កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជួយក្រុម Al Nassr ឈ្នះការប្រកួត ៩លើកជាប់គ្នា
01, Oct 2023 , 9:19 am        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ចុងម៉ោងជួយនាំជ័យជម្នះដល់ក្រុម Al Nassr ដែលជាការឈ្នះលើកទី៩ ជាប់គ្នាសម្រាប់រដូវកាលថ្មី នៅក្នុងការប្រកួតឈ្នះលើក្រុម Al Tai លទ្ធផល ២-១ នៃការប្រកួតក្របខណ្ឌ Saudi Pro League នារាត្រីថ្ងៃទី២៩ ខែកញ្ញា។

លទ្ធផល ២-១ កើតចេញពីការស៊ុតគ្រាប់បាល់ពីសំណាក់កីឡាករ Anderson Talisca នៅនាទី៣២ នៃវគ្គទីមួយ មុនពេលដែលតារាឆ្នើមព័រទុយហ្កាល់ និងជាប្រធានក្រុម Ronaldo បានសម្រេចគ្រាប់ជ័យជម្នះដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៨៧ ចុងវគ្គទីពីរ។ ១គ្រាប់របស់ក្រុម Al Tai កើតឡើងនៅនាទី៧៩ ដោយកីឡាករ Virgil Misidjan។ 
 
ក្រោយជួយក្រុមបន្តយកឈ្នះការប្រកួត ៩លើកជាប់ៗគ្នា Ronaldo បានបង្ហោះសារនៅលើបណ្តាញសង្គមបង្ហាញអារម្មណ៍រីករាយ និងបានជំរុញក្រុមឱ្យខិតខំបន្តទៀត អំឡុងពេលមានទម្រង់លេងល្អ។
  


«ជាការឈ្នះដ៏សំខាន់បន្ថែមទៀត ហើយក៏ជាការឈ្នះ ៩លើកជាប់ៗគ្នា! ក្រុមពិតជាធ្វើបានល្អណាស់ យើងត្រូវតែបន្តធ្វើវាជាមួយនឹងការរក្សាការងារដ៏ល្អបែបនេះបន្តទៀត។»។ Ronaldo បានបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ ក្រោយបញ្ចប់ការប្រកួត។
 
Al Nassr រកបានជ័យជម្នះ ៦លើកនៅក្នុងក្របខណ្ឌ Saudi Pro League ពីចំណោមការប្រកួតឈ្នះសរុបតាំង ៩លើក។ ជ័យជម្នះនេះបានរុញច្រានក្រុមរបស់កីឡាករវ័យ ៣៨ឆ្នាំ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមានគម្លាតពិន្ទុត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Al Ittihad ដែលមានអតីតមិត្តរួមក្រុម Real Madrid ខ្សែប្រយុទ្ធ Karim Benzema កំពុងលេងឱ្យ។
 
ក្រុមរបស់ Ronaldo មួយនេះបានវិលត្រលប់មកភាពខ្លាំងឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពួកគេរងបរាជ័យនៃការប្រកួត Saudi Pro league ចំនួន ២លើកដំបូង។ 
ការប្រកួតបន្ទាប់ Al Nassr នឹងត្រូវជួបក្រុមដែលមានចំណាត់ថ្នាក់លេខ ១៣ ក្រុម Al Abha ដែលជាការបន្តការប្រកួតក្របខណ្ឌ Saudi Pro league នៅថ្ងៃទី៦ ខែតុលា៕ 
 

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com