ជាតិ
ពីនេះ ពីនោះ
«តមាត់» គឺសងសម្តីទៅវិញទៅមក រីឯ «តមមាត់» គឺប្រកាន់មិនស្តីរកគ្នា ឬហាមនិយាយផ្តេសផ្តាស
× «តមាត់» ជាកិរិយាសព្ទ មានន័យថា ឆ្លើយឆ្លងសងសម្ដីមួយម៉ាត់ទៅមួយម៉ាត់មក, សងសម្ដីទៅវិញទៅមក។ យើងក៏អាចនិយាយបានថា «តមាត់តពាក្យ» ឬ «តមាត់តសម្តី» ក៏បាន។
រីឯ «តមមាត់» វិញ គឺតម ឬប្រកាន់មិនស្តីរកគ្នា។ ជាសំនួនវោហារសព្ទ ពាក្យនេះ សំដៅលើការហាមនិយាយផ្ដេសផ្ដាសនៅទីកន្លែងសក្ដិសិទ្ធឬទីសក្ការបូជា : ត្រូវតមមាត់នៅពេលដើរព្រៃ។
សម្រាប់ពាក្យ «តម» គឺមានន័យថា កាន់ត្រណម, ចៀសវាងមិនប្រព្រឹត្ត, មិនធ្វើ : តមបង្អែម, តមខ្លាញ់ ...។ រីឯ «ត្រណម» គឺ ដំណើរ ឬអំពើដែលតម : កាន់ត្រណម, ដាច់ត្រណម, ត្រាស់ត្រណម។
តមអាហារ មានន័យថា មិនបរិភោគអាហារឬផ្អាកពិសាអាហារមួយរយៈ : តមអាហារផ្អាប់, តមអាហារសាច់, តមអាហារដើម្បីសុខភាព៕
ប្រភព៖ វចនានុក្រមខ្មែរ២០២២ ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com