កីឡាអន្តរជាតិ
អន្តរជាតិ
ACL៖ ជំនួប Al Ittihad របស់អារ៉ាប៊ីសាអូឌីត ទល់ក្រុមអ៊ីរ៉ង់ Sepahan ត្រូវលុបចោល ព្រោះកីឡាករមិនចូលទីលាន
× ជំនួបរវាងក្រុម Al Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ទល់នឹងក្រុមអ៊ីរ៉ង់ Sepahan នៅក្នុងពានរង្វាន់ AFC Champions League ត្រូវបានលុបចោល បន្ទាប់ពីកីឡាកររបស់ក្រុមអារ៉ាប៊ីសាអូឌីត បដិសេធមិនព្រមចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយពេលពួកគេឃើញមានរូបសំណាករបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ ដែលត្រូវបានគេធ្វើឃាតបានដាក់នៅច្រកចូលទីលានប្រកួត។
ជំនួបដែលត្រូវលុបចោល រវាង Al Ittihad និង Sepahan នៅក្នុងកីឡដ្ឋាន Naghsh-e Jahan នៅក្នុងទីក្រុង Isfahan ដែលមានអ្នកគាំទ្រប្រមាណជាង៦ម៉ឺននាក់នៅប្រទេសអ៊ីរ៉ង់ បានទន្ទឹងរង់ចាំមើលវត្តមានរបស់កីឡាករ Karim Benzema, Ngolo Kante និង Fabinho ជាដើម។
«ការលុបចោលគឺជារឿងមិនបានរំពឹងទុក និងមិនបានមើលឃើញទុកជាមុន។ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) រំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាសុវត្ថិភាព និងសុវត្ថិភាពរបស់កីឡាករ មន្ត្រីការប្រកួត អ្នកទស្សនា និងអ្នកពាក់ព័ន្ធទាំងអស់។ ឥឡូវនេះបញ្ហានេះនឹងត្រូវបានបញ្ជូនទៅគណៈកម្មការពាក់ព័ន្ធ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ AFC។
លោក Qasem Soleimani ជាឧត្តនសេនីយ៍ដ៏លេចធ្លោម្នាក់នៅក្នុងកងឆ្មាំបដិវត្តន៍អ៊ីស្លាម ត្រូវបានបាញ់សម្លាប់នៅជិតអាកាសយានដ្ឋានបាកដាដក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ ២០២០។
រូបថតពីពហុកីឡដ្ឋានដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរូបតំណាងរបស់លោក Soleimani ដោយត្រូវបានគេដាក់នៅច្រកចូលទីលាន ហើយនឹងមានទិដ្ឋភាពពេញលេញនៃកីឡាករនៅពេលពួគគេចាកចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងកីឡដ្ឋាន។
យ៉ាងណាការប្រកួតដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ រវាងក្រុមមកពីអារ៉ាប៊ីសាអូឌីត ទើបតែត្រូវបានសហព័ន្ធ AFC បើកឱ្យក្រុមមកពីប្រទេសទាំងពីរ មានការប្រកួតក្នុងទឹកដីនិងក្រៅទឹកដីឡើងវិញលើកដំបូងតាំងពីឆ្នាំ ២០១៦។ កាលនោះប្រទេសទាំងពីរត្រូវបានហាមឃាត់ដោយសារតែបញ្ហាមិនចុះសម្រុងផ្នែកការទូត ហើយការប្រកួតក៏ត្រូវបានរៀបចំនៅទឹកដីកណ្តាល ប្រទេសទីបី។
កាលពី ២សប្តាហ៍មុនក្លិប Al Nassr របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានចូលរួមការប្រកួតដែលធ្វើឡើងនៅក្នុងទឹកដីអ៊ីរ៉ង់ ដោយកាលនោះពួកគេបានយកឈ្នះលើក្រុម Persepolis នៅក្នុងកីឡដ្ឋាន Azadi។ ការប្រកួតទីមួយក្នុងពូល E របស់ក្រុម Al Nassr និង Persepolis ធ្វើឡើងដោយមិនអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតឡើយ៕
Tag:
AFC Champions League
Al Ittihad
© រក្សាសិទ្ធិដោយ thmeythmey.com