អន្តរជាតិ
អាស៊ាន
ម៉ាឡេស៊ី នឹងអំពាវនាវឱ្យវៀតណាម និងថៃ ផ្តល់អាទិភាពផ្គត់ផ្គង់អង្ករសម្រាប់សមាជិកអាស៊ាន
04, Oct 2023 , 3:58 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
រដ្ឋមន្រ្តីសន្តិសុខស្បៀង និងកសិកម្មម៉ាឡេស៊ី នឹងអំពាវនាវថៃ និងវៀតណាមដែលជាប្រទេសនាំចេញអង្ករធំៗ ឱ្យផ្តល់ អាទិភាពក្នុងការផ្គត់ផ្គង់អង្ករសម្រាប់សមាជិកអាស៊ាន ស្របពេលក្ដីបារម្ភលើការកើនឡើងនៃតម្លៃអង្ករ និងខ្វះខាតអង្ករ។

 
រដ្ឋមន្រ្តីកសិកម្មពីបណ្តាប្រទេសអាស៊ាន កំពុងជួបជុំគ្នានៅទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី។ ជុំវិញកិច្ចប្រជុំនេះ លោក Chan Foong Hin អនុរដ្ឋមន្រ្តីសន្តិសុខស្បៀង និងកសិកម្មម៉ាឡេស៊ី នៅថ្ងៃទី៤ ខែតុលា បានបញ្ជាក់ថា លោកនឹងឆ្លៀតយកឱកាសនេះ ដើម្បីជួបជាមួយថៃ និងវៀតណាម ដែលជាប្រទេសផ្គត់ផ្គង់អង្ករដ៏ធំនៅលើពិភពលោក។ 
 
«នៅជំនួបទ្វេភាគី ខ្ញុំនឹងលើកយកបញ្ហានេះទៅជជែកពិភាក្សា ដូចពីរបៀបដែលយើងចង់ពង្រឹងទំនាក់ទំនងទ្វេភាគី។ ដូច្នេះហើយ អាទិភាពនឹងត្រូវបានផ្តល់ឱ្យមានការនាំចេញអង្ករពីបណ្តាប្រទេសអាស៊ាន»។ លោក Chan បានសង្កត់ធ្ងន់បែបនេះ។ 
 
ការលើកឡើងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងនៅពេលម៉ាឡេស៊ីកំពុងប្រឈមនឹងបញ្ហាអង្ករ ស្របពេលតម្លៃអង្ករកំពុងឡើងថ្លៃនៅក្នុងប្រទេស ហើយការផ្គត់ផ្គង់មានចំនួនទាប។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម  បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គលណាមួយ ដែលស្តុកអង្ករទុក ដើម្បីដំឡើងថ្លៃអង្ករ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ស្របគ្នានេះ ម៉ាឡេស៊ី ក៏បានប្រកាសផ្តល់ឧបត្ថម្ភធន និងចាត់វិធានការផ្សេងទៀតផងដែរ ដើម្បីបញ្ចុះតម្លៃអង្ករ និងធានាពីការផ្គត់ផ្គង់អង្ករសម្រិតដែលផលិតនៅក្នុងស្រុកក្នុងទីផ្សារ។ កន្លងមក ម៉ាឡេស៊ី បាននាំចូលអង្ករប្រមាណ៣៨ភាគរយ ដើម្បីបំពេញតម្រូវការរបស់ខ្លួន ហើយក៏ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលរងផលប៉ះពាល់ដោយគោលនយោបាយរឹតត្បិតលើការនាំចេញអង្ករពីបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា និងរុស្ស៊ីជាដើម។ 
 
ថៃ និងវៀតណាម ស្ថិតក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ដែលនាំចេញអង្ករទៅក្នុងទីផ្សារពិភពលោក។ គិតត្រឹម៨ខែ​ ឆ្នាំ២០២៣ វៀតណាម បាននាំចេញអង្ករបានប្រមាណ ៥,៨១លានតោន និងថៃនាំចេញបាន៥,២៧លានតោន។ ឥណ្ឌា នៅតែជាប្រទេសនាំចេញអង្ករលំដាប់ទីមួយលើពិភពលោក៕ 
 

Tag:
 ម៉ាឡេស៊ី
  វៀតណាម
  ថៃ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com