«គ្រូ» អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដល់សិស្ស : គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ...។ សមណៈដែលបំបួសកុលបុត្រឱ្យបានជាបព្វជិត : គ្រូបំបួស, គ្រូសូត្រ។ ពេទ្យរក្សារោគ : គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ។
«គ្រូបង្រៀន» ជាអ្នកដែលផ្ដល់ការអប់រំទូន្មាន បង្ហាត់បង្ហាញ ផ្ដល់ចំណេះដឹង និងចំណេះធ្វើដល់សិស្សានុសិស្ស : គ្រូបង្រៀននៅជនបទ។ «គ្រូដើម» ជាគ្រូបាធ្យាយដែលតាមថែរក្សា។ «គ្រូបង្គោល» គឺគ្រូដែលមានជំនាញ បច្ចេកទេស វិធីសាស្ត្រ និងបទពិសោធច្រើនផ្ដល់ដល់គ្រូបង្រៀនឯទៀត : វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។
វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏មានសេចក្តីពន្យល់បន្ថែមទៀតអំពីកូនពាក្យផ្សេងទៀតពាក់ព័ន្ធនឹង «គ្រូ» ផងដែរ។ «គ្រូបង្វឹក» ជាគ្រូបង្ហាត់ពិសេសផ្នែកក្បាច់គុន កីឡា ឬសិល្បៈជាដើម : គ្រូបង្វឹកបាល់ទាត់ថ្នាក់ជាតិ។ គ្រូបង្វឹក ក៏មានន័យថា ជាអ្នកណែនាំ បង្ហាត់បង្រៀនឱ្យថ្នឹកដោយអនុវត្តផ្ទាល់លើជំនាញណាមួយ : ថ្នាក់ដឹកនាំជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករជាតិ។
«គ្រូបង្ហាត់» ជាអ្នកបង្រៀនក្បាច់គុន កីឡា ឬសិល្បៈជាដើម : គ្រូបង្ហាត់កីឡា។ «គ្រូបាធ្យាយ» គឺគ្រូឧបជ្ឈាយ៍ ឬ គ្រូ (មានគ្រូសូត្រជាដើម) និងឧបជ្ឈាយ៍ : សិស្សត្រូវសម្ដែងសេចក្ដីគោរពចំពោះគ្រូបាធ្យាយ។ (សាស្ត្រាច្បាប់ក្រម) រីគ្រូបាធ្យាយ ប្រដូចនឹងម្ដាយ ឪពុកសោតណា ...។
«គ្រូសូត្រឆ្វេង» ជាឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត។ គ្រូសូត្រឆ្វេង ត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។ គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្ត ព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សា ហើយសំអាតទីវត្ត ជួសជុលទីសេនាសនៈឬសង់ថ្មី រួបរួមជាមួយអាចារ្យវត្ត : វត្តអារាមនីមួយៗមានព្រះចៅអធិការមួយរូបអមដោយគ្រូសូត្រស្ដាំនិងគ្រូសូត្រឆ្វេង។
«គ្រូសូត្រស្តាំ» ជាឋានន្តរសក្ដិរបស់មន្ត្រីសង្ឃ ដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្ត ហើយត្រូវកាន់សៀវភៅសំណៅសំបុត្រចេញ ចូល, លេខឆាយា សង្ឃដីកា, បញ្ជីរាយនាម ភិក្ខុ សាមណេរក្នុងវត្ត និងសៀវភៅភិក្ខុ សាមណេរចូលមកកាន់វត្ត១និងចេញពីវត្ត១ព្រមទាំងត្រួតត្រាវត្តទាំងមូលជំនួសចៅអធិការ : ក្រុមជំនុំសង្ឃក្នុងវត្តមានគ្រូសូត្រស្ដាំជាប្រធាន។
«គ្រូឧទ្ទេស» ជាអ្នកផ្ដល់បទឧទ្ទេស។ «គ្រូគង្វាល» ជាអ្នកដឹកនាំសាសនានៃព្រះវិហារប្រូតេស្តង់មួយចំនួន។ «គ្រូទាយ»
ជាអ្នកដែលចេះក្បួនហោរាទស្សន៍ទាយ : កុំសូវជឿគ្រូទាយពេក សូម្បីតែកូនរបស់គ្រូទាយ ក៏មានបែកបាក់គ្នាដែរ។ «គ្រូធ្មប់»
គឺអ្នកដែលចេះមន្តអាគម ធ្វើអំពើនរណាម្នាក់ឱ្យឈឺ ឬ ដោះអំពើអាបធ្មប់ : គ្រូធ្មប់អន្ទងក្រពើឱ្យពាំសាកសពបុរសបាត់ខ្លួនមកលើគោក៕