កីឡាអន្តរជាតិ
អន្តរជាតិ
ខាន់ ជេសា របូតខ្សែក្រវ៉ាត់ក្រោយប្រកួតចាញ់កីឡាការិនី Danielle Kelly នៅ ONE Championships
30, Sep 2023 , 4:39 pm        
រូបភាព
កីឡាការិនី ខាន់ ចេសា របស់កម្ពុជា របូតខ្សែប្រវ៉ាត់ពិភពលោកនៅក្នុងការប្រកួតក្បាច់គុនចម្រុះនៃសង្វៀន ONE Championship កម្មវិធី ONE Fight Night ក្រោយរងបរាជ័យក្រោមថ្វីដៃរបស់កីឡាការិនី សញ្ជាតិអាម៉េរិក និងជាតារាកីឡាជឺជិតស៊ូប្រេស៊ីល Daneille Kelly ដោយពិន្ទុ។

ការប្រកួតដោយប្រើក្បាច់ America No-gi Grappling (ក្បាច់ក្លេរ ដូចជឺជិតស៊ូ) ដែលមានរយៈពេល ១០នាទី ចៅក្រមការប្រកួតចំនួន ៣រូប បានផ្តល់ពិន្ទុដល់កីឡាការិនី ​Denielle Kelly ឈ្នះលើកីឡាការិនី ខាន់ ជេសា​ របស់កម្ពុជា។ Kelly ក្លាយជាម្ចាស់ខ្សែប្រវ៉ាត់កម្រិត Atomweight Submission Grappling World Cup Championship ដោយការប្រកួតមានប្រៀបខ្លាំងលើក ខាន់ ចេសា។
 
ក្នុងការប្រកួតដែលមានរយៈពេល ១០នាទី Kelly ហាក់ធ្វើបានល្អជាងកីឡាការិនីកម្ពុជា ចេសា ដោយការប្រើក្បាច់វាយសម្រុកដើម្បីអាចក្លេរ លើកីឡាការិនី ចេសា បានយ៉ាងល្អ និងត្រូវចំចំណុចដែលទទួលបានពិន្ទុ ក៏ដូចជាការគេចចេញពីការក្លេររបស់ចេសា អំឡុងការប្រកួត។ 
  


បើទោះក្នុងការប្រកួត ចេសា បានយកប្រៀបលើ ​Kelly ដោយការចាប់ក្លេរត្រង់ក ពីក្រោយ ប៉ុន្តែកីឡាការិនីប្រេស៊ីល អាចរើខ្លួនរួចចេញពីការក្លេរ និងអាចវាយមកលើ ចេសា វិញរហូតអាចទទួលបានពិន្ទុគ្រប់គ្រាន់ដើម្បីយកឈ្នះការប្រកួត។
 
Kelly សងសឹងលើ កីឡាការិនី ចេសា បានសម្រេច ក្រោយរូបនាង បានប្រកួតចាញ់ក្រោមថ្វីដៃរបស់កីឡាការិនី ចេសា ដោយពិន្ទុនេះដូចគ្នា កាលពីកុម្ភៈ ឆ្នាំ ២០២៣។ កាលពីឆ្នាំ ២០២១ កីឡាការិនី Kelly ក៏ធ្លាប់បានប្រកួតចាញ់ ចេសា ម្តងរួចមកហើយដែរ។
 
ជាមួយនឹងជ័យជម្នះកីឡាការិនី ​Kelly ដែលមានវ័យ ២៧ឆ្នាំ រកបានជ័យជម្នះដ៏ធំបំផុតនៅក្នុងអាជីពរបស់នាង បើទោះជាកាលពីមុននាងធ្លាប់បានប្រកួតចាញ់ ចេសា​ ដល់ទៅ ២លើករួចមកហើយក្តី។ ប៉ុន្តែការប្រកួតលើកទី៣ ដែលបានប៉ះគ្នានេះ Kelly បានបង្កើតប្រវត្តិសាស្ត្រខ្លួនដោយយកឈ្នះលើ ចេសា​ ហើយក្រសោបខ្សែក្រវ៉ាត់ ONE Women’s Atomweight Submission Grappling World Champion តែម្តង៕
 

Tag:
 ខាន់ ជេសា
  ONE Championships
© រក្សាសិទ្ធិដោយ thmeythmey.com