អន្តរជាតិ
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រឈមមុខ​នឹង​ការបិទ​ផ្នែក​ខ្លះ​នៅ​ថ្ងៃអាទិត្យ
30, Sep 2023 , 8:39 pm        
រូបភាព
ប្រធានរដ្ឋសភាលោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី២៨ កញ្ញា
ប្រធានរដ្ឋសភាលោក Kevin McCarthy ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃទី២៨ កញ្ញា
ដោយ: VOA
រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​ការបិទ​មួយ​ផ្នែក​នៅ​ថ្ងៃអាទិត្យ​ ខណៈដែល​ព្រឹទ្ធសភា​ និង​រដ្ឋសភា​នៅតែមិនយល់ស្របគ្នាលើ​ទំហំ​ថវិកាចាយវាយ​របស់​ខ្លួន​សម្រាប់​រយៈពេល​១២ខែ​ទៀត​ ជំនួយ​បន្ត​សម្រាប់​អ៊ុយក្រែន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ ការគ្រប់គ្រង​អន្តោប្រវេសន៍​នៅ​ព្រំដែន​អាមេរិក-ម៉ិកស៊ិក​ និង​កម្មវិធី​សុខុមាលភាព​សង្គម​ដើម្បី​ជួយ​ប្រជាជន​អាមេរិក​ក្រីក្រ។

ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយគណបក្ស​ប្រជាធិបតេយ្យ​កំពុង​រៀបចំ​ផែនការ​បោះឆ្នោត​តាម​នីតិវិធី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជំរុញ​ផែនការ​ផ្តល់​មូលនិធិ​រយៈពេល​ប្រាំពីរ​សប្តាហ៍​ដែល​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​ពេញលេញដូចធម្មតា​រហូត​ដល់​ពាក់​កណ្តាល​ខែវិច្ឆិកា​ ដើម្បី​ឱ្យ​សមាជិក​សភា​មាន​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​កំណត់​កម្រិត​ចំណាយ​រហូត​ដល់​ខែកញ្ញា​ ឆ្នាំ​២០២៤។
 
ប៉ុន្តែ​ប្រធាន​រដ្ឋសភា​លោក Kevin McCarthy​ ដែល​មាន​សំឡេង​ភាគច្រើន​ពី​គណបក្ស​សាធារណរដ្ឋ​តែ​បន្តិច​បន្តួច​នៅក្នុង​រដ្ឋសភា​បាន​ច្រានចោល​មិន​យក​ផែនការ​របស់​ព្រឹទ្ធសភាមក​ពិភាក្សា​នៅ​កិច្ចប្រជុំ​ពេញអង្គ​នៅ​រដ្ឋ​សភា​ទេ។
 
ផ្ទុយទៅវិញ ​រដ្ឋសភា​កំពុង​បន្ត​បោះឆ្នោត​លើ​វិសោធនកម្ម​ច្បាប់​ថវិកាចាយវាយ​រយៈពេល​មួយ​ឆ្នាំ​សម្រាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន​បួន ​ដែល​មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ការអនុម័ត​ពី​ព្រឹទ្ធសភា​ ហើយ​ក្នុង​ករណី​ណាក៏ដោយ​ ​ក៏​នឹង​មិន​អាច​រារាំង​ការ​ផ្អាកប្រតិបត្តិការ​រដ្ឋាភិបាល​ទាំងអស់​លើក​លែង​តែ​ប្រតិបត្តិការចាំបាច់​មួយ​ចំនួននៅ​ត្រឹម​ពាក់​កណ្តាល​អធ្រាត្រ​នោះ​ទេ។
 
ប្រសិនបើ​កិច្ចព្រមព្រៀង​ផ្តល់​មូលនិធិ​រយៈពេល​ខ្លី​មិន​អាច​សម្រេច​បាន​ទេ​ បុគ្គលិក​យោធា​អាមេរិក​ជាង​៤​លាន​នាក់​ និង​បុគ្គលិក​រដ្ឋាភិបាល​នឹង​មិន​ទទួលបាន​ប្រាក់​បៀវត្សរ៍ទេ​ បើទោះបីជា​សេវាកម្ម​សំខាន់ៗ​ ដូចជា​កន្លែង​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ និង​ចំណុច​ច្រកចូល​ព្រំដែន​នៅតែមាន​បុគ្គលិក​ធ្វើការ​ក៏ដោយ។ អ្នក​ទទួល​ប្រាក់​សោធន​និវត្តន៍​អាច​នឹង​មិន​ទទួល​បាន​ប្រាក់​ប្រចាំ​ខែ​របស់​រដ្ឋាភិបាលសម្រាប់ពួកគេ​ទាន់ពេលវេលា​ដើម្បី​បង់​វិក្កយបត្រ​នានា​ និង​ទិញ​ម្ហូប​អាហារ​ទេ​ហើយ​ឧទ្យានជាតិ​អាច​ត្រូវ​បិទ។
 
ការបិទបែប​នេះ​បាន​កើតឡើង​ ៤ ​ដង​ក្នុងមួយ​ទសវត្សរ៍​ចុងក្រោយ​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​ជារឿយៗ​មាន​រយៈពេល​ត្រឹមតែ​មួយ​ថ្ងៃ ​ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ រហូត​ដល់​សមាជិក​សភា​ឈាន​ដល់​ការសម្រប​សម្រួល​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ឡើង​វិញ​ពេញលេញ។ ប៉ុន្តែ​ការបិទ​មួយ​ដែល​បាន​កើតឡើង​ក្នុង​អំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​ លោក​Donald Trump ​មាន​រយៈពេល​ ៣៥​ ថ្ងៃ​ ខណៈដែល​លោក​បរាជ័យ​ក្នុង​ការស្វែងរក​មូលនិធិ​ដើម្បី​សាងសង់​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន​សហរដ្ឋ​អាមេរិក-ម៉ិកស៊ិក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com