កីឡាអន្តរជាតិ
អន្តរជាតិ
លោក Mourinho ថាការចាប់ផ្តើមរដូវកាលមិនល្អរបស់ក្រុម មិនមែនជាបញ្ហាកើតចេញពីលោកឡើយ
01, Oct 2023 , 8:59 pm        
រូបភាព
លោក Jose Mourinho និយាយថាបញ្ហាផ្តើមរដូវកាលថ្មីមិនបានល្អរបស់កូនក្រុមនៅ AS Roma មិនមែនជាបញ្ហាដែលកើតចេញពីរូបលោកនោះទេ។ លោក Mourinho បានលើកឡើងអំពីបញ្ហានៅក្នុងក្លិបដែលលោកត្រូវបានគេចង់ឱ្យលោកចាកចេញពីតំណែង។

បើទោះជាបានឈ្នះពានរង្វាន់ Europa Conference League នៅក្នុងឆ្នាំ ២០២២ ហើយបានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League កាលពីរដូវកាលមុន។ សម្រាប់ Roma នៅដើមរដូវកាលថ្មីនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ នៃក្របខណ្ឌ Serie A ដោយរកបានត្រឹមតែ ៥ពិន្ទុក្នុងដៃប៉ុណ្ណោះ។
 
កាលពីពេលថ្មីៗនេះលោក Mourinho ក៏បាននិយាយថា លោកបានបដិសេដសំណើរដ៏ឆ្កួតលីលារបស់ក្លិប ដែលស្នើឱ្យលោកចាកចេញពីក្លិបនៅដើមរដូវកាល។
 
«កាលពី៣ ខែមុន មានគំនិតមួយកើតឡើងគឺចង់ឱ្យខ្ញុំចាកចេញ ហើយរឿងនេះត្រូវបានគេមើលឃើញថាស្ទើរតែជាសោកនាដកម្មមួយទោហើយ។ អំឡុងពេលសម្រាក់វិស្សមកាល ខ្ញុំបានទទួលការផ្តល់ជូននៅសំណើរដ៏ឆ្កួតបំផុត ដែលគ្រូបង្វឹកមិនធ្លាប់នឹងទទួលបានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយខ្ញុមក៏បានបដិសេធ។ ខ្ញុំបានធ្វើដូច្នេះ ដោយសារតែខ្ញុំបានសន្យាជាមួយនឹងកីឡាកររបស់ខ្ញុំ អ្នកគាំទ្រ និងម្ចាស់ក្លិប ហើយ ៣ខែ បន្ទាប់ វាហាក់បីដូចជាខ្ញុំជាបញ្ហានៃរឿងទាំងនេះ ខ្ញុំមិនអាចទទួលយកបានឡើយ។»។ លោក Mourinho បានលើកឡើងបែបនេះក្នុងសន្និសីទកាសែត។
 
ឆ្លងកាត់ការប្រកួតចំនួន ៦លើក នៃក្របខណ្ឌ Serie A ក្រុម Roma រកបានជ័យជម្នះត្រឹមតែ ១លើកប៉ុណ្ណោះ ជាមួយនឹងជ័យជម្នះដោយលទ្ធផល ៧-០ ទល់នឹងក្រុម Empoli ។
លោក Mourinho ជាគ្រូបង្វឹកមួយរូបដែលធ្លាប់បានឈ្នះពានរង្វាន់ Serie A ចំនួន ២លើកជាប់គ្នាដោយកាលនោះដឹកនាំក្រុម Inter Milan នៅក្នុងឆ្នាំ ២០០៩ និង ២០១០។ លោកបានមកដឹកនាំ Roma ក្រោយត្រូវក្លិប Spurs បណ្តេញចេញនៅក្នុងឆ្នាំ ២០២១។
 
ចំពោះការកាន់តំណែងនៅក្នុងក្លិប Roma លោក Mourinho បានអះអាងថា លោកនឹងតស៊ូគ្រប់យ៉ាងរហូតដល់លោកបានដាច់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤។ ការប្រកួតបន្ទាប់របស់ Roma នឹងត្រូវប្រកួតទល់នឹងក្រុមចំណាត់ថ្នាក់លេខ ៨ Frosinone នៅក្នុងទឹកដីខ្លួន នៅយប់ឈានចូលថ្ងៃទី២ តុលា (ម៉ោងនៅកម្ពុជា)៕
 

Tag:
 Jose Mourinho
  AS Roma
© រក្សាសិទ្ធិដោយ thmeythmey.com