កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Ratcliffe ពិចារណាទិញភាគហ៊ុនក្លិប Man Utd
03, Oct 2023 , 7:39 pm        
រូបភាព
មហាសេដ្ឋីអង់គ្លេស លោក Sir Jim Ratcliffe ពិចារណាទិញភាគហ៊ុនមួយភាគនៅក្នុងក្លិប Manchester United ដើម្បីរួមចំណែកសម្រួលដល់ភាពជាប់គាំងរបស់ក្លិប។ ការចង់ទិញភាគហ៊ុនរបស់ម្ចាស់ក្រុមហ៊ុន INEOS Group នេះ ស្របពេលម្ចាស់ភាគហ៊ុនធំសព្វថ្ងៃរបស់ក្រុមគ្រួសារ Glazers កំពុងរងការរិះគន់ពីសំណាក់អ្នកគាំទ្របិសាចក្រហម។



ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ក្រុមគ្រួសារ Glazer ដែលជាម្ចាស់ក្លិប បានប្រកាសអំពីការដាក់លក់ក្លិបយក្សស្ថិតក្នុងប្រទេសអង់គ្លេស ខណៈដែលពួកគេក៏ចង់ស្វែងរកជម្រើសដើម្បីជាយុទ្ធសាស្រ្តពង្រឹងក្លិប។ នាពេលកន្លងមកក្រុមហ៊ុន INOES ដែលមានលោក Jim Ratcliffe ព្រមទាំងព្រះអង្គម្ចាស់ Sheikh Jassim Hamad Al Thani ដែលជាបុត្ររបស់អតីតនាយករដ្ឋមន្ត្រីប្រទេសកាតា និងជាម្ចាស់ធនាគារដ៏ធំនៅកាតា បានដេញថ្លៃសម្រាប់ការទិញក្លិប ដោយកាលនោះតម្លៃនៃការដេញថ្លៃប្រមាណជាង ៥ពាន់លានផោន (៦,៥ពាន់លានដុល្លារ)។
 
សម្រាប់ព្រះអង្គម្ចាស់ Sheikh Jassim កាលនោះចាប់អារម្មណ៍ចង់ទិញក្លិបផ្តាច់ទាំងមូលតែម្តង ខណៈដែលលោក Ratcliffe និយាយថាលោកចង់ទិញភាគហ៊ុនមួយចំណែកប៉ុណ្ណោះ។ 
 
ក្រោយពេលមានការដេញថ្លៃប៉ុន្មានខែរួចមក ក្រុមគ្រួសារ Glazers ក៏បានប្រែចិត្តសម្រេចមិនលក់ក្លិបវិញ ដោយចង់ចែករំលែកភាគហ៊ុនទៅកាន់ម្ចាស់ថ្មី ដើម្បីចូលរួមកសាងក្លិបឡើងវិញ។
 
ចំណែកចំណាប់អារម្មណ៍នៃការទិញភាគហ៊ុនមួយភាគតិចពីសំណាក់លោក Ratcliffe អាចនឹងមិនធ្លាក់ចុះ អំពីទំនាក់ទំនងល្អជាមួយនឹងអ្នកគាំទ្ររបស់ក្រុម Man United ដែលបានធ្វើបាតុកម្មប្រឆាំងនឹងក្រុមគ្រួសារ Glazer ទាំងក្រៅនិងខាងក្នុងកីឡដ្ឋាន Old Trafford។ វិធីសាស្ត្រនេះអាចជាមធ្យោបាយដ៏ល្អបំផុតសម្រាប់លោក Ratcliffe ដើម្បីធានាភាពជាម្ចាស់ក្នុងរយៈពេលវែងបាន។
 
បំណងពីលោក Ratcliffe ជាថ្មីនេះ នឹងអនុញ្ញាតឱ្យគ្រួសារ Glazer រក្សាភាគហ៊ុនសំខាន់នៅក្នុង ក្លិប ទោះបីជាព័ត៌មានលម្អិតច្បាស់លាស់នៃកិច្ចព្រមព្រៀងណាមួយនៅតែមិនទាន់បានបង្ហាញ៕

Tag:
 Manchester United
  Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com