កីឡាអន្តរជាតិ
អន្តរជាតិ
​UCL ៖ គ្រូ Real Madrid ថាប៉ះក្រុមខ្លាំង Napoli នឹងក្លាយជាប្រកួតដ៏ស្វិតស្វាញ
03, Oct 2023 , 5:09 pm        
រូបភាព
លោក Carlo Ancelotti អ្នកចាត់ការក្រុមអធិរាជស Real Madrid និយាយថាក្រុមរបស់លោកនឹងប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញទល់នឹងក្រុមខ្លាំងមកពីអ៊ីតាលី SSC Napoli នៅក្នុងជំនួបវគ្គសន្សំពិន្ទុពូល C ថ្ងៃទី៣ ខែតុលា វេលាម៉ោង ២យប់រំលងអាធ្រាត្រ​(ម៉ោងនៅកម្ពុជា)ក្របខណ្ឌ UEFA Champions League រដូវកាល ២០២៣-២៤។



ក្រុមជើងខ្លាំងរបស់អេស្ប៉ាញ បានចាប់ផ្តើមបេសកកម្មក្នុងការស្វែងរកពានរង្វាន់ក្លិបកំពូលអឺរ៉ុបលើកទី១៥ របស់ខ្លួន ដោយការប្រកួតលើកដំបូងកាលពី ២សប្តាហ៍មុនពួកគេបានឈ្នះលើក្រុម Union Berlin ដោយលទ្ធផល ១-០។ កាលពីការប្រកួតសប្តាហ៍ដំបូង Napoli បានយកឈ្នះការប្រកួតលើក្រុម SC Braga លទ្ធផល ២-១ ហើយបច្ចុប្បន្នពួកគេឈរនៅចំណាត់លេខ ៣ នៃក្របខណ្ឌ Serie A។
 
ការប្រកួតរវាង Real Madrid ទល់នឹងក្រុម Napoli នៅក្នុងកីឡដ្ឋាន Diego Armando Maradona អាចនឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមខ្លាំងពីរដើម្បីដណ្តើមតំណែងកំពូលតារាងពូល C។
  


«យើងនឹងត្រូវលេងទល់ក្រុមល្អបំផុតមួយនៅក្នុងប្រទេសអ៊ីតាលី ពួកគេធ្វើបានល្អកាលពីឆ្នាំមុន ហើយការប្រកួតនេះនឹងក្លាយជាការប្រជែងដ៏តានតឹងបំផុត ព្រោះថារាល់ការប្រកួតនឹងក្លាយជាការប្រកួតដ៏មានកម្រិតខ្ពស់បំផុត។ វានឹងក្លាយជាការប្រកួតដ៏លំបាកនៅក្នុងវគ្គចែកពូលសម្រាប់យើង។»។ លោក Ancelotti បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
 
ការប្រកួតរវាង Real Madrid និង Napoli នឹងក្លាយជាការវិលត្រលប់សារជាថ្មីសម្រាប់លោក Ancelotti សម្រាប់ក្លិបនៅក្នុងទីក្រុង Naples នៃប្រទេសអ៊ីតាលី ដែលជាទីកន្លែងដែលគ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានដឹកនាំក្រុមលេងបាន ៧៣ប្រកួត ពីឆ្នាំ ២០១៨ ដល់ ២០១៩។ 
 
ដោយឡែកមុនការប្រកួតរវាង Real Madrid និង Napoli នៅវេលាម៉ោង ២យប់រំលងអាធ្រត្រ បានមកដល់ ការប្រកួតវគ្គចែកពូលនៃ UCL របស់គូដទៃទៀត ដោយជំនួបពូល C ដូចគ្នានេះ ក្រុម Union Berlin ស្វាគមន៍ក្រុម SC Braga វេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា)។ 
 
ពូល D ក៏មានការប្រកួតនៅវេលាម៉ោង ១១:៤៥យប់ ដោយក្រុម FC Salzburg ទទួលស្វាគមន៍ Real Sociedad មុនពេលដែលក្រុម Inter Milan បើកទ្វារកីឡដ្ឋាន San Siro ស្វាគមន៍ក្រុមខ្លាំង SL Benfica វេលាម៉ោង ២យប់រំលងអាធ្រាត្រ។
 
ក្រុម Arsenal នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំង ប៉ះជាមួយនឹងក្រុមកំពុងឡើងជើង RC Lens ស្របពេលដែលក្រុម PSV Eindhoven ទទួល Sevilla វេលាម៉ោង ២យប់ដូចគ្នា។ 
សម្រាប់ជំនួបពូល A ក្រុមខ្លាំង Bayern Munich នឹងត្រូវតទល់ជាមួយនឹងក្រុមម្ចាស់ផ្ទះ FC Copenhagen ខណៈដែលក្រុម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុម Galatasaray វេលាម៉ោង ២យប់៕
 

Tag:
 UEFA Champions League
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com