ជាតិ
លោក ស សុខា បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែន បិទច្រករបៀងខុសច្បាប់ ក្រោយឃើញភាពមិនប្រក្រតី
04, Oct 2023 , 3:09 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួង មហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបពីក្រសួង មហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអភិបាលខេត្តជាប់ព្រំដែន បិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ តែបើមានករណីចាំបាច់ ក្រោយពីវាយតម្លៃទៅឃើញថា ច្រកនោះ មានសក្តានុពលសេដ្ឋកិច្ចនិងសង្គម ត្រូវស្នើសុំបង្កើតច្រកទ្វារព្រំដេនជាផ្លូវការវិញ។

 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កេតឃើញមន្ត្រីតាមច្រកទ្វារព្រំដែន អនុវត្តការងារខ្វះចន្លោះ ហើយមានភាពមិនប្រក្រតីមួយចំនួនកើតឡើង ដូចលួចលាក់បើកដំណើរការច្រករបៀងខុសច្បាប់ រួមទាំងយកកម្រៃក្រៅផ្លូវការពីពលករ និងពលរដ្ឋទូទៅផងដែរ។ លោក ស សុខា ចាត់ទុកករណីនេះ បានជះឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ តាមបណ្ដោយខ្សែបន្ទាត់ព្រំដែន។ នេះបើតាម លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបទៅអភិបាលខេត្តដែលនៅជាប់ព្រំដែន។ 
 
អភិបាលខេត្តជាប់ព្រំដែនទាំងអស់ ត្រូវចាត់វិធានការពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយចេញចូលឬឆ្លងកាត់ព្រំដែន ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយ នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ អភិបាលខេត្ត ត្រូវក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពីពលករ និងប្រជាពលរដ្ឋទូទៅ នៅពេលពួកគាត់ឆ្លងកាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន។ លោក ស សុខា បញ្ជា បែបនេះ ។
 
រដ្ឋមន្រ្តីមហាផ្ទៃ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវនិងវាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច​ និងសង្គមរបស់ច្រកដែលមានស្រាប់រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សានិងលើកយោបល់ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ»។ 
 
ទន្ទឹមនឹងនេះ លោក ស សុខា បានណែនាំឱ្យមន្ត្រីជាប់ព្រំដែនទាំងអស់ ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនដល់ពលរដ្ឋ ដោយគ្មានការរើសអើង ហើយគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋចេញចូលឆ្លងកាត់ព្រំដែនឱ្យបានច្បាស់លាស់។ ជាមួយគ្នាដែរ អាជ្ញាធរត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបសកម្មភាពមេខ្យល់ និងអ្នកសមគំនិត
ដែលអូសទាញប្រជាពលរដ្ឋ ឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ 
 
ក្រៅពីនេះ អាជ្ញាធរត្រូវអប់រំ ណែនាំ និងផ្សព្វផ្សាយជាប្រចាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅពេលចេញចូលឆ្លងកាត់ព្រំដែន ដោយត្រូវមានឯកសារឆ្លងដែនស្របច្បាប់ ដែលចេញដោយក្រសួងស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗទៀត។ នេះបើតាមលោក ស សុខា។
 
ទាក់ទិននឹងករណីខាងលើ ក្រសួងមហាផ្ទៃ នឹងចាត់ក្រុមការងារជំនាញចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃពីការបំពេញតួនាទីភារកិច្ចនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។ រដ្ឋមន្ត្រី បានព្រមានថា បើរកឃើញច្រកទ្វារព្រំដែនណាមួយមិនប្រក្រតី ដែលបណ្តាលមកពីការអនុវត្តតួនាទីភារកិច្ចមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់ នឹងចាត់វិធានការតាមផ្លូវច្បាប់៕ 
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com