ជាតិ
ប្រាក់ខែគោលកម្មកររោងចក្រកាត់ដេរ ឆ្នាំ២០២៤ ឡើងបាន៤ដុល្លារទៀត គឺ២០៤ដុល្លារ
28, Sep 2023 , 4:24 pm        
រូបភាព
កម្មករកាត់ដេរធ្វើដំណើរទៅបំពេញការងារ។
កម្មករកាត់ដេរធ្វើដំណើរទៅបំពេញការងារ។
ភ្នំពេញ៖ ប្រាក់ខែគោលរបស់កម្មកររោងចក្រក្នុងវិស័យកាត់ដេរ គឺ២០៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៣ គឺឡើងបាន៤ដុល្លារ។ នេះជាការ​បញ្ជាក់​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយទទួលបាន​របាយការណ៍ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

 
ការបោះឆ្នោតរបស់ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួលអប្បបរមា ផ្តោ​ត​លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ដុល្លារ ទទួលបានសំឡេង ៥ លើ ៥១សំឡេង។
 
យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។
 
«ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។  ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ នេះជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ជាមួយនឹងការសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ។
 
សម្តេច​បាន​បន្ថែមថា៖ «ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ»។
 
សូមជម្រាបថា ប្រាក់ខែគោលរបស់កម្មករ-កម្មការិនី ឆ្នាំ២០២៣ គឺ២០០ដុល្លារ ហើយកាលពីឆ្នាំ២០២២ គឺ១៩៤ដុល្លារ៕ 
 
 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com