ជាតិ
លោកស្រី ញ៉ែម មរតក ជាម្ដាយរបស់ជនមានពិការភាពជាង៧០០នាក់​ នៅសមាគមតន្រ្តីសំនៀងជនពិការ
30, Sep 2023 , 7:19 pm        
រូបភាព
ភ្នំពេញ៖ សហគមតន្រ្តីសំនៀងជនពិការត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដែលមានលោកស្រី ញ៉ែម មរតក ជាប្រធានកិត្តិយស និងលោកចាប តូ ដែលមានពិការភាពភ្នែក ជាប្រធាន។ សមាគមនេះ  បានជួយដល់អ្នកមានពិការភាព ឱ្យមានជំនាញចម្រៀង តន្រ្តី ពិធិការ និងម៉ាស្សា ដើម្បីឱ្យពួកគេ មានជំនាញប្រកបមុខរបរចិញ្ចឹមជីវិត និងកាត់បន្ថយភាពក្រីក្រ។ សព្វថ្ងៃសមាគមតន្រ្តីសំនៀងជនពិការ មានសមាជិកជាង៧០០នាក់ ដែលភាគច្រើនជាជនមានពិការភាពភ្នែក។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 

ចាប់ផ្ដើមបង្កើតដំបូង សមាគមតន្រ្តីសំនៀងជនពិការ មានសមាជិកត្រឹមតែ១០នាក់ប៉ុណ្ណោះ​។  ប៉ុន្តែ ដោយមានការជួយជ្រោមជ្រែង ពី លោកស្រី ញ៉ែម មរតក ដែលជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី បានធ្វើឱ្យសមាគមននេះមានរីកចម្រើនយ៉ាងលឿន ដែលបានជួយឱ្យអ្នកមានពិការភាពជាច្រើននាក់មានជម្រកដ៏កក់ក្ដៅ និងមានជំនាញចិញ្ចឹមជីវិតទៀតផង។ 
 
លោក ស្រី ញ៉ែម មរកត បានរៀបរាប់ដូច្នេះ៖ « បើសិនជាអត់មានសមាគមគឺខ្ញុំមានពេលវេលាច្រើន។ បំពេញការងារនៅក្នុងក្រសួងហើយគឺចប់ យើងអាចយកពេលវេលាផ្ទាល់ខ្លូនទៅធ្វើការងាររបស់យើង។ ប៉ុន្តែខ្ញុំបានយកពេលវេលារបស់ក្រុមគ្រួសារ គឺខ្ញុំយកមកដើម្បីជួយដល់បងប្អូនដែលមានពិការភាពភ្នែក។ ខ្ញុំអាណិតអាសូរពួកគាត់ ។ ខ្ញុំបានលះបង់ពេលវេលា យកបេះដូងមកប្រើ មិនមែនជាការសំដែង គឺខ្ញុំធ្វើផ្ទាល់ជាមួយមនុស្សរស់ដែលគាត់មើលមិនឃើញពីពិភពលោក »។ 
 
មិនជាប់សាច់ញាតិឡើយ តែលោកស្រី ញ៉ែម មរតក ហាក់មាននិស្ស័យជាមួយជនមានពិការភាព ដែលកំពុងត្រូវការមើលការខុសត្រូវ ។ មាននិស្ស័យ ក៏ព្រោះតែលោកស្រី មានក្ដីអាណិតអាសូរដល់អ្នកមានពិការភាព ជាពិសេសអ្នកមានពិការភាពភ្នែក ដ្បិតមើលអ្វីពុំឃើញ និងត្រូវបានទទួលការរើសអើងទៀតផង។ 
 
បើតាម លោកស្រី ញ៉ែម មរតក ទោះបីជាកិច្ចការមើលការខុសត្រូវលើជនមានពិការភាព មានភាពនឿយហត់យ៉ាងណាក្ដី តែលោកស្រី ពេញចិត្តនឹងរែកពន់បន្ទុកដ៏ធំមួយនេះ។ លោកស្រី ញ៉ែម មរតក បន្ថែមថា  កំលាំងចិត្តដែលជំរុញឱ្យលោកស្រី ពេញចិត្តទទួលបន្ទុកនេះ ក៏ព្រោះមានសប្បុរសជនជាច្រើន ដែលតែងតែជំរុញ និងលើកទឹកចិត្ត៕ 
 
 
 
 
 
 
 
 
 

Tag:
 សមាគមនតន្រ្តីសំនៀងជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com