លូវនេះ មានកីឡាការិនីហ្វីលីពីនម្នាក់ឈ្មោះ Margielyn Didal ស្ថិតក្នុងការប្រកួតចំណោមកីឡាការិនី ២០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតជិះក្តាបន្ទះស្គីកង់ ៤ ភាគច្រើនសម្បូរទៅដោយកីឡាការិនីវ័យក្មេង ដោយក្នុងចំណោមនោះមានកីឡាការិនីវ័យ ១១ឆ្នាំ Vareeraya Sukasem និងវ័យ ១២ឆ្នាំ Nathtiyabhorn Nawakitwong ដែលជាកីឡាការិនីថៃដូចគ្នា។
  


មិនត្រឹមតែប៉ុណ្ណោះ Chenxi ដែលបានប្រលោកក្នុងការជិះស្គីតាំងពីរយៈពេល ៣ឆ្នាំមុនមក​រូបនេះ ក៏បានអះអាងបន្ថែមទៀតថា គ្រូបង្វឹករបស់នាងបានជំរុញឱ្យនាងប្រើក្បាច់ដែលនាងចូលចិត្តធ្វើថែមទៀតមុនពេលប្រកួត។
 
«វានឹងមិនអីទេប្រសិនបើខ្ញុំបរាជ័យក្នុងការធ្វើក្បាច់ណាមួយដែលខ្ញុំចង់ធ្វើ។ ខ្ញុំតែងតែគិតថាចង់ឈ្នះមេដាយមាស ហើយការប្រកួតនេះមានការប្រប្រជែងខុសពីការប្រកួតពីមុនៗមក ដូច្នេះខ្ញុំចង់ឈ្នះការប្រកួតលើកនេះខ្លាំងណាស់។»។ នេះបើតាមសម្តីរបស់កីឡាការិនី Cui Chenxiចិនរកបានមេដាយមាស២ ពីការប្រកួតវិញ្ញាសារជិះស្គីក្តាបន្ទះកង់​៤ ក្បាច់តាមដងផ្លូវ ដោយមិត្តរួមក្រុមរបស់កីឡាការិនីវ័យ ១៣ឆ្នាំ កីឡាករ Zhang Jie បានដណ្តើមបានមេដាយមាសលើវិញ្ញាសារផ្នែកបុរសក្នុងថ្ងៃតែមួយ។ កីឡាករវ័យ ១៦ឆ្នាំ ធ្វើបានយ៉ាងល្អដោយការប្រើក្បាច់នៃការជិះរបស់គេ ៣លើកបានជោគជ័យ ទទួលបាន ២៣១,១៤ពិន្ទុ ឈរពីលើកីឡាករឥណ្ឌូណេស៊ី Sanggoe Darma Tanjung មេដាយប្រាក់ធ្វើបាន ២០០,៦៣ពិន្ទុ និងកីឡាករចិន Su Jianjun មេដាយសំរិទ្ធិធ្វើបាន ១៩៥,៧៣ពិន្ទុ៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com