ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោក Kevin McCarthy ប្រឈមនឹងការដកតំណែងចេញ ក្រោយរដ្ឋាភិបាលអាម៉េរិក អាចបន្តដំណើរការបានរយៈពេលជាង១ខែទៀត។ សមាជិកបក្សសាធារណរដ្ឋ លោក Matt Gaetz នៅថ្ងៃទី១ ខែតុលា បានអះអាងថា លោកកំពុងស្វះស្វែងរកការដកតំណែងលោក Kevin McCarthy។
រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី៣០ ខែកញ្ញា បានចៀសផុតការបិទ ដែលអាចបង្កឱ្យបុគ្គលិកសហព័ន្ធជាច្រើនពាន់នាក់គ្មានប្រាក់បើក ក្រោយសភាអាម៉េរិកទាំងពីរថ្នាក់ បានឯកភាពលើកិច្ចព្រមព្រៀងមូលនិធិរយៈពេលខ្លីសម្រាប់រដ្ឋាភិបាលអាម៉េរិក ដោយអាចដំណើរការដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ។
ក្រោយការឯកភាពភាពនេះ ប្រធានសភាតំណាងរាស្រ្តអាម៉េរិក លោក Kevin McCarthy ប្រឈមនឹងការដកតំណែងចេញ ក្រោមហេតុផលមិនគោរពកិច្ចព្រមព្រៀងនៅខែមករា ឆ្នាំ២០២៣។ ការព្រមព្រៀងនោះ ជាការឯកភាពរវាងសមាជិកសភាបក្សសាធារណរដ្ឋទាំងអស់ ក្នុងការគាំទ្រលោក McCarthy ជាប្រធានសភាតំណាងរាស្រ្ត។
លោក Matt Gaetz សមាជិកសភាមកពីបក្សសាធារណរដ្ឋ បានគំរាមដកតំណែងលោក Kevin McCarthy នៅក្នុងសប្តាហ៍នេះ ក្រោមហេតុផលលោកបានធ្វើខុសនឹងកិច្ចព្រមព្រៀងដែលបានធ្វើជាមួយសមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម។ ត្រង់ចំណុចនេះ លោក Gaetz ដែលជាអ្នកអភិរក្សនិយមមួយរូប បានអះអាងថា សភាអាម៉េរិក ចាំបាច់ត្រូវប្តូរប្រធានសភាថ្មីមួយរូប ដែលអាចទុកចិត្តបាន។
សមាជិកសភាមកពីបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម តែងទទូចឱ្យ រដ្ឋាភិបាលអាម៉េរិកកាត់បន្ថយការចំណាយ។
ប៉ុន្មានម៉ោងក្រោយ លោក McCarthy បានជំរុញឱ្យសមាជិកសភាបក្សសាធារណរដ្ឋមាននិន្នាការអភិរក្សនិយម បន្តនីតិវិធីដករូបលោក ប្រសិនបើលោក Matt អាចធ្វើបាន។
«បាទ ខ្ញុំនឹងរួចផុតពីការដកតំណែង»។ ប្រធានសភាតំណាងអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CBS នៅថ្ងៃទី១ ខែតុលា។ ជុំវិញបញ្ហានេះ លោក McCarthy បានចាត់ទុកជាបញ្ហាផ្ទាល់ខ្លួននជាមួយលោក Matt។
មិនតែប៉ុណ្ណោះ លោក McCarthy បានបន្តថា លោក Matt ប្រឆាំងនឹងលទ្ធភាពរបស់សមាជិកសភាអភិរក្សនិយមក្នុងការការពារព្រំដែនអាម៉េរិកថែមទៀត។
ពេលនេះ ប្រធានបទការដកតំណែងលោក McCarthy កំពុងត្រូវបានជជែកយ៉ាងខ្លាំង ក្នុងចំណោមសមាជិកសភាបក្សសាធារណរដ្ឋ។
កន្លងមក លោក McCarthy ក៏ស្ថិតនៅក្រោមសម្ពាធរបស់សមាជិកសភាបក្សសាធារណរដ្ឋដែលមាននិន្នាការគាំទ្រអភិរក្សនិយមផងដែរ ក្នុងការបើកការស៊ើបអង្កេតលើការដកតំណែងលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក មុនការបោះឆ្នោតមកដល់ ក្រោមបទចោទរំលោភអំណាច និងអំពើពុករលួយ៕