ជាតិ
សម្តេច ហ៊ុន ម៉ាណែត ឱ្យពិចារណា​លើយន្តការរើសនាយកសាលា
05, Oct 2023 , 9:49 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ពីតួនាទីដ៏សំខាន់​របស់នាយកសាលានៃសាលា​រដ្ឋតាមមូលដ្ឋាន។ ថ្លែងនាពិធីប្រារព្ធគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភ នៃកំណែទម្រង់​សាលារៀនឆ្ពោះទៅរកឧត្តមភាព»  នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចបានឱ្យរដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា និង​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិចារណាលើយន្តការតែងតាំងនាយកសាលា។

សម្តេច​លើកឡើង​ថា វិមជ្ឈការក្នុងការ​ជ្រើស​រើស​នាយកសាលាជារឿងសំខាន់ ប៉ុន្តែសម្តេច​ចង់ឱ្យមានយន្តការច្បាស់លាស់ ដោយមិនត្រឹមតែផ្តល់ការសម្រេចលើអភិបាលស្រុកនោះឡើយ។ «ពង្រឹង​ជាជាងពង្រីក ពង្រឹងអ្វីដែលមាន​ស្រាប់នៅមូលដ្ឋាន»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។

សម្តេចបានវាយតម្លៃថា បើមាន​នាយកសាលាល្អ សាលា​រដ្ឋនឹង​ក្លាយជា​សាលាដែលអាចទទួល​យក​បាន ដោយមិន​ចាំបាច់តម្រូវឱ្យឪពុកម្តាយ អាណាព្យាបាល ផ្លាស់ប្តូរលំនៅដ្ឋានទៅរក​សាលា​ល្អសម្រាប់កូន​ចៅរៀនសូត្រនោះឡើយ។ សម្តេចបានបញ្ជាក់ថា នេះគោលនយោបាយ​របស់រដ្ឋាភិបាល ដោយមិន​ចាំបាច់រង់ចាំដល់ការបង្កើត​សាលា​ជំនាន់ថ្មីក្នុងក្របខណ្ឌទូទាំង​ប្រទេសនោះឡើយ។

«គិត​ធំ ធ្វើតូច» (Think Macro, Act Micro), អភិវឌ្ឍរបៀបអ្នកក្រ» ទាំងនេះ ជាទ្រឹស្តីដែលសម្តេចហ៊ុន ម៉ាណែត បាន​លើកឡើងពី​ទាក់ទងនឹងការពង្រឹង​វិស័យ​អប់រំ និង​វិស័យនានា៕



© រក្សាសិទ្ធិដោយ thmeythmey.com