ជាតិ
ផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ នៅសៀមរាប ដោយសារជំនន់ទឹកភ្លៀង
03, Oct 2023 , 3:26 pm        
រូបភាព
ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះនៅខេត្តសៀមរាបដោយសារជំនន់ទឹកភ្លៀង។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះនៅខេត្តសៀមរាបដោយសារជំនន់ទឹកភ្លៀង។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ភ្លៀងជាប់ៗគ្នារយៈពេល២ទៅ៣ថ្ងៃនេះ ធ្វើឱ្យតំបន់ខ្លះក្នុងភូមិសាស្រ្តខេត្តសៀមរាប មានជំនន់ទឹកភ្លៀង។ រដ្ឋបាលខេត្តបានសម្រេចផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ ខណៈមានទឹកហូរកាត់ខ្លាំង ។

 
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅរសៀល​ថ្ងៃទី៣ តុលា ថា ស្ថានភាពទឹកជំនន់ មិនទាន់ដល់កម្រិតប្រកាសអាសន្ន និងជម្លៀសពលរដ្ឋនៅឡើយទេ គឺគ្រាន់តែជន់លិចក្រោមផ្ទះរបស់ពលរដ្ឋ និងហូរកាត់កំណាត់ផ្លូវ ខ្លះតែប៉ុណ្ណោះ។ លោក វណ្ណៈ បន្ថែមថា ការផ្អាកចរាចរណ៍លើកំណាត់ផ្លូវខ្លះ ដោយសាររដ្ឋបាលខេត្ត បារម្ភផ្លូវទាំងនោះខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តធុនធ្ងន់ បើកកាត់ពេល កំពុងលិច។ 
 
លោក វណ្ណៈ ពន្យល់បន្ថែមថា ជំនន់ទឹកភ្លៀងបានជន់លិចនៅប៉ែកខាងលិច រួមមានស្រុកក្រឡាញ់ ពួក អង្គរជុំ ។ ចំណែកប៉ែកខាងកើត មានជីក្រែង សូទ្រនិគម និងស្វាយលើ។ លោកថា តំបន់ខ្លះនៃស្រុកជីក្រែង បានលិចខ្លាំង ដោយសារទឹកហូរពីលើភ្នំមក ខណៈតំបន់ស្រុកក្រឡាញ់ និងពួក ទឹកបានស្រកខ្លះហើយ។ លោកនាយករដ្ឋបាល បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ នឹងស្រកទៅវិញឆាប់ៗ ក្រោយពេលរាំងភ្លៀង២ទៅ៣ថ្ងៃបន្ទាប់។ 
 


«ដោយសារភ្លៀងជាប់ៗគ្នា ធ្វើឱ្យអ្នកនៅក្បែរភ្នំមានទឹកជន់​ តែទឹកទន្លេសាប​អត់ទាន់​មានជំនន់ទេ។ វាអាចស្រកទៅលឿន ក្នុងករណីអត់ភ្លៀង២ទៅ៣ថ្ងៃ»។ នេះជាការបញ្ជាក់ពីលោក លី វណ្ណៈ។
 
ជំនន់ទឹកភ្លៀងនៅខេត្តសៀមរាប ក៏បានជន់លិចនៅតាមទីវត្តអារាម និងសាលារៀនមួយចំនួនផងដែរ។
 
គួរបញ្ជាក់ថា កំណាត់ផ្លូវដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រកាសផ្អាកចរាចរណ៍បណ្ដោះអាសន្នពីថ្ងៃទី៣ តុលាទៅនេះ រួមមាន កំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក-អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦C (ស្វាយធំ-បន្ទាយស្រី), ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ ២៦៤៥ (ស្វាយលើ-ស្រែណូយ) និងផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)៕
 




Tag:
 ជំនន់ទឹកភ្លៀង
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com