កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាអាស៊ី ៖ មន្ត្រីរៀបចំការប្រកួតម្នាក់របួសជើង ក្រោយត្រូវដុំដែកដែលចោលពីកីឡាករខ្ទាតចំ
01, Oct 2023 , 4:19 pm        
រូបភាព
មន្ត្រីរៀបចំការប្រកួតវិញ្ញាសារចោលដុំដែកលោក Huang Qinhua អាយុ ៦២ឆ្នាំ បានរងរបួសត្រង់ជើងស្តាំ ក្រោយកីឡាករ Ali Mohamed Zankawi បានចោលចម្ងាយ ហើយលោតខ្ទាតទៅចំជើងរបស់លោក អំឡុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហាងចូវ។ ក្រោយពេលមានការរងរបួសកីឡាករ Zankawi ក៏បានទៅពិនិត្យមើលបញ្ហារបួសរបស់មន្ត្រីការប្រកួតរូបនោះ។

ប៉ុន្មាននាទីក្រោយពេលដែលដុំដែកបានលោតខ្ទាតទៅចំជើងរបស់លោក Huang បុគ្គលិកពេទ្យក្នុងការប្រកួតបាននាំយកលោកចេញក្រៅទីលាន​ នឹងបានរៀបចំការសង្គ្រោះបឋមបន្ទាន់ ដើម្បីរុំមុខរបួសដែលបានមុតបណ្តាលមកពីដុំដែក ហើយបានបញ្ជូនលោកទៅកាន់មន្ទីពេទ្យដើម្បីព្យាបាល។
 
«គាត់បានមកដល់មន្ទីពេទ្យនៅវេលាម៉ោង ៨:១៥នាទីយប់ ដែលគាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការបាក់ឆ្អឹង (Tibiofibular)និងចំហរសាច់ដុំខាងស្តាំ។ បច្ចុប្បន្ននេះលោកមានអាការៈស្ថិតស្ថេរសម្រាប់បញ្ហារបួសនេះ។»។ នេះបើតាមអ្នកនាំពាក្យនៃមន្ត្រីរៀបចំការប្រកួត Xu Deqing និយាយប្រាប់អ្នកកាសែតក្នុងសន្និសីទកាសែត។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuter កីឡាករ Zankawi សញ្ជាតិគុយវែតបានបង្ហាញភាពតក់ស្លុត និងភ័យខ្លាច ហើយរូបគេបានសួរនាំអំពីសុខទុក្ខរបស់មន្ត្រីរៀបចំការប្រកួតនោះផងដែរ។ 
 
ការប្រកួតវិញ្ញាសារចោលដុំដែកនេះ មេដាយមាសបានទៅលើកីឡាករចិន Wang Qi ចំណែកកីឡាករ Xankawi បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៨។ ប៉ុន្តែរូបគេធ្វើបានកំណត់ត្រាល្អដោយបានចោលបានរយៈចម្ងាយ ៦៧,៥៧ម៉ែត្រ ដែលជាការចោលលើកទីពីរក្រោយមានការប៉ះទៅលើជើងមន្ត្រីការប្រកួតនោះ។
 
ជាធម្មតាការប្រកួតកីឡាអត្តពលកម្ម មន្ត្រីការប្រកួតបានអង្គុយនៅឆ្ងាយជាច្រើនម៉ែត្រពីសំណាញ់ទ្រុង ដែលព័ទ្ធជុំវិញរង្វង់ដែលត្រូវឱ្យកីឡាករ បង្វិល និងចោលដុំដែក។ កម្លាំងនៃការចោលដុំដែកមានទម្ងន់ ៧,២៦គីឡូក្រាម ដែលហោះនៅលើអាកាស ហើយប៉ះចំរបស់អ្វីមួយប្រៀបបានដូចទៅនឹងការយកញញ្ញួរទៅវាយកម្ទេចរបស់អ្វីមួយនោះ។
 
ក្រោយមានបញ្ហានេះកើតឡើង អ្នកប្រើប្រាស់បណ្តាញសង្គមជនជាតិចិនជាច្រើនបានបង្ហាញក្តីតក់ស្លុត ក៏ដូចជាបានលើកឡើងអំពីការការពារសុវត្ថិភាពបន្ថែមទៀត នៅក្នុងបរិវេណនៃការប្រកួតកីឡាសម្រាប់មន្ត្រី៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com