ជាតិ
ពីនេះ ពីនោះ
ពន្ធ គឺសួយ, អាករដែល​ប្រជានិករត្រូវបង់តាមកំណត់
29, Sep 2023 , 7:29 am        
រូបភាព
«ពន្ធ» ចេញពី​ភាសាបាលី និងសំសស្ក្រឹត​លាយ​គ្នា ដោយជាកិរិយាសព្ទ មានន័យថា «ចង, ជាប់​, ជំពាក់»។ ចំណែក​ថ្នាក់ពាក្យជានាម គឺ «ចំណង, អន្ទាក់, គ្រឿងជាប់, ជំពាក់»។ នេះ​បើតា​ម​វចនានុក្រម​ខ្មែរ​២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
និយាយរួម «ពន្ធ» គឺជា សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់ :  ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន ...; ទារពន្ធ, បង់ពន្ធ។  
 
«ពន្ធគយ» គឺ​ពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។  «ពន្ធចង» គឺ​ពន្ធខ្ពស់បំផុតដែលបានសន្យានៅពេលចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។  «ពន្ធចំពោះ» គឺពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី។  
 
«ពន្ធដារ» មានន័យថា ពន្ធគ្រប់មុខ :  ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី។  «ពន្ធបៃតង» គឺពន្ធកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីសកម្មភាពអភិវឌ្ឍដែលបំពុល និងបង្កគ្រោះថ្នាក់ដល់បរិស្ថាន។  
 
«ពន្ធប្រថាប់ត្រា» មានន័យថា ពន្ធអនុវត្តលើការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យនិងការទទួលកម្មសិទ្ធិលើមធ្យោបាយដឹកជញ្ជូន។  «ពន្ធប្រយោល» គឺជា ពន្ធលើទំនិញឬសេវាដែលអ្នកប្រើប្រាស់ចុងក្រោយបង់ជូនរដ្ឋ តាមរយៈអ្នកផ្គត់ផ្គង់។
 
«ពន្ធផ្ទាល់» ក៏ដូចជា «ពន្ធចំពោះ» ផងដែរ ដែលសំដៅលើពន្ធលើប្រាក់ចំណូល ចលនទ្រព្យ អចលនទ្រព្យ... ដែលអ្នកជាប់ពន្ធ ត្រូវបង់ដោយផ្ទាល់ជូនរដ្ឋ ។  រីឯ «ពន្ធមិនចំពោះ» ក៏ដូចជា «ពន្ធប្រយោល» ផងដែរ ដែល​សំដៅ​លើពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ៕
 
ប្រភព៖ ​​វចនានុក្រម​ខ្មែរ​២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសាខ្មែរនៃរាជបណ្ឌិត្យ​សភាកម្ពុជា
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com