កីឡាជាតិ
ជាតិ
AFC Cup៖ តំបន់ប្រយុទ្ធភ្នំពេញក្រោន ជាក្ដីបារម្ភរបស់លោក Win Aung គ្រូ Shan United
05, Oct 2023 , 9:29 am        
រូបភាព
សន្និសីទមុនប្រកួតភ្នំពេញក្រោន និង Shan United ក្នុងពានរង្វាន់ AFC Cup រូបពី Cambodian Premier League
សន្និសីទមុនប្រកួតភ្នំពេញក្រោន និង Shan United ក្នុងពានរង្វាន់ AFC Cup រូបពី Cambodian Premier League
ខ្សែប្រយុទ្ធ១រូប និងខ្សែបម្រើស្លាបឆ្វេង-ស្ដាំ ២រូប របស់ភ្នំពេញក្រោន ធ្វើឱ្យលោក U Han Win Aung គ្រូបង្វឹក Shan United បារម្ភ ក្នុងជំនួបរវាងក្រុមទាំងពីរ ក្នុងវគ្គសន្សំពិន្ទុពូល F ពានរង្វាន់  AFC Cup រដូវកាល២០២៣-២៤។ លោក​ Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មិនបង្ហាញក្តីបារម្ភអ្វីទេ ព្រោះមានទំនុបចិត្តលើកូនក្រុមខ្លួន និងជឿកូនក្រុម នឹងដណ្ដើមបាន ៣ពិន្ទុ ថែមទៀត។



ភ្នំពេញក្រោន និង Shan United ត្រូវជួបគ្នា ក្នុងការប្រកួតទី២ នៅក្នុងពូល F នៃការប្រកួត AFC Cup 2023-2024 នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។
 
បើទោះជាលោក U Han Win Aung បានបញ្ជាក់ថា ក្រុម Shan United បានត្រៀមខ្លួនយ៉ាងល្អ ប៉ុន្ដែ គ្រូបង្វឹករូបនេះ នៅតែមានការព្រួយបារម្ភពីតំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន ដែលអាចនឹងទម្លុះសំណាញ់ទីរបស់កូនក្រុមខ្លួនបាន។ លោក Win Aung បញ្ជាក់ថាខ្សែប្រយុទ្ធ ១រូប និងស្លាបទាំង២ របស់ភ្នំពេញក្រោយ គឺគ្រោះថ្នាក់ខ្លាំងណាស់។ បើទោះ គ្រូបង្វឹកសញ្ជាតិមីយ៉ាន់ម៉ារូបនេះ មិនបានបញ្ជាក់ឈ្មោះកីឡាករទាំងបីរបស់ភ្នំពេញក្រោន តែអ្នកទាំងបីនោះទំនងជាកីឡាករជប៉ុន SHIMIZU SHINTARO និងកីឡាករកម្ពុជា Andres Nieto និង យ៉ើ ម៉ូស្លីម។
 
«ការប្រកួត នឹងតានតឹង ព្រោះភ្នំពេញក្រោន មានកីឡាករបរទេសល្អច្រើន ហើយតែងឈ្នះគ្រប់ប្រកួតកន្លងមក។ តំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន គឺមានគ្រោះថ្នាក់ខ្លាំង ដោយព្រួយបារម្ភពីខ្សែបម្រើស្លាបទាំងសងខាង និងខ្សែប្រយុទ្ធកណ្ដាលមួយ តំបន់៣នេះ គឺយើងព្រួយបារម្ភខ្លាំង។»។ លោក Win Aung បាននិយាយដូច្នេះ នៅក្នុងសន្និសីទមុនការប្រកួតនាថ្ងៃទី៤ ខែតុលា នៅសណ្ឋាគារភ្នំពេញ។
 
ក្នុងសន្និសីទនោះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ដូចជាមិនបានការព្រួយបារម្ភអ្វីឡើយ ប៉ុន្ដែ នេះ មិនមែនមានន័យថា គ្រូបង្វឹករូបនេះ មើលស្រាលគូប្រកួតឡើយ។ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ មានជំនឿចិត្តយ៉ាងខ្លាំង ថាកូនក្រុម នឹងធ្វើបានល្អ ហើយម្យ៉ាងវិញទៀត នេះ គឺជាការប្រកួតក្នុងទឹកដីខ្លួន ដូច្នេះភ្នំពេញក្រោន ដូចជាមានជំនឿចិត្តជាង ក្នុងការយក ៣ពិន្ទុ។
 
«យើង ចង់បានលទ្ធផលវិជ្ជមាន សម្រាប់ប្រកួតនៅក្នុងដី លើកដំបូង ។ យើង បានមើលការប្រកួតក្នុងលីគរបស់ក្រុមគេ យើងដឹងទៀតថា ពួកគេ គឺជាក្រុម ដែលរៀបចំបានល្អណាស់ ហើយក៏មានកីឡាករជម្រើសជាតិល្អជាច្រើនផងដែរ។ កីឡាករ គេមានល្បឿនលឿន។ គោលដៅចម្បងរបស់យើង គឺឡើងទៅវគ្គបន្ត​ យើងត្រូវតែឈ្នះដើម្បីទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតក្នុងដី។» លោក Oleg Starynskyi បាននិយាយបែបនេះ។
 
ទន្ទឹមពេលភ្នំពេញក្រោន ទទួល Shan Unite ក្រុម Macarthur FC របស់អូស្ដ្រាលី ក៏ត្រូវស្វាគមន៍ Dynamic Herb Cebu នៅកីឡដ្ឋាន CAMPBELLTOWN ក្នុងទីក្រុង Sydney នៃប្រទេសអូស្ដ្រាលី។
 
គួរបញ្ជាក់ផងដែរ ការប្រកួតដំបូងក្នុងពូល F នៃពានរង្វាន់ AFC Cup កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ភ្នំពេញក្រោន បានឈ្នះ Dynamic Herb Cebu ៣-០ ខណៈ Shan United ចាញ់ Macarthur FC លទ្ធផល ៣-០៕
 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com