ជាតិ
អភិបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ នៅទន្លេវ៉ៃគោ ការប្រណាំងទូកនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តស្វាយរៀង
× ភ្នំពេញ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោនៅថ្ងៃទី១៨-១៩វិច្ឆិកា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត។
អភិបាលខេត្តស្វាយរៀង សម្រេចរៀបចំការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក ដើម្បីបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ដល់ពលរដ្ឋទស្សនាកម្សាន្ត មុនពេលបុណ្យអុំទូកប្រពៃណីជាតិខ្មែរមកដល់ ។
លោក ប៉េង ពោធិ៍សា អំពាវនាវឱ្យសាធារណជន រួមទាំងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ចុះឈ្មោះនៅមន្ទីរទេសចរណ៍ខេត្ត សម្រាប់ការចូលរួមប្រណាំងទូក។
នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ប្រពៃណីជាតិ នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ដល់២៨វិច្ឆិកា។ សូមជម្រាបថា ការប្រណាំងទូកជាទូទៅ មានរយៈពេល ៣ថ្ងៃ ដែលត្រូវនឹងថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកត្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។
ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺនៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកត្តិក។ ពិធីបុណ្យអុំទូក មានដើមកំណើតតាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧មកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com