កីឡាអន្តរជាតិ
អន្តរជាតិ
ACL ៖ Neymar ហួសចិត្តពេលឃើញវីដេអូនៃការរៀបចំស្មៅលើទីលាននៃកីឡដ្ឋាន Azadi ក្នុងប្រទេសអ៊ីរ៉ង់
02, Oct 2023 , 5:19 pm        
រូបភាព
តារាបាល់ទាត់ប្រេស៊ីល Neymar Jr ភ្ញាក់ផ្អើល និងបង្ហាញការហួសចិត្ត ក្រោយរូបគេបានឃើញការបង្ហោះវីដេអូការរៀបចំដាំស្មៅនៅលើទីលានក្នុងកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ង់មុនជំនួបរវាងក្រុម Al Hilal ទល់នឹងក្រុម Nassaji Mazandaran នៃជំនួបក្របខណ្ឌ AFC Champions League វគ្គចែកពូល។



ក្រុម Al Hilal កំពុងតែត្រៀមខ្លួនសម្រាប់បន្តការប្រកួតនៅក្នុងពានរង្វាន់ AFC Champions League ដែលធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ទល់នឹងក្រុម Nassaji Mazandaran នាថ្ងៃទី៣ ខែតុលា។ 
 
វីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គម X អតីត Twitter បានបង្ហាញអំពីសកម្មភាពក្រុមអ្នករៀបចំទីលាន បានរៀបចំដាំស្មៅថ្មីនៅលើទីលានក្នុងកីឡដ្ឋាន Azadi មុនការប្រកួត ប៉ុន្តែនាវីដេអូនោះហាក់បង្ហាញថាទីលានក្នុងកីឡដ្ឋាន គឺក្រាលពោរពេញទៅដោយស៊ីម៉ង់ ហើយការទ្រាប់ស្មៅពីលើហាក់មានភាពស្តើងជាងកីឡដ្ឋានការប្រកួតទូទៅ។
  


Neymar Jr បានបង្ហាញអារម្មណ៍ហួសចិត្តនឹងជាអស់សំណើច ក្រោយឃើញទីលានប្រកួតដែលក្រុមរបស់គេនឹងត្រៀមខ្លួនប្រកួតនៅក្នុងជំនួប ACL។ Neymar ធ្លាប់បានបង្ហាញខ្លួនឱ្យ Al Hilal នៅក្នុងពានរង្វាន់ ACL ដោយការប្រកួតនោះក្រុមរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Navbahor។
 
ពេលឃើញវីដេអូនៅលើបណ្តាញសង្គម X ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានសរសេរបង្ហោះនៅលើគណនីរបស់គេដូច្នេះថា ៖«នេះមិនអាចទៅរួចនោះទេ» ដោយលាយឡំជាមួយនឹងរូបភាព (Emoji) បង្ហាញពីអារម្មណ៍នៃការហួសចិត្តនិងរូបភាពនៃការអស់សំណើច។
 
សម្រាប់ការប្រកួតជំនួបទីពីរនៃក្រុម Al Hilal ខ្សែប្រយុទ្ធ Neymar នឹងអាចបង្ហាញខ្លួនសារជាថ្មីសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក ​Jorge Jesus បើទោះជារវាង Neymar នឹងគ្រូបង្វឹកមានភាពមិនចុះសម្រុងគ្នា៕
 

Tag:
 Neymar Jr
  AFC Champions League
© រក្សាសិទ្ធិដោយ thmeythmey.com