កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករកូរ៉េខាងជើងប៉ះទង្គិចជាមួយក្រុមអាជ្ញាកណ្តាល ក្រោយចាញ់ជប៉ុននៅកីឡាអាស៊ី
02, Oct 2023 , 1:59 pm        
រូបភាព
ក្រុមកីឡាករកូរ៉េខាងជើង ប៉ះទង្គិចគ្នាជាមួយនឹងមន្ត្រីអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត ក្រោយចាញ់ក្រុមជប៉ុនដោយលទ្ធផល ២-១ នៃវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងទីក្រុងហានចូវ។ លោក Sin Yong Nam ជាគ្រូបង្វឹកក្រុមបានចូលឃាត់កីឡាករ កុំឱ្យបង្កបញ្ហាជាមួយនឹងមន្ត្រីអាជ្ញាកណ្តាល។



កីឡាករប្រធានក្រុមកូរ៉េខាងជើង Jang Kuk Chol និងមិត្តរួមក្រុម Kim Kyong Sok បានសម្តែងអារម្មណ៍ខឹងសម្បារលើអាជ្ញាកណ្តាលការប្រកួតលោក ​Rustam Lutfullin បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល ២-១។ 
 
កីឡាករកូរ៉េខាងជើង បានរត់តាមចោមរោមលើលោកអាជ្ញាកណ្តាលសញ្ជាតិអ៊ូបេគីស្ថាន ខណៈលោកអាជ្ញាកណ្តាលបានព្យាយាមថយចេញពីការចោមរោម។
 
អំឡុងពេលប្រឈមមុខដាក់គ្នានោះ ជំនួយការអាជ្ញាកណ្តាល និងបុគ្គលិកសន្តិសុខជាច្រើននាក់ ក៏ដូចជាគ្រូបង្វឹកជនជាតិកូរ៉េខាងជើង ក៏បានរត់ទៅឃាត់កីឡាករ និងព្យាយាមដោះស្រាយស្ថានការណ៍។ ការខឹងសម្បារកើតឡើងដោយក្រុមជប៉ុនទទួលបានគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីអាចយកឈ្នះលើក្រុមកូរ៉េខាងជើងនៅចុងវគ្គទីពីរ ដែលជាការស៊ុតរបស់កីឡាករ Yuta Matsumura។
 
ចំពោះបញ្ហាដែលបានកើតឡើងគ្រូបង្វឹកក្រុមកូរ៉េខាងជើងបានលើកឡើងដូច្នេះថា ៖«ខ្ញុំទទួលស្គាល់ថាកីឡាករយើងមានការផ្តោតខ្លាំងពេកលើការប្រកួត ប៉ុន្តែនេះគឺជាបាល់ទាត់។ ប៉ុន្តែមានការប្រឈមមុខគ្នានៅក្នុងការប្រកួតបាល់ទាត់ ខ្ញុំគិតថាអាកប្បកិរិយារបស់យើងគឺអាចទទួលយកបាន។»។
 
ដោយឡែកគ្រូបង្វឹកជប៉ុន បាននិយាយទាក់ទងនឹងបញ្ហាថា ក្រុមលោកក៏មិនសប្បាយចិត្តចំពោះការប្រកួត ដែលមានការប៉ះទង្គិចគ្នាបែបនេះ។ «ការប្រកួតនេះគឺជាអ្វីដែលយើងបានរំពឹងទុក។ មានរឿងខ្លះដូចគ្នាដែលថាយើងមិនសប្បាយចិត្តក្នុងការប្រកួតនេះ ប៉ុន្តែយើងអាចទទួលយកបាន។»។ គ្រូបង្វឹកជប៉ុនលោក Go Oiwa បាននិយាយបែបនេះ។
 
ជប៉ុនឈានជើងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុមហុងកុង ដែលបានទម្លាក់ក្រុម អ៊ីរ៉ង់ដោយលទ្ធផល ១-០។ ចំណែកក្រុមការពារជើងឯកកូរ៉េខាងត្បូងក៏ត្រូវឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយ ក្រោយយកឈ្នះលើម្ចាស់ផ្ទះចិនដោយលទ្ធផល ២-០។ កូរ៉េខាងត្បូងនឹងត្រូវជួបក្រុមអ៊ូបេគីស្ថាន ក្រោយក្រុមមួយនេះបានទម្លាក់ក្រុមអារ៉ាប៊ីសាអូឌីតដោយលទ្ធផល ២-១៕
 

Tag:
 កូរ៉េខាងជើង
  កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com