ជាតិ
​មន្រ្តីអប្សរាថាមិនបារម្ភរឿងជន់លិចប្រាសាទនិងក្រុងសៀមរាបឡើយ ខណៈទឹកធ្លាក់យ៉ាងគំហុក
04, Oct 2023 , 11:59 am        
រូបភាព
សៀមរាប៖ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បណ្ដាលឱ្យតំបន់មួយចំនួនក្នុងខេត្តសៀមរាប ជន់លិចដោយសារជំនន់ទឹកភ្លៀង។ ស្ថានភាពបច្ចុប្បន្ននៅតំបន់អង្គរវិញ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងដើម្បីគ្រប់គ្រងស្ថានការណ៍ និងបញ្ជៀសទឹកកុំឱ្យជន់លិចប្រាសាទ។


 
ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា លោក ភឿន សុឃីម បានបញ្ជាក់នៅថ្ងៃទី៤ តុលាថា ស្ថានភាពទឹកនៅតំបន់អង្គរ កំពុងគំហុកខ្លាំង ដែលតម្រូវឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងស្ថានការណ៍។ បើតាមលោក សុឃីម ក្រុមការងារតាមដានទាំងថ្ងៃទាំងយប់ និងកំពុងបើកទ្វារទឹកសំខាន់ៗ ដើម្បីបញ្ជៀសទម្លាក់ទៅផ្នែកខាងក្រោម។ 
 
លោក សុឃីម បន្តថា អាជ្ញាធរជាតិអប្សរាបានបង្ហូរទឹកទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយផ្នែកទៀតបង្ហូរចូលទុកក្នុង កសិន្ធុអង្គរវត្ត កសិន្ធុអង្គរធំ បារាយការណ៍ខាងលិច បារាយណ៍ខាងជើង និងតាមបារាយណ៍ដទៃទៀត។
 


តាមអ្នកជំនាញទឹក ស្ថានភាពទឹកក្នុងឆ្នាំ២០២៣នេះ គឺមានគំហុកខ្លាំងបើធៀបនឹងឆ្នាំ២០១៤។ យ៉ាងណា លោក សុឃីម បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍ទាំងនេះបាន និងធានាថា ជំនន់ទឹកភ្លៀងមិនអាចជន់លិចតំបន់ប្រាសាទនិងក្រុងសៀមរាបបានឡើយ។ លោកពន្យល់ថា ដោយសារតំបន់អង្គរបានសាងសង់ទ្វារទឹកច្រើន និងបានស្ដារប្រព័ន្ធចាស់ៗដែល​មានស្រាប់ ទើបអាចគ្រប់គ្រងស្ថានការណ៍នេះបាន។ 
 
ស្ថានភាពទឹកអាចនឹងធូរស្រាលវិញកំឡុងពេល២ទៅ៣ថ្ងៃបន្ទាប់ ក្នុងករណីពុំមានភ្លៀងធ្លាក់បន្តទៀត។ លោក សុឃីម ស្នើឱ្យពលរដ្ឋយោគយល់កំឡុងពេលនេះ ខណៈដែលមានការបើកទ្វារទឹកច្រើនកន្លែង ដែលអាចបណ្ដាលឱ្យផ្ទះពលរដ្ឋខ្លះនៅជាប់មាត់អូរជន់លិចក្នុងរយៈពេលខ្លី៕
 




Tag:
 ជំនន់ទឹកភ្លៀង
  ទឹកតំបន់អង្គរ
  អាជ្ញាធរជាតិអប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com