អន្តរជាតិ
លោក Biden ចុះ​ហត្ថលេខា​លើ​ច្បាប់​ថរិកា​ដើម្បី​បញ្ចៀស​ការ​បិទ​ដំណើរការ​រដ្ឋាភិបាល
02, Oct 2023 , 7:39 pm        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​ផ្តល់​ថរិកា​ចំណាយ​សម្រាប់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​រហូត​ដល់​ពាក់​កណ្តាល​ខែ​វិច្ឆិកា និង​ដើម្បី​បញ្ចៀស​ការ​បិទ​ដំណើរការ​រដ្ឋាភិបាល។ ការ​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​នៅ​សល់​តិច​ជាង​មួយ​ម៉ោង​មុន​ពេល​ថវិកា​ចំណាយ​សម្រាប់​ទីភ្នាក់ងារ​សហព័ន្ធ​នានា​ត្រូវ​បាន​កំណត់​ឱ្យ​អស់។



លោក Biden បាន​បង្ហោះ​រូបថត​លោក​ចុះ​ហត្ថលេខា​លើ​ច្បាប់​នោះ​ ​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ X។ នៅ​ក្នុង​សារ​ភ្ជាប់​នឹង​រូបថត​នោះ លោក​បាន​ជំរុញ​ឱ្យ​សភា​ចូល​ធ្វើការ​ជា​បន្ទាន់​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំ​សារពើពន្ធ​ពេញ​មួយ​ឆ្នាំ។
 
នៅ​ក្នុង​កិច្ច​ប្រជុំ​ចុង​សប្ដាហ៍​ដ៏​កម្រ​មួយ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​កាលពី​យប់​ថ្ងៃ​សៅរ៍ ហើយ​បាន​បញ្ជូន​វា​ទៅ​ឱ្យ​លោក​ប្រធានាធិបតី Biden ចុះ​ហត្ថលេខា ដើម្បី​បញ្ចៀស​ការ​បិទ​ដំណើរការ​របស់​រដ្ឋាភិបាល។
 
សេចក្តី​ព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​ក្នុង​សំឡេង ៨៨ ទល់​នឹង ៩ បន្ទាប់​ពី​ទទួល​បាន​ការ​អនុម័ត​នៅ​ក្នុង​រដ្ឋសភា​នេះ​នឹង​ផ្តល់​ថវិកា​ដល់​រដ្ឋាភិបាល​សហព័ន្ធ​រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា។ ច្បាប់​នេះ​ក៏​រួម​មាន​នូវ​ថវិកា​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សម្រាប់​ជំនួយ​គ្រោះ​មហន្តរាយ​ដែល​លោក Biden ចង់​បាន​ផង​ដែរ ប៉ុន្តែ​មិន​មាន​បញ្ចូល​នូវ​ថវិកា​ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នោះ​ទេ។
 
បន្ទាប់ពី​ការ​បោះឆ្នោត លោក Biden បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​និយាយ​ថា​ការ​អនុម័ត​ច្បាប់​នេះ​បាន​រារាំង «វិបត្តិ​ដែល​មិន​គួរ​កើតឡើង​មួយ​ដែល​អាច​នឹង​បណ្ដាល​ឱ្យ​មាន​ក្ដី​ឈឺចាប់​ដល់​ប្រជាជន​អាមេរិកាំង​ដែល​ប្រឹងប្រែង​ធ្វើ​ការ​រាប់​លាន​នាក់»។
 
លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា ដែល​ជា​គណបក្ស​មាន​សំឡេង​ភាគ​ច្រើន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់​ពី​ការ​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ថា «យើង​បាន​បញ្ចៀស​មិន​ឱ្យ​មាន​ការ​បិទ​ដំណើរការ​រដ្ឋាភិបាល។ ការ​រួបរួម​របស់​បក្ស​ទាំង​ពីរ ដែល​ជា​លក្ខណៈ​ពិសេស​របស់​ព្រឹទ្ធសភា បាន​ទទួល​ជ័យជម្នះ។ ហើយ​ប្រជាជន​អាមេរិកាំង​អាច​មាន​អារម្មណ៍​ធូរ​ស្រាល​ហើយ»។
 
ប្រសិន​បើ​ច្បាប់​នេះ​មិន​ត្រូវ​បាន​អនុម័ត​ដោយ​សភា​និង​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​នៅ​ត្រឹម​ពាក់​កណ្តាល​អធ្រាត្រ​កាលពី​ថ្ងៃ​សៅរ៍​នោះ​ទេ រដ្ឋាភិបាល​សហព័ន្ធ​នឹង​ត្រូវ​បាន​បិទ។
 
ប្រសិនបើ​រដ្ឋាភិបាល​ត្រូវ​បាន​បិទ ទាហាន​និង​បុគ្គលិក​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាង ៤ លាន​នាក់​នឹង​មិន​ទទួល​បាន​ប្រាក់​ខែ បើ​ទោះបីជា​បុគ្គលិក​នៃ​ទីភ្នាក់ងារ​សំខាន់ៗ​ដូចជា​ផ្នែក​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​និង​ច្រក​ចូល​ព្រំដែន​ផ្លូវការ​ជាដើម​នៅ​បន្ត​ធ្វើការ​ក៏ដោយ។ ជាង​នេះ​ទៀត អ្នក​ទទួល​ប្រាក់​សោធន​និវត្តន៍​អាច​នឹង​មិន​ទទួល​បាន​ប្រាក់​ប្រចាំ​ខែ​របស់​ពួកគេ​ពី​រដ្ឋាភិបាល​ទាន់​ពេល​វេលា​ដើម្បី​យក​ទៅ​បង់​លើ​ការ​ចំណាយ​ផ្សេងៗ ហើយ​ឧទ្យាន​ជាតិ​នានា​អាច​ត្រូវ​បាន​បិទ៕
 

Tag:
 លោក Biden បាន​បង្ហោះ​រូបថត​លោក​ចុះ​ហត្ថលេខា​លើ​ច្បាប់​​ថរិកា​ដើម្បី​បញ្ចៀស​ការ​បិទ​ដំណើរការ​រដ្ឋាភិបាល​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​លើ​បណ្តាញ​សង្គម​អនឡាញ X។ (@POTUS / X)
© រក្សាសិទ្ធិដោយ thmeythmey.com