កីឡាអន្តរជាតិ
អន្តរជាតិ
Antony នឹងជួបមន្ត្រីប៉ូលិស នៅពេលត្រឡប់ទៅអង់គ្លេស​ ជុំវិញបទចោទរំលោភ និងហិង្សា
28, Sep 2023 , 6:01 pm        
រូបភាព
ខ្សែបម្រើស្លាប Antony របស់ក្រុម Manchester United បានធ្វើដំណើរវិលត្រលប់ទៅកាន់ប្រទេសអង់គ្លេសវិញក្រោយចាកចេញពីប្រេស៊ីល ហើយរូបគេក៏បានយល់ព្រមជួបជជែកជាមួយនឹងមន្ត្រីប៉ូលិសទីក្រុង Manchester ដើម្បីផ្តល់ចម្លើយទាក់ទងនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ជុំវិញបទចោទរំលោភបំពាន និងហិង្សា។



ជុំវិញការចោទប្រកាន់លើ Antony ត្រូវបានគេយល់ថាកីឡាករអន្តរជាតិប្រេស៊ីល វ័យ ២៣ឆ្នាំ បានសុខចិត្តប្រគល់ទូរសព្ទរបស់ខ្លួនទៅកាន់មន្រ្តីប៉ូលិសទីក្រុង Manchester ដើម្បីជួយដល់ការស៊ើប​អង្កេត​របស់ពួកគេ។
 
អតីតមិត្តស្រីរបស់ Antony នាង Gabriela Cavallin បានចោទប្រកាន់រូបគេ ពីបទរំលោភបំពានតាមរយៈសារព័ត៌មានប្រេស៊ីល UOL ហើយ Antony ផ្ទាល់បានបដិសេធលើការចោទប្រកាន់។ Antony ក៏រងការចោទប្រកាន់ថារំលោភទៅលើនាង​ Rayssa de Freitas និង Ingrid Lana កាលឆ្នាំ​ ២០២២ ដែលជាមិត្តភក្កិរបស់អតីតមិត្តស្រី Antony។ 
 
សម្រាប់ក្លិប Man United និយាយថាពួកគេកំពុងចាត់វិធានការលើការចោទប្រកាន់នេះ ហើយប្រឆាំងយ៉ាងធ្ងន់ធ្ងរសម្រាប់ទង្វើរដែលបានរកឃើញ ហើយក្លិបក៏នឹងមានវិធានការអនុញ្ញាតឱ្យ Antony សម្រាករយៈពេលខ្លីពីក្លិបជាមួយនឹងប្រាក់ឈ្នួលពេញលេញដើម្បីដោះស្រាយការចោទប្រកាន់។
 
តាំងពីដើមខែកញ្ញា Antony បានស្ថិតនៅក្នុងប្រទេសប្រេស៊ីលចាប់តាំងពី កាតព្វកិច្ចក្រុមជម្រើសជាតិប្រេស៊ីលរួច ប៉ុន្តែគេត្រូវបានដកចេញពីក្រុមប្រេស៊ីល នៅពេលដែលព័ត៌មាននៃការចោទប្រកាន់នេះបានលេចចេញមក។ 
 
​កាលពីថ្ងៃទី៤ ខែកញ្ញា សារព័ត៌មានប្រេស៊ីល UOL បានចេញផ្សាយការចោទប្រកាន់ដែលធ្វើឡើងដោយអតីតមិត្តស្រីរបស់ Antony ដែលនាងបានចោទប្រកាន់ថាកីឡាករក្រុម Man United បានប្រើអំពើហិង្សារដោយការវាយក្បាលនាង នៅក្នុងបន្ទប់សណ្ឋាគារក្នុងទីក្រុង Man United កាលពីថ្ងៃទី១៥ ខែមករា។ 
 
នាង Cavallin បានអះអាងថានាងបានរងរបួសក្បាល ដែលត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិត ហើយបន្ថែមទៀតថានាងត្រូវបាន Antony វាយចំដើមទ្រូងបណ្តាលឱ្យប្រដាប់ផ្សាំសុដន់ស៊ីលីកូន ដែលទាមទារការវះកាត់កែសម្អរឡើងវិញថែមទៀត។
 
កាលពីមុន Antony ក៏បាននិយាយនៅលើបណ្តាញសង្គមទាក់ទងនឹងអតីតមិត្តស្រីគេថា គេមិនបានបង្កហិង្សាអ្វីឡើយទៅលើនាង Cavallin ហើយភស្តុតាងដែលបានដាក់សម្រាប់ចោទប្រកាន់លើគេ សុទ្ធសឹងតែបានប្រឌិតឡើង។ កាលពីខែមិថុនា Antony ក៏ត្រូវបានមន្ត្រីប៉ូលិសប្រេស៊ីលហៅទៅសាកសួរផងដែរ ហើយមកដល់ពេលថ្មីនេះប៉ូលិសប្រេស៊ីលក៏មិនជំទាស់សម្រាប់ការអនុញ្ញាតឱ្យ Antony វិលត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ៕
 
 

Tag:
 Antony
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com