កីឡាជាតិ
ជាតិ
លោក Oleg ផ្ដាំកីឡាករភ្នំពេញក្រោន មិនជាប់ជម្រើសជាតិ បន្ដប្រឹងប្រែងអភិវឌ្ឍខ្លួន
04, Oct 2023 , 10:29 pm        
រូបភាព
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ក្នុងសន្និសីទមុនប្រកួត ជាមួយ Shan United រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ក្នុងសន្និសីទមុនប្រកួត ជាមួយ Shan United រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន លើកទឹកចិត្តកូនក្រុមខ្លួនដែលមិនបានជាប់ជម្រើសជាតិកម្ពុជា ឱ្យបន្តប្រឹងប្រែងភិវឌ្ឍខ្លួនបន្ថែមទៀត។ គ្រូសញ្ជាតិអ៊ុយក្រែនរូបនេះ លើកឡើងដូច្នេះដើម្បីឆ្លើនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតនៅថ្ងៃទី៤ ខែតុលា មុនជំនួប AFC Cup រវាងភ្នំពេញក្រោន និង Shan United។



លោក Oleg Starynskyi បានតបសំនួរអ្នកសារព័ត៌មានដូច្នេះថា ការជ្រើសរើសសមាសភាពក្រុមជម្រើសជាតិ មិនមែនជាតួនាទីរបស់ខ្លួនទេ ហើយនេះ គឺជាការទទួលខុសត្រូវរបស់គ្រូជម្រើសជាតិ គឺលោក Felix G. Dalmas។ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ បន្ថែមទៀតថា សមាសភាពក្រុមជម្រើសជាតិ គឺគ្រូបង្វឹកក្រុមជម្រើសជាតិ រើសដោយផ្ទាល់ ដូច្នេះលទ្ធផលបែបណា គឺជាទំនោលទទួលខុសត្រូវរបស់គេ។ 
 
«ខ្ញុំ មិនមែនគ្រូបង្គោលជម្រើសជាតិទេ។​ គាត់ រើសកីឡាករដោយខ្លួនឯង។ គាត់ រើសកីឡាករណា ដែលគាត់គិតថាល្អ នឹងនាំយកលទ្ធផលមក។ អ្វីៗ ទាំងអស់នឹងស្ថិតលើទីលាន។ ជាគំនិតរបស់ខ្ញុំ អ្នក ជ្រើសរើសក្រុម អ៊ីចឹងអ្នក ត្រូវទទួលខុសត្រូវលើលទ្ធផល។ អ្នក ឈ្នះ! អ្នក នាំមកនូវជ័យជម្នះ!។»។ លោក Oleg Starynskyi បានឆ្លើយសំនួរបែបនេះ។
 
ក្ដីស្រម៉ៃរបស់កីឡាករគ្រប់រូប គឺចង់ជាប់ជាក្រុមជម្រើសជាតិ ហើយប្រកួតតំណាងឲ្យជាតិ ក្នុងអាជីពរបស់ខ្លួន។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា ភ្នំពេញក្រោន មានកីឡាករ មានសមត្ថភាព និងមានសក្ដានុពលច្រើន ប៉ុន្ដែអ្ន​កមួយចំនួន មិនត្រូវបានជ្រើសរើស។ លោក Oleg Starynskyi លើកទឹកចិត្តកីឡាករទាំងនោះ ឲ្យប្រឹងហ្វឹហាត់បន្ថែម និងមិនត្រូវឈប់ការអភិវឌ្ឍខ្លួនឡើយ ព្រោះពួកគេ ត្រូវមានព្រឹត្តិការណ៍ប្រកួតជាច្រើនទៀត។
 
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានប្រាប់ដូច្នេះថា៖«ខ្ញុំ ជឿច្បាស់នេះ កីឡាករគ្រប់រូប ចង់ជាប់ជាមួយក្រុមជម្រើសជាតិ ហើយលេងឲ្យប្រទេសរបស់ពួកគេ។ យើង មានកីឡាករ មានសក្ដានុពលជាច្រើន អាចលេងនៅក្រុមជម្រើសជាតិ និងនាំមកនៅលទ្ធផលល្អ ប៉ុន្ដែ នេះ គឺជាការជ្រើសរើសរបស់គ្រូជម្រើសជាតិ។សារផ្ដាំផ្ញើររបស់ខ្ញុំ គឺបន្ដការប្រឹងប្រែង បន្ដការអភិវឌ្ឍខ្លួន ហើយដាក់គោលដៅបន្ទាប់ទៀត ប្រសិនអ្នក មិនត្រូវបានជ្រើសរើសជាក្រុមក្រុមជម្រើសជាតិ។ ឥឡូវ យើង ត្រៀមខ្លួនសម្រាប់ការប្រកួតលីគ និងការប្រកួត AFC Cup។»។
 
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសមាសភាពកីឡាករ ២៧រូប ជ្រើសរើសក្នុងក្រុមជម្រើសជាតិ ភ្នំពេញក្រោន មានកីឡាករ ៤រូប ត្រូវបានជាប់ជាមួយក្រុមជម្រើសជាតិ ដែលត្រូវប្រកួត FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ នៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ កីឡាករ ៤រូបនោះ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ។ ដោយឡែក ភ្នំពេញក្រោន ក៏កំពុងមមាញឹកក្នុងការប្រកួតនានា ក្នុងលីគកំពូលកម្ពុជា និង AFC Cup 2023-2024 ផងដែរ៕
 

Tag:
 Oleg Starynskyi
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com