ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសខ្លាំង តែរដ្ឋមិនដែលខ្វះទឹកចិត្តជួយពលរដ្ឋខ្លួនឯងឡើយ
29, Sep 2023 , 9:14 am        
រូបភាព
ដោយ: រួបរួម
រដ្ឋាភិបាលមិនបានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ? សម្តេច ហ៊ុន ម៉ាណែត ដែលទើបចូលកាន់តំណែងបានជាងមួយខែ បានឆ្លើយតបទៅនឹងសំណួរនេះ តាមរយៈការបង្ហាញរបាយការណ៍ប្រចាំដែលលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ញើជូន។



«កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះ ជាមួយនឹងការបង្ហោះរបាយការណ៍លម្អិតស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ថ្ងៃទី២៨ ខែកញ្ញា គិតត្រឹមម៉ោង៥ល្ងាច។

របាយការណ៍របស់លោក ជា សុមេធី បង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣។

កម្មវិធីទីមួយ គឺការឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩  ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ។ ពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានជិត៤៤ម៉ឺនគ្រួសារ (ស្មើនឹងប្រជាជនជាង២,៧លាននាក់) ដោយរដ្ឋបានចំណាយថវិកា  ៤,៨០៥,៨០១,៦៩៩,០០០រៀល (ជិត១,២ពាន់លានដុល្លារ)។

កម្មវិធីទីពីរ ជាការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះ ស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ មានជិត៣៤ម៉ឺននាក់ ដោយថវិកាដែលបានចំណាយសរុបគឺ ១១០,៤០១,២០០,០០០ រៀល (ជិត ២៧ លានដុល្លារ)។

មួយទៀត គឺកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានជិត៥០ម៉ឺនគ្រួសារ (ស្មើនឹងប្រជាជនជាង ១,៨លាននាក់) ដោយរដ្ឋបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ជាង៤២លានដុល្លារ)។

គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា  កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដោយរដ្ឋបានចំណាយទឹកប្រាក់សរុបជាង១,២ពាន់លានដុល្លារ។

«ខាងលើនេះគឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស»។ នេះជាការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច៕



© រក្សាសិទ្ធិដោយ thmeythmey.com