កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន ការពារមេដាយមាសបាល់ទាត់នារី តទល់កូរ៉េខាងជើង វគ្គផ្តាច់ព្រ័ត្រកីឡាអាស៊ី
04, Oct 2023 , 5:59 pm        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក ជប៉ុន បានទម្លាក់ក្រុមរងជើងឯក និងជាម្ចាស់ផ្ទះចិន ដើម្បីឡើងទៅជួបកូរ៉េខាងជើង វគ្គផ្តាច់ព្រ័ត្រវិញ្ញាសាកីឡាបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ក្នុងក្រុងហាងចូវ។



ជប៉ុន បានយកឈ្នះចិន ៤-១ ក្រោយពេលកូរ៉េខាងជើង លត់អ៊ូសបេគីស្តាន ៨-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែតុលា។
 
ក្រុមបាល់ទាត់នារីជប៉ុន ដែលបានបង្ហាញភាពលេចធ្លោរួចមកហើយនៅ FIFA World Cup 2023 ត្រូវបានចាញ់ទុកជាក្រុមខ្លាំងលើសគេនៅទ្វីបអាស៊ី។ ទម្លាក់ចិន នៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ មានន័យថាជប៉ុន បានផ្តល់ការខកចិត្តឱ្យម្ចាស់ចិនពីរលើកជាប់គ្នា ដ្បិតកាលពីវគ្គផ្តាច់ព្រ័ត្រកីឡាអាស៊ីនៅឥណ្ឌូណេស៊ី ឆ្នាំ២០១៨ ក្រុមរហស្សនាមសាម៉ួរៃ បានយកឈ្នះយក្សចិនក្នុងលទ្ធផល ១-០។
 
សម្រាប់ក្រុមនារីកូរ៉េខាងជើង ដែលជាម្ចាស់ជើងឯកកីឡាបាល់ទាត់ កីឡាអាស៊ីឆ្នាំ២០១៤ នៅកូរ៉េខាងត្បូងផងនោះ ក៏បានបញ្ចេញបច្ចេកទេសអស្ចារ្យលើវាលស្មៅផងដែរ នៅឆ្នាំ២០២៣នេះ បើទោះពួកគេទើបបង្ហាញខ្លួនលើកដំបូងតាំងពីឆ្នាំ២០១៨ ក្រោយរួចបម្រាមរបស់គណកម្មាការអូឡាំពិកអន្តរជាតិ (IOC) ជុំវិញការដកខ្លួនពីអូឡាំពិកក្រុងតូក្យូឆ្នាំ២០២២។
ជប៉ុន និងកូរ៉េខាងជើង ធ្លាប់ជួបគ្នាលើកចុងក្រោយនៅឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ក្នុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដោយកាលនោះ ជប៉ុនបាន ទម្លាក់កូរ៉េខាងជើងនៅវគ្គ៨ក្រុមចុងក្រោយ ដោយលទ្ធផល ២-១។ 
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស កីឡាលំដាប់កំពូលប្រចាំតំបន់អាស៊ីលើកទី១៩ វិញ្ញាសាបាល់ទាត់នារី រវាងជប៉ុន និងកូរ៉េខាងជើង នឹងធ្វើឡើនៅថ្ងៃទី៦ ខែតុលា វេលាម៉ោង៧យប់ ក្រោយជំនួបដណ្តើមមេដាយសំរឹទ្ធរវាងម្ចាស់ផ្ទះចិន និងអ៊ូសបេគីស្ថាន នៅម៉ោង៣រសៀល [ម៉ោងនៅកម្ពុជា]៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com