ជាតិ
អ្នកបន្តវេនជំនាន់ទី៤នៃក្រុមល្ខោនស្រមោលស្បែកធំដ៏ចំណាស់ លោក ជៀន សុផាន ប្ដេជ្ញាមិនឱ្យបាត់បង់ លោក ជៀន សុផាន ប្រធានក្រុមល្ខោនស្រមោលស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប។ រូបភាព៖ ថោង ប្រណី
× សៀមរាប៖ លោក ជៀន សុផាន គឺជាអ្នកបន្តវេនជំនាន់ទី៤ នៃគ្រួសារល្ខោនស្រមោលស្បែកធំដ៏ចំណាស់មួយនាទីក្រុងសៀមរាប។ សិល្បកររូបនេះអះអាងថា គ្រួសាររបស់លោកបានអភិរក្សល្ខោនស្បែកនេះចូល៣០០ទៅ៤០០ឆ្នាំមកហើយ គឺតាំងពីជំនាន់ជីទួតជីលួតរបស់លោកមកម្ល៉េះ។
កើតក្នុងគ្រួសារល្ខោនស្រមោលស្បែកធំ លោក ជៀន សុផាន មានចិត្តស្រឡាញ់សិល្បៈនេះតាំងពីតូចៗ។ នៅកុមារភាព កុមារ ជៀន សុផាន បានឃើញជីតាធ្វើស្បែកធំ និងបង្ហាត់បង្រៀនសិស្សឱ្យចេះពីសិល្បៈ បុរាណមួយនេះ ហើយលោកក៏បានរៀនផងដែរ។ ក្រោយមរណភាពជីតាទៅ ក្នុងចំណោមចៅទាំងអស់មានតែ លោក ជៀន សុផាន ម្នាក់គត់ដែលខំពុះពារស្នងតួនាទី និងអភិរក្សល្ខោនស្បែកនេះនៅក្នុងគ្រួសារ។
នៅឆ្នាំ២០០០ ក្រុមល្ខោនស្រមោលស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប ត្រូវបានបង្កើតឡើង ដែលលោក ជៀន សុផាន បានដាក់ឈ្មោះជីតា និងបានឧទ្ទិសដល់លោកដែលខំអភិរក្សថែរក្សាសិល្បៈបានតមកដល់ជំនាន់លោក។ បច្ចុប្បន្នក្រុមល្ខោននេះក៏មានបង្ហាត់បង្រៀនកូនសិស្ស ដើរសម្ដែង និងដាប់ស្បែកធំសម្រាប់លក់ដល់ភ្ញៀវទេសចរផងដែរ។
លោក ជៀន សុផាន និងកូនសិស្សកំពុងដាប់ឆ្លាក់ចម្លាក់ស្បែកធំ។ រូបភាព៖ ថោង ប្រណី
ដ្បិតជាមរតកវប្បធម៌ដែលចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិក្ដី តែប្រជាជនខ្មែរភាគតិចណាស់ដែលចេះមើល និងយល់ពីតម្លៃនៃល្ខោនស្រមោលស្បែកនេះ។ លោក ជៀន សុផាន ប្រាប់ថា ខុសពីជនបរទេស ពលរដ្ឋខ្មែរច្រើនមិនសូវចេះមើលការសម្ដែងល្ខោននេះទេ ហើយច្រើនដើរចេញ ក្រោយទស្សនាការសម្ដែងបានបន្ដិចដ្បិតមិនយល់អត្ថន័យ។ យ៉ាងណា ថ្មីៗនេះក្រុមសម្ដែងរបស់លោកបានខិតខំផ្សព្វផ្សាយ និងពន្យល់អ្នកទស្សនាមុនពេលសម្ដែងម្ដងៗ ដើម្បីឱ្យពួកគេយល់ពីតម្លៃ និងដឹងពីសាច់រឿងដែលត្រូវសម្ដែង។
ច្បាស់ណាស់ថា ជាអ្នកបន្តវេនជំនាន់ទី៤ លោក សុផាន ក៏ចង់ឱ្យកូនចៅបន្តវេនពីលោកទៀតលើសិល្បៈស្បែកធំនេះ។ យ៉ាងណា បុរសវ័យជាង៤០ឆ្នាំរូបនេះមិនទាន់ច្បាស់ថាតើកូនចៅខ្លួនអាចស្នង ការងារនេះជំនួសលោកបានដែរឬយ៉ាងណាទេ ព្រោះបច្ចុប្បន្នពួកគេមើលឃើញពីការលំដាកដែលលោក ខំដើម្បីសិល្បៈមួយនេះ។ មិនសូវមានអ្នកគាំទ្រ ឬជួលទៅសម្ដែង រូបមិនសូវមានអ្នកទិញ ធ្វើឱ្យកូនចៅលោក សុផាន មិនចង់បន្តកិច្ចការងារនេះពីឪពុក៕
Tag:
ល្ខោនស្បែកធំ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com