ជាតិ
សម្ដេចសង្ឃ ពិន សែម ទូន្មានថា បើសឹកហើយ កុំដើរធ្វើធម្មាចារ្យទៀត ទៅធ្វើជំនួញវិញទៅ
04, Oct 2023 , 8:19 pm        
រូបភាព
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម បានសម្ដែងធម៌ទូន្មានទៅកាន់ព្រះសង្ឃគ្រប់អង្គ ដែលសឹកលាចាកសិក្ខាបទហើយ មិនគួរណា ដើរធ្វើធម្មាចារ្យ ឬទេសនាអប់រំ ព្រានប្រដៅអ្នកដទៃ ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា។



សម្ដេច ពិន សែម ​បានផ្ដាំធម្មកថិក ឬព្រះសង្ឃសម្ដែងទេសនាល្បីៗ ដែលទទួលបានការគោរពអំឡុងពេលគ្រងស្បងចីវរនោះ កុំយកព្រះធម៌ទៅដើររកស៊ី ក្រោយពេលសឹកហើយ ព្រោះវាជារឿងឆ្គាំឆ្គងមួយ។ 
 
«បើសិនលាសិក្ខាទៅវិញ កុំទៅធ្វើជាធម្មាចារ្យ ដើរទេសនាឱ្យគេស្ដាប់ទៀត បើខ្លួនឯងជាឧបាសក។ ទៅរកវិជ្ជារកស៊ីជំនួញជួញព្រែលក់ដូរស្អីទៅ»។ នេះជាសង្ឃដីការបស់ព្រះអង្គ ពិន សែម ដែលបានចោទជាសំនួរវិញថា បើសឹកហើយ នៅតែដើរទេសនានោះ តើចាំបាច់សឹកធ្វើអី? ហេតុអ្វីមិនព្រមនៅធ្វើជាសង្ឃទៅ?
 
មូលហេតុដែលសម្ដេច ពិន សែម មានសង្ឃដីការទូន្មានបែបនេះ ដោយសារព្រះអង្គឃើញមានព្រះសង្ឃខ្លះ មានភាពល្បីល្បាញអំឡុងពេលជាធម្មាកថិក ហើយពេលសឹកវិញនោះ មានពុទ្ធបរិស័ទជាច្រើន ចង់លើកកូនក្រមុំឱ្យគ្រប់គ្នា ព្រោះគេឃើញចំណេះដឹងសង្ឃអង្គនោះ នាពេលទេសនា។ ប៉ុន្តែពេលរៀបការហើយនោះ អតីតធម្មាកថិក ដែលល្បីល្បាញនោះ មិនសូវចេះរកស៊ី ហើយចេះតែដើរទូន្មានគេ ក៏កើតមានជម្លោះក្នុងគ្រួសារហើយ ក៏ចែកផ្លូវគ្នាវិញ។
 
ដោយសារធ្លាប់ឃើញទិដ្ឋភាពបែបនេះហើយ ទើបសម្ដេច ពិន សែម មិនចង់ឱ្យធម្មាកថិក ដែលលាចាសិក្ខាបទនោះ យកព្រះធម៌ទៅទេសនា ដើម្បីជាមធ្យោបាយរកស៊ីនោះទេ ព្រោះវាជាឧបាយមួយ។ តែយ៉ាងណាព្រះអង្គ ក៏មិនបានហាមឃាត់អ្នកដែលជ្រះថ្លា នឹងសាសនាដែរ ក្រោយពេលសឹក។ 
 
«ហើយបើថាជ្រះថ្លានឹងសាសនា ទៅធ្វើជាអាចារ្យវត្ត គណៈកម្មកាវត្តអីទៅ ឬធ្វើជាគ្រូបង្រៀនធម៌ បង្រៀនសាលាបាលីអីទៅ កុំទៅដើរទេសនាឱ្យគេស្ដាប់។ ខ្លួនឯងចេះធម៌ ចេះពីសាសនា យោងខ្លួនឯងមិន​រួច។ នៅជាអ្នកបួសមិនកើត ត្រឡប់សឹកហើយ នៅមិនដឹងខ្លួនទៀត»។ នេះជាសង្ឃដីការបស់សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម៕
 

Tag:
 សម្ដេច ពិន សែម
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com