អន្តរជាតិ
ប៉ូលិសថៃ៖ ជនសង្ស័យប្រើប្រាស់កាំភ្លើងច្នៃ ដើម្បីបាញ់ប្រហារនៅផ្សារ Siam Paragon
04, Oct 2023 , 2:39 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ជនសង្ស័យមានវ័យ ១៤ឆ្នាំ ដែលវាយប្រហារនៅផ្សារទំនើប Siam Paragon ក្នុងថ្ងៃទី៣ ខែតុលា បានច្នៃកាំភ្លើងដែលទុកសម្រាប់បាញ់គ្រាប់គ្មានក្បាល ទៅជាកាំភ្លើងបាញ់គ្រាប់ពិត។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ូលិសថៃ នៅថ្ងៃទី៤ ខែតុលា។ ជនបរទេស២នាក់ បានស្លាប់ និងធ្វើឱ្យរបួសមនុស្សចំនួន៥រូប។

 
នៅថ្ងៃទី៣ ខែតុលា ជនសង្ស័យ ដែលមានវ័យ ១៤ឆ្នាំ បានវាយប្រហារនៅក្នុងផ្សារទំនើប Siam Paragon និងត្រូវបានចាប់ខ្លួននៅជាន់ទីបី ក្រោយអស់គ្រាប់ និងបានប៉ុនប៉ងគេចខ្លួន។ ជនសង្ស័យ បានសម្លាប់ ជនបរទេសចំនួន ២រូប និងបង្ករបួសលើមនុស្សចំនួន ៥រូបផ្សេងទៀត។ ភ្លាមៗ ប៉ូលិសថៃ បានរាយការណ៍មនុស្សស្លាប់៣នាក់ ប៉ុន្តែក្រោយមកត្រូវកែតម្រូវវិញ។ 
 
តាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ Samran Nuanma ជនសង្ស័យរូបនេះ បានច្នៃកំភ្លើង ដែលប្រើប្រាស់សម្រាប់បាញ់គ្រាប់គ្មានក្បាលទៅជាកាំភ្លើងបាញ់គ្រាប់ពិត។ ប៉ូលិស បានអះអាងថា ជនសង្ស័យ បានទទួលការព្យាបាលផ្នែកផ្លូវចិត្ត និងបានរំលងការប្រើប្រាស់ថ្នាំព្យាបាល។ 
 
«ជាធម្មតា យើងមិនអាចចាប់ខ្លួនជនសង្ស័យទាំងរស់បានឡើយ»។ ស្នងការប៉ូលិសថៃ លោក Torsak Sukvimol បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសសម្ភាសនៅថ្ងៃទី៤ ខែតុលា ដោយបន្តថា ជនសង្ស័យ បានអះអាងថា ខ្លួនបានលឺសំឡេងនរណាម្នាក់បញ្ជាឱ្យខ្លួនបាញ់កាំភ្លើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទាក់ទិននឹងបញ្ហានេះ ស្នងការប៉ូលិសថៃ បានចាត់ទុកករណីនេះ គឺសំខាន់ និងត្រូវសិក្សាព័ត៌មានបន្ថែមពីកុមាររូបនោះ។ 
 
ហេតុការណ៍នេះ អាចជះឥទ្ធិពលអវិជ្ជមានដល់ផ្សារទំនើប Siam Paragon ដែលជាផ្សារដ៏ល្បីឈ្មោះមួយនៅថៃ ក៏ដូចជាវិស័យទេសចរណ៍ថៃ ដែលរដ្ឋាភិបាលថៃ កំពុងខិតខំទាក់ទាញទៅបរទេសខ្លួន៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com