កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd និង Arsenal ចាញ់ ឯ Bayern និង Real បន្តឈ្នះ
04, Oct 2023 , 9:59 am        
រូបភាព
ក្រុម Manchester United បរាជ័យ២លើកជាប់គ្នានៅ២ប្រកួតដំបូង បន្ទាប់ពីចាញ់ Galatasaray ៣-២ នៅ Old Trafforld ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុពូល A។ Arsenal បរាជ័យក្រោមថ្វីជើងក្រុមបារាំង Lens ក្នុងលទ្ធផល ២-១ ស្របពេល Bayern Munich និង Real Madrid បន្តឈ្នះរៀងខ្លួន។



ខ្សែប្រយុទ្ធចំណូលថ្មី Rasmus Hojlund រកបាន២គ្រាប់ឱ្យក្រុមម្ចាស់ផ្ទះ ប៉ុន្តែពីរគ្រាប់នេះមិនអាចជួយក្រុម Man Utd ទទួលបាន៣ពិន្ទុ សម្រាប់ជំនួបទី២ពូល A នៅរាត្រីថ្ងៃទី៣ ខែតុលាឡើយ។ Wilfried Zaha ដែលជាអតីតកីឡាករបិសាចក្រហម រួមជាមួយ Kerem Akturkoglu និង Mauro Icardi រកបានម្នាក់១គ្រាប់ ដើម្បីជួយ Galatasaray ឈ្នះ Man Utd ៣-២។
 
ឆ្លងកាត់ការប្រកួតពីរលើកក្រុមលោក Erik ten Hag ចាញ់ទាំងពីរលើក ស្ថិតនៅបាតតារាងពូល A ស្របពេល Bayern Munich ដែលបន្តយកឈ្នះ FC Copenhagen ២-១ ឈរនៅកំពូលតារាងមាន៦ពិន្ទុពេញ។ Galatasaray ឈរលេខ២បណ្តោះអាសន្នមាន៤ពិន្ទុ ឯ FC Copenhagen នៅលេខ៣មាន១ពិន្ទុ។
 
Arsenal ក៏រងបរាជ័យផងដែរនៅជំនួបទី២ពូល B ក្រោមថ្វីជើង Lens ក្នុងលទ្ធផល ២-១។ ២គ្រាប់វាយបកតាមឈ្នះរបស់ Lens នៅកីឡដ្ឋាន Stade Bollaert-Delelis សម្រេចបានដោយ Adrien Thomasson នាទី២៥ និង Elye Wahi  នាទី៦៩ មុនពេល Gabriel Jesus ស៊ុតគ្រាប់នាំមុខឱ្យកាំភ្លើងធំនៅនាទី១៤។ ក្នុងពូលនេះ Sevilla ស្មើ PSV Eindhoven ២-២។ ឆ្លងកាត់ប្រកួត២លើក Lens ឈរកំពូលតារាងមាន៤ពិន្ទុ តាមពីក្រោយដោយ Arsenal មាន៣ពិន្ទុ Sevilla លេខ៣មាន២ពិន្ទុ និង​ PSV នៅបាតតារាងមាន១ពិន្ទុ។
 
Real Madrid បានវាយបកយកឈ្នះ Napoli ក្នុងលទ្ធផល ៣-២ សម្រាប់ជំនួបទី២ពូល C។ នៅកីឡដ្ឋាន Diego Armando Maradona ខ្សែការពារ Leo Ostigard រកបានគ្រាប់នាំមុនឱ្យម្ចាស់ផ្ទះ Napoli នៅនាទី១៩ មុនពេល Vinicius Junior រកបានគ្រាប់តាមស្មើឱ្យអធិរាជស នៅ៨នាទីបន្ទាប់។ ៥នាទីក្រោយមក Jude Bellingham ស៊ុតគ្រាប់នាំមុខឱ្យ Real Madrid វិញ មុនពេល Piotr Zielinski តាស្មើ ២-២វិញ នៅនាទី៥៤។ អ្នកចាំទី Alex Meret បានធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទី៧៨ ដែលធ្វើឱ្យក្រុមយក្សអេស្ប៉ាញ ឈ្នះក្រុមអ៊ីតាលី ៣-២។ ក្នុងពូល C នេះដែរ SC Braga ឈ្នះ Union Berlin ៣-២ នៅជំនួបទី២។ ក្រោយប្រកួត២លើក Real Madrid រកបាន៦ពិន្ទុពេញឈរកំពូលតារាង តាមពីក្រោយដោយ Napoli ដែលមាន៣ពិន្ទុ ស្មើក្រុមលេខ៣ Braga ឯ Union Berlin នៅបាតតារាងគ្មានពិន្ទុរាប់។
 
នៅពូល D វិញ Inter Milan បានយកឈ្នះ Benfica ២-១ ស្របពេល Real Sociedad ឈ្នះ FC Salzburg ២-០។ Real Sociedad ឈរកំពូលតារាងមាន៤ពិន្ទុ ស្មើ Inter Milan ដែលនៅលេខ២បណ្តោះអាសន្ន តាមពីក្រោយដោយ Salzburg មាន៣ពិន្ទុ និង​ Benfica នៅបាតតារាងគ្មានពិន្ទុក្រោយប្រកួត២លើក៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com